បន្ទាប់មក គេរៀបចំអាហារជូនគាត់ពិសា តែគាត់ប្រកែកថា៖ «ខ្ញុំមិនទទួលទានទេ ដរាបទាល់តែខ្ញុំបានជម្រាបពីសេចក្ដីដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។ ដូច្នេះ គាត់ក៏ពោលឡើងថា៖ «ខ្ញុំជាអ្នកបម្រើរបស់លោកអ័ប្រាហាំ។ ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺព្រះអង្គបានប្រទានឲ្យលោកមានហ្វូងចៀម ហ្វូងគោ ប្រាក់ មាស បាវបម្រើប្រុសស្រី អូដ្ឋ និងលាជាច្រើន។ ឯលោកស្រីសារ៉ា ប្រពន្ធរបស់ចៅហ្វាយខ្ញុំ បានបង្កើតកូនប្រុសមួយឲ្យចៅហ្វាយខ្ញុំ ក្នុងកាលដែលលោកមានវ័យចាស់ ហើយលោកបានចែកអ្វីៗទាំងអស់ដែលលោកមានដល់កូននោះ។ ចៅហ្វាយខ្ញុំក៏បានឲ្យខ្ញុំស្បថ ដោយមានប្រសាសន៍ថា "អ្នកមិនត្រូវដណ្ដឹងកូនស្រីសាសន៍កាណាន ក្នុងស្រុកដែលខ្ញុំរស់នៅនេះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំឡើយ តែត្រូវទៅឯក្រុមគ្រួសារឪពុករបស់ខ្ញុំ យកប្រពន្ធឲ្យអ៊ីសាកកូនប្រុសខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ"។ ខ្ញុំបានជម្រាបចៅហ្វាយខ្ញុំថា "ប្រហែលជាស្ត្រីនោះមិនព្រមមកតាមខ្ញុំទេមើលទៅ"។ ប៉ុន្តែ លោកមានប្រសាសន៍មកខ្ញុំថា "ព្រះយេហូវ៉ាដែលខ្ញុំដើរនៅចំពោះព្រះអង្គ ព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅជាមួយអ្នក ដើម្បីធ្វើឲ្យដំណើររបស់អ្នកបានសម្រេច ហើយអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសខ្ញុំ ពីញាតិសន្តាន និងពីក្រុមគ្រួសារឪពុករបស់ខ្ញុំ។ អ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថ គឺបើអ្នកបានទៅជួបញាតិសន្តានខ្ញុំ ហើយបើគេមិនព្រមឲ្យនាងមកទេ នោះអ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថនេះ"។ នៅថ្ងៃនេះ ខ្ញុំបានមកដល់អណ្តូងទឹក ហើយខ្ញុំទូលថា "ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំអើយ ប្រសិនបើឥឡូវនេះ ព្រះអង្គធ្វើឲ្យដំណើរទូលបង្គំបានសម្រេចដូចប្រាថ្នាមែន មើល៍! ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ សូមឲ្យមាននាងក្រមុំណាម្នាក់ចេញមកដងទឹក ហើយនាងក្រមុំណាដែលទូលបង្គំនិយាយថា "សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច" ហើយនាងនឹងតបមកទូលបង្គំវិញថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ" នោះសូមឲ្យត្រូវចំលើរូបស្ត្រីនោះ ដែលព្រះយេហូវ៉ាបានតម្រូវឲ្យកូនប្រុសចៅហ្វាយទូលបង្គំ"។ ខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងចុះទៅក្នុងអណ្តូង ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា "សូមមេត្តាឲ្យទឹកខ្ញុំទទួលទានផង"។ នាងក៏ប្រញាប់ប្រញាល់ដាក់ក្អមចុះ ហើយពោលថា "អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋលោកម្ចាស់ផឹកដែរ"។ ដូច្នេះ ខ្ញុំក៏បានផឹក រួចនាងឲ្យអូដ្ឋផឹកដែរ។ ខ្ញុំសួរថា "តើនាងជាកូនចៅអ្នកណា?" នាងឆ្លើយថា "ខ្ញុំជាកូនលោកបេធូអែល ជាចៅលោកតាណាឃរ និងលោកយាយមីលកា"។ នោះខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះ និងកងនៅដៃរបស់នាង។ បន្ទាប់មក ខ្ញុំក៏ឱនក្បាល ហើយថ្វាយបង្គំព្រះយេហូវ៉ា ហើយថ្វាយព្រះពរព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយខ្ញុំ ដែលព្រះអង្គបាននាំខ្ញុំតាមផ្លូវរហូតមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនកូនប្រុសរបស់លោក។ ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្ដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំ នោះសូមមានប្រសាសន៍មកចុះ ពុំនោះទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដើម្បីឲ្យខ្ញុំបានងាកទៅខាងស្ដាំ ឬខាងឆ្វេងទៀត»។ ពេលនោះ ឡាបាន់ និងបេធូអែលក៏តបទៅវិញថា៖ «ហេតុការណ៍នេះមកពីព្រះយេហូវ៉ាហើយ យើងមិនអាចនិយាយទៅកាន់អ្នកថាអាក្រក់ ឬល្អបានឡើយ។ មើល៍ នាងរេបិកានៅមុខអ្នកស្រាប់ ចូរយកនាងទៅ ឲ្យនាងបានធ្វើជាប្រពន្ធរបស់កូនចៅហ្វាយអ្នកចុះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូល»។ កាលអ្នកបម្រើរបស់លោកអ័ប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ឱនក្រាបដល់ដី ថ្វាយបង្គំព្រះយេហូវ៉ា រួចអ្នកបម្រើនោះយកគ្រឿងអលង្ការ ជាប្រាក់ ជាមាស និងសម្លៀកបំពាក់ចេញមក ជូននាងរេបិកា ហើយគាត់ក៏ជូនរបស់ទ្រព្យដ៏មានតម្លៃទៅបង និងម្តាយរបស់នាងដែរ។ បន្ទាប់មក ទើបគាត់ និងពួកអ្នកដែលរួមដំណើរមកជាមួយនាំគ្នាពិសាបាយទឹក ហើយសម្រាកនៅទីនោះមួយយប់។ លុះព្រឹកឡើង ពេលក្រោកពីដំណេក គាត់ពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញហើយ»។ បងប្រុស និងម្តាយរបស់នាងរេបិកាពោលថា៖ «សូមឲ្យនាងនៅជាមួយយើងបន្ដិចសិន យ៉ាងហោចណាស់ត្រឹមដប់ថ្ងៃ រួចសឹមឲ្យនាងទៅ»។ គាត់ឆ្លើយថា៖ «កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចហើយ ដូច្នេះ ខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំបានត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញចុះ»។ គេឆ្លើយថា៖ «យើងនឹងហៅនាងមក ហើយសួរនាងទៅ»។ គេក៏ហៅនាងរេបិកាមក ហើយសួរថា៖ «តើកូនព្រមទៅជាមួយអ្នកនេះឬទេ?» នាងឆ្លើយថា៖ «ខ្ញុំព្រមទៅ»។ ដូច្នេះ គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន ព្រមទាំងមេដោះរបស់នាង អ្នកបម្រើរបស់លោកអ័ប្រាហាំ និងពួកគាត់ទាំងប៉ុន្មានចេញទៅ។ គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។ នាងរេបិកា និងពួកស្រីបម្រើរបស់នាងក៏ក្រោកឡើងជិះអូដ្ឋ ទៅតាមបុរសនោះ ហើយគាត់ក៏នាំនាងរេបិកាធ្វើដំណើរចេញទៅ។ នៅគ្រានោះ អ៊ីសាកបានចេញពីអណ្តូងឡាហាយ-រយ ហើយមកតាំងទីលំនៅក្នុងតំបន់ណេកិប។ ល្ងាចមួយ លោកអ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល គាត់ក្រឡេកភ្នែកមើលទៅ ឃើញមានសត្វអូដ្ឋដើរចូលមក។ នាងរេបិកាក៏ងើបមុខមើលមកដែរ កាលនាងឃើញលោកអ៊ីសាក នោះក៏លោតចុះពីលើខ្នងអូដ្ឋ ហើយសួរទៅអ្នកបម្រើនោះថា៖ «អ្នកដែលដើរកាត់ទីវាលតម្រង់មករកយើងនោះជាអ្នកណា?» អ្នកបម្រើនោះឆ្លើយថា៖ «គឺចៅហ្វាយរបស់ខ្ញុំ»។ ដូច្នេះ នាងក៏យកស្បៃមកគ្របមុខ។ អ្នកបម្រើនោះក៏រៀបរាប់ប្រាប់លោកអ៊ីសាក គ្រប់ទាំងកិច្ចការដែលគាត់បានធ្វើ។ បន្ទាប់មក លោកអ៊ីសាកក៏នាំនាងរេបិកាចូលទៅក្នុងជំរំរបស់លោកស្រីសារ៉ាជាម្តាយ ហើយយកនាងធ្វើជាប្រពន្ធ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកក៏បានក្សាន្តចិត្តពីការស្លាប់របស់ម្តាយ។
អាន លោកុប្បត្តិ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 24:33-67
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ