កាឡាទី 2:11-21

កាឡាទី 2:11-21 គកស១៦

ប៉ុន្តែ ពេល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ខ្ញុំ​បានជំ​ទាស់​នឹង​លោក​នៅ​ចំពោះ​មុខ ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន។ ដ្បិត​មុន​ពេល​លោក​យ៉ាកុប​ចាត់​អ្នក​ខ្លះ​ឲ្យ​មក លោក​បាន​បរិ‌ភោគ​ជា​មួយ​ពួក​សាសន៍​ដទៃ តែ​ពេល​ពួក​គេ​មក​ដល់​ហើយ លោក​ក៏​ដក​ខ្លួន​ថយ​ចេញ​ដោយ​ឡែក ដោយ​ខ្លាច​ពួក​កាត់​ស្បែក។ សាសន៍​យូដា​ឯ​ទៀត​ក៏​ប្រព្រឹត្ត​ដោយ​លាក់​ពុត​ជា​មួយ​លោក​ដែរ ហើយ​សូម្បី​តែ​លោក​បាណា‌បាស ក៏​ត្រូ​វ​គេ​អូស​ទាញឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។ ប៉ុន្តែ ពេល​ខ្ញុំ​ឃើញ​ថា កិរិយា​របស់​គេ​មិន​ស្រប​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ខ្ញុំ​ក៏​សួរ​លោក​កេផាស​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «បើ​លោក​ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​ដូច​សាសន៍​យូដា តែ​ប្រព្រឹត្ត​ដូច​សាសន៍​ដទៃ​វិញ ហេតុ​អ្វី​បាន​ជា​លោក​បង្ខំ​ឲ្យ​សាសន៍​ដទៃ​ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ?» ឯ​យើង​វិញ យើង​ជា​សាសន៍​យូដា​ពី​កំណើត ហើយ​មិន​មែន​ជា​អ្នក​មាន​បាប​ក្នុង​សាសន៍​ដទៃ​នោះ​ទេ តែ​យើង​ដឹង​ថា ព្រះ​មិន​បាន​រាប់មនុស្ស​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ គឺ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​វិញ ហេតុ​នេះ​ហើយ​បាន​យើង​ជឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត​ដោយ‌សារ​ជំនឿ​ក្នុង​ព្រះ‌គ្រីស្ទ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យទេ ព្រោះ​គ្មាន​អ្នក​ណា​បាន​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ។ ប៉ុន្ដែ ប្រសិន‌បើ​យើង​សង្វាត​ឲ្យ​បាន​សុចរិត​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ឃើញ​ខ្លួន​យើង​ថា​ជា​មនុស្ស​មាន​បាបដែរ​នោះ តើ​ព្រះ‌គ្រីស្ទ​ជា​អ្នក​បម្រើ​អំពើ​បាប​ឬ? ទេ មិន​មែន​ទេ! ប៉ុន្ដែ បើ​ខ្ញុំ​សង់​អ្វី​ដែល​ខ្ញុំ​បាន​រំលំ​ពី​មុន​ឡើង​វិញ នោះ​ឈ្មោះ​ថា ខ្ញុំ​ជា​អ្នក​រំលង​ច្បាប់​ហើយ។ ដ្បិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​ខ្ញុំ​អាច​រស់​ខាង​ឯ​ព្រះ​វិញ។ ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌គ្រីស្ទ ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រីស្ទ​វិញទេ​តើ​ដែល​រស់​នៅ​ក្នុង​ខ្ញុំ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ គឺខ្ញុំ​រស់​ដោយ​ជំនឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​លើក​ព្រះ‌គុណ​របស់​ព្រះ​ចោល​ឡើយ តែ​ប្រសិន‌បើ​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រឹត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍។

អាន កាឡាទី 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កាឡាទី 2:11-21