ប៉ុន្តែ ពេលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងលោកនៅចំពោះមុខ ព្រោះលោកគួរឲ្យបន្ទោសបាន។ ដ្បិតមុនពេលលោកយ៉ាកុបចាត់អ្នកខ្លះឲ្យមក លោកបានបរិភោគជាមួយពួកសាសន៍ដទៃ តែពេលពួកគេមកដល់ហើយ លោកក៏ដកខ្លួនថយចេញដោយឡែក ដោយខ្លាចពួកកាត់ស្បែក។ សាសន៍យូដាឯទៀតក៏ប្រព្រឹត្តដោយលាក់ពុតជាមួយលោកដែរ ហើយសូម្បីតែលោកបាណាបាស ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។ ប៉ុន្តែ ពេលខ្ញុំឃើញថា កិរិយារបស់គេមិនស្របតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅមុខមនុស្សទាំងអស់ថា៖ «បើលោកដែលជាសាសន៍យូដា មិនប្រព្រឹត្តដូចសាសន៍យូដា តែប្រព្រឹត្តដូចសាសន៍ដទៃវិញ ហេតុអ្វីបានជាលោកបង្ខំឲ្យសាសន៍ដទៃប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ?» ឯយើងវិញ យើងជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកមានបាបក្នុងសាសន៍ដទៃនោះទេ តែយើងដឹងថា ព្រះមិនបានរាប់មនុស្សជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺដោយសារជំនឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនេះហើយបានយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យព្រះបានរាប់យើងជាសុចរិតដោយសារជំនឿក្នុងព្រះគ្រីស្ទ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគ្មានអ្នកណាបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ ប៉ុន្ដែ ប្រសិនបើយើងសង្វាតឲ្យបានសុចរិតក្នុងព្រះគ្រីស្ទ ហើយឃើញខ្លួនយើងថាជាមនុស្សមានបាបដែរនោះ តើព្រះគ្រីស្ទជាអ្នកបម្រើអំពើបាបឬ? ទេ មិនមែនទេ! ប៉ុន្ដែ បើខ្ញុំសង់អ្វីដែលខ្ញុំបានរំលំពីមុនឡើងវិញ នោះឈ្មោះថា ខ្ញុំជាអ្នករំលងច្បាប់ហើយ។ ដ្បិតដោយសារក្រឹត្យវិន័យ ខ្ញុំបានស្លាប់ខាងឯក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំអាចរស់ខាងឯព្រះវិញ។ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។ ខ្ញុំមិនលើកព្រះគុណរបស់ព្រះចោលឡើយ តែប្រសិនបើសេចក្ដីសុចរិតមកដោយសារក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍។
អាន កាឡាទី 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 2:11-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ