ឯពស់ជាសត្វមួយដែលមានកលល្បិចលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះទ្រង់មានព្រះបន្ទូលថា "អ្នកមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនច្បារ"មែនឬ?» ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនច្បារបាន តែព្រះទ្រង់មានព្រះបន្ទូលថា "មិនត្រូវបរិភោគផ្លែឈើមួយដែលនៅកណ្ដាលសួនច្បារនោះឡើយ ហើយក៏កុំប៉ះពាល់ដែរ ក្រែងលោស្លាប់"»។ ប៉ុន្ដែ ពស់និយាយទៅកាន់ស្ត្រីថា៖ «អ្នកនឹងមិនស្លាប់ជាពិតទេ ដ្បិតព្រះទ្រង់ជ្រាបថា ពេលណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាព្រះ ព្រមទាំងដឹងខុសត្រូវផង»។ ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។ ពួកគេបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលយាងនៅក្នុងសួនច្បារ នៅពេលថ្ងៃល្ហើយ នោះបុរស និងប្រពន្ធគាត់ ក៏ពួនពីព្រះយេហូវ៉ាដ៏ជាព្រះ នៅកណ្ដាលដើមឈើក្នុងសួនច្បារ។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅបុរសនោះ ដោយមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅឯណា?» គាត់ទូលឆ្លើយថា៖ «ទូលបង្គំបានឮសំឡេងព្រះអង្គនៅក្នុងសួនច្បារ ទូលបង្គំភ័យខ្លាច ព្រោះទូលបង្គំនៅខ្លួនទទេ ហើយទូលបង្គំក៏ពួន»។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកណាប្រាប់អ្នកឲ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបានបរិភោគផ្លែឈើដែលយើងបានហាមមិនឲ្យបរិភោគនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គបានប្រទានមកឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ»។ ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចបានជានាងធ្វើដូច្នេះ?»។ ស្ត្រីឆ្លើយថា៖ «ពស់បានបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានទៅ»។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា៖ «ដោយព្រោះឯងបានធ្វើដូច្នេះ ក្នុងចំណោមសត្វស្រុក និងសត្វព្រៃទាំងអស់ ឯងជាសត្វត្រូវបណ្ដាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់មួយជីវិត។ យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
អាន លោកុប្បត្តិ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 3:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ