រីឯអស់អ្នកដែលអាងលើការប្រព្រឹត្តតាមក្រឹត្យវិន័យ គេត្រូវបណ្ដាសាហើយ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអស់អ្នកដែលមិនកាន់ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ» ។ ឥឡូវនេះ ច្បាស់ហើយថា គ្មានអ្នកណាម្នាក់បានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ដ្បិត «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។ ប៉ុន្តែ ក្រឹត្យវិន័យមិនអាងលើជំនឿទេ ផ្ទុយទៅវិញ «អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនោះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះ» ។ ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ ហើយឲ្យយើងអាចទទួលព្រះវិញ្ញាណជាសេចក្តីសន្យាដោយសារជំនឿ។ បងប្អូនអើយ ខ្ញុំសូមលើកឧទាហរណ៍មួយអំពីជីវិតរស់នៅប្រចាំថ្ងៃថា កាលបើកិច្ចព្រមព្រៀងរបស់មនុស្សត្រូវបានគេទទួលស្គាល់ហើយ គ្មានអ្នកណាអាចលុបបំបាត់ ឬបន្ថែមអ្វីបានឡើយ។ ឥឡូវនេះ សេចក្ដីសន្យាដែលព្រះបានតាំងដល់លោកអ័ប្រាហាំ និងដល់ពូជរបស់លោក មិនមានចែងថា «ដល់ពូជទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជជាច្រើននោះឡើយ គឺសំដៅទៅលើម្នាក់វិញ ដោយថា «និងដល់ពូជរបស់អ្នក» ពោលគឺព្រះគ្រីស្ទ។ ខ្ញុំចង់និយាយដូច្នេះថា ក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយ មិនមែនលុបចោលសេចក្តីសញ្ញា ដែលព្រះបានទទួលស្គាល់ពីមុននោះឡើយ ពុំនោះទេសេចក្តីសន្យានឹងទៅជាអសាឥតការ។ ដ្បិតប្រសិនបើមត៌កនោះបានមកដោយអាងលើក្រឹត្យវិន័យ នោះមិនអាងលើសេចក្ដីសន្យាទេ តែព្រះបានប្រទានមត៌កនោះដល់លោកអ័ប្រាហាំ តាមសេចក្ដីសន្យាវិញ។ ដូច្នេះ ហេតុអ្វីបានជាមានក្រឹត្យវិន័យ? ក្រឹត្យវិន័យបន្ថែមដោយព្រោះអំពើរំលងច្បាប់ រហូតដល់ពូជដែលព្រះបានសន្យានោះយាងមកដល់ ហើយពួកទេវតាបាននាំយកក្រឹត្យវិន័យនេះមក តាមរយៈអ្នកកណ្ដាលម្នាក់។ អ្នកកណ្ដាលមិនមែនសម្រាប់តែភាគីម្ខាងនោះឡើយ រីឯព្រះវិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ ដូច្នេះ តើក្រឹត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យារបស់ព្រះឬ? មិនមែនទេ! ដ្បិតប្រសិនបើមានក្រឹត្យវិន័យណាដែលមនុស្សទទួល ហើយអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ។ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្រោមអំពើបាប ដើម្បីឲ្យសេចក្ដីសន្យាដោយសារជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ បានប្រទានដល់អស់អ្នកដែលជឿ។ មុនពេលជំនឿចូលមក យើងបានជាប់ឃុំនៅក្រោមក្រឹត្យវិន័យ ទាំងបង្ខាំងទុករហូតទាល់តែជំនឿត្រូវលេចចេញមក។ ដូច្នេះ ក្រឹត្យវិន័យជាអ្នកមើលថែយើង រហូតដល់ព្រះគ្រីស្ទយាងមក ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារជំនឿ។ ឥឡូវនេះ ជំនឿបានមកដល់ហើយ យើងមិននៅក្រោមអំណាចរបស់អ្នកមើលថែនោះទៀតទេ ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ អ្នករាល់គ្នាសុទ្ធតែជាកូនរបស់ព្រះ។ ដ្បិតអស់ដែលបានទទួលពិធីជ្រមុជរួមជាមួយព្រះគ្រីស្ទ នោះបានប្រដាប់ខ្លួនដោយព្រះគ្រីស្ទហើយ។ គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។ ប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជរបស់លោកអ័ប្រាហាំ ជាអ្នកគ្រងមត៌កតាមសេចក្ដីសន្យា។
អាន កាឡាទី 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 3:10-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ