ផែនដីគ្មានរូបរាង នៅទទេ មានតែភាពងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះក៏រេរាពីលើផ្ទៃទឹក។ ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏មានឡើង ។ ព្រះទ្រង់ទតឃើញថា ពន្លឺនោះល្អហើយ ព្រះក៏ញែកពន្លឺចេញពីភាពងងឹត។ ព្រះហៅពន្លឺថា "ថ្ងៃ" ហើយហៅភាពងងឹតថា "យប់" នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ។ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ ព្រះបានធ្វើឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ នោះក៏កើតមានដូច្នោះមែន។ ព្រះហៅលំហនោះថា "មេឃ" នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទីពីរ។ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង» នោះក៏កើតមានដូច្នោះមែន។ ព្រះហៅទីគោកនោះថា "ដី" ហើយទឹកដែលប្រមូលគ្នានោះថា "សមុទ្រ" ព្រះក៏ទតឃើញថាល្អ។ ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី» នោះក៏កើតមានដូច្នោះមែន។ ដីក៏ដុះចេញជាតិណជាតិ ធញ្ញជាតិដែលមានគ្រាប់តាមពូជ រុក្ខជាតិមានផ្លែតាមពូជ និងមានគ្រាប់នៅក្នុងផ្លែនោះ ហើយព្រះទតឃើញថាល្អ។ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទីបី។ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានតួពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ សម្រាប់ទុកជាទីសម្គាល់នៃរដូវ ថ្ងៃ និងឆ្នាំ ហើយសម្រាប់ជាតួពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី» នោះក៏កើតមានដូច្នោះមែន។ ព្រះបានបង្កើតតួពន្លឺធំៗពីរ មួយដែលធំជាង សម្រាប់បំភ្លឺនៅពេលថ្ងៃ និងមួយដែលតូចជាង សម្រាប់បំភ្លឺនៅពេលយប់ ហើយព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះដាក់តួពន្លឺទាំងនោះនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី គឺឲ្យគ្រប់គ្រងនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីភាពងងឹត រួចព្រះទតឃើញថាល្អ។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីបួន។ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកកើតមានមច្ឆាជាតិរស់រវើក និងបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។ ព្រះបានបង្កើតសត្វធំសម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក កើតមានរវើករវ័ណ្ឌនៅក្នុងទឹកតាមពូជ និងអស់ទាំងសត្វស្លាបតាមពូជដែរ។ ព្រះទតឃើញថាល្អ។ ព្រះបានប្រទានពរដល់សត្វទាំងឡាយនោះ ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបបានច្រើនឡើងនៅលើផែនដីដែរ»។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំ។ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យផែនដីកើតចេញជាពពួកសត្វចតុប្បាទតាមពូជ គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ» នោះក៏កើតមានដូច្នោះមែន។ ព្រះបានបង្កើតសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះទតឃើញថាល្អ។
អាន លោកុប្បត្តិ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 1:2-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ