ហេតុនេះ អស់អ្នកដែលមានជំនឿ នឹងមានពរជាមួយលោកអ័ប្រាហាំ ដែលជាអ្នកមានជំនឿដែរ។ រីឯអស់អ្នកដែលអាងលើការប្រព្រឹត្តតាមក្រឹត្យវិន័យ គេត្រូវបណ្ដាសាហើយ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអស់អ្នកដែលមិនកាន់ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ» ។ ឥឡូវនេះ ច្បាស់ហើយថា គ្មានអ្នកណាម្នាក់បានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ដ្បិត «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។ ប៉ុន្តែ ក្រឹត្យវិន័យមិនអាងលើជំនឿទេ ផ្ទុយទៅវិញ «អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនោះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះ» ។ ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ ហើយឲ្យយើងអាចទទួលព្រះវិញ្ញាណជាសេចក្តីសន្យាដោយសារជំនឿ។ បងប្អូនអើយ ខ្ញុំសូមលើកឧទាហរណ៍មួយអំពីជីវិតរស់នៅប្រចាំថ្ងៃថា កាលបើកិច្ចព្រមព្រៀងរបស់មនុស្សត្រូវបានគេទទួលស្គាល់ហើយ គ្មានអ្នកណាអាចលុបបំបាត់ ឬបន្ថែមអ្វីបានឡើយ។ ឥឡូវនេះ សេចក្ដីសន្យាដែលព្រះបានតាំងដល់លោកអ័ប្រាហាំ និងដល់ពូជរបស់លោក មិនមានចែងថា «ដល់ពូជទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជជាច្រើននោះឡើយ គឺសំដៅទៅលើម្នាក់វិញ ដោយថា «និងដល់ពូជរបស់អ្នក» ពោលគឺព្រះគ្រីស្ទ។ ខ្ញុំចង់និយាយដូច្នេះថា ក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយ មិនមែនលុបចោលសេចក្តីសញ្ញា ដែលព្រះបានទទួលស្គាល់ពីមុននោះឡើយ ពុំនោះទេសេចក្តីសន្យានឹងទៅជាអសាឥតការ។
អាន កាឡាទី 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 3:9-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ