លោកុ‌ប្បត្តិ 1:20-31

លោកុ‌ប្បត្តិ 1:20-31 គកស១៦

បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​កើត​មាន​មច្ឆា‌ជាតិ​រស់​រវើក និង​បក្សា‌បក្សី​ហើរ​ពី​លើ​ផែន​ដី នៅ​ក្នុង​លំហ​អាកាស»។ ព្រះ​បាន​បង្កើត​សត្វ​ធំ​សម្បើមៗ និង​ជីវិត​ទាំង​ឡាយ​ដែល​កម្រើក កើត​មាន​រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ និង​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ។ ព្រះ​ទត​ឃើញ​ថា​ល្អ។ ព្រះ​បាន​ប្រទាន​ពរ​ដល់​សត្វ​ទាំង‌ឡាយ​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ច​ម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​បាន​ច្រើន​ឡើង​នៅ​លើ​ផែន‌ដី​ដែរ»។ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំ។ បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យផែន​ដី​កើត​ចេញ​ជា​ពពួក​សត្វ​ចតុប្បាទ​តាម​ពូជ គឺ​សត្វ​ស្រុក សត្វ​លូន​វារ និង​សត្វ​ព្រៃ​នៅ​ផែន‌ដី​តាម​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ​បាន​បង្កើត​សត្វ​ព្រៃ​នៅ​ផែន‌ដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ និង​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​លើ​ដី​តាម​ពូជ​របស់​វា​ដែរ ហើយ​ព្រះ​ទត​ឃើញ​ថា​ល្អ។ ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យើង​បង្កើត​មនុស្ស ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ចូរ​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​សត្វ​ហើរ​លើ​អាកាស លើ​សត្វ​ជើង​បួន និង​លើ​ផែន‌ដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន‌ដីផង»។ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំនឹង​រូប​អង្គ​ទ្រង់នោះឯង ព្រះ‌អង្គ​បាន​បង្កើត​គេ ជា​ប្រុស​ជា​ស្រី។ ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​លើ​ផែន‌ដី និង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​មាន​ផ្លែ ហើយ​មាន​គ្រាប់​បន្ត​ពូជ ទុក​ជា​អាហារ​ដល់​អ្នក។ យើង​ក៏​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ខ្ចីៗ ទុក​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​ផែនដី សត្វ​ហើរ​លើ​អាកាស និង​សត្វ​លូន​វារ​នៅ​ដី ដែល​មាន​ជីវិត​ទាំង​ប៉ុន្មាន​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ‌ទ្រង់​ទត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឃើញ​ថា​ល្អ​ប្រពៃ​ណាស់ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំមួយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ