អែសរ៉ា 8

8
ពួក​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​ដែល​បាន​វិល​ត្រឡប់​មក​ជា​មួយ​លោក​អែសរ៉ា
1«អ្នក​ទាំង​នេះ ជា​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក ហើយ​នេះ​ជា​បញ្ជី​រាយ​នាម​នៃ​អស់​អ្នក​ដែល​បាន​ឡើង​ពី​ក្រុង​បាប៊ី‌ឡូន​មក​ជា​មួយ​ខ្ញុំ នៅ​ក្នុង​រជ្ជ‌កាល​របស់ព្រះ​បាទ​អើថា‌ស៊ើក‌សេស 2ក្នុង​ពួក​កូន​ចៅ​ភីនេ‌ហាស មាន​គើសុន។ ក្នុង​ពួក​កូន​ចៅ​អ៊ីថា‌ម៉ារ មាន​ដានី‌យ៉ែល។ ក្នុង​ពួក​កូន​ចៅ​ដាវីឌ មាន​ហាធូស។ 3ក្នុង​ពួក​កូន​ចៅ​សេកានា ខាង​កូន​ចៅ​ប៉ារ៉ូស មាន​សាការី ហើយ​រាប់​តាម​បញ្ជី‌ជាតិ មាន​ប្រុស ១៥០ នាក់ ដែល​ទៅ​ជា​មួយ។ 4ក្នុង​ពួក​កូន​ចៅ​ផាហាត-ម៉ូអាប់ មាន​អេលី‌យ៉ូណាយ ជា​កូន​សេរ៉ា‌ហ៊ា ហើយ​មាន​ប្រុស ២០០ នាក់ មក​ជា​មួយ។ 5ក្នុង​ពួក​កូន​ចៅ​សាទូ មានសេកានា​កូន​របស់​យ៉ាហា‌សៀល ហើយ​មាន​ប្រុស ៣០០ នាក់ មក​ជា​មួយ។ 6ក្នុង​ពួក​កូន​ចៅ​អេឌីន មាន​អេបេឌ ជា​កូន​យ៉ូណា‌ថាន ហើយ​មាន​ប្រុស ៥០ នាក់ មក​ជា​មួយ។ 7ក្នុង​ពួក​កូន​ចៅ​អេឡាំ មាន​យេ‌សា‌យ៉ា ជា​កូន​អ័ថា‌លា ហើយ​មាន​ប្រុស ៧០ នាក់ មក​ជា​មួយ។ 8ក្នុង​ពួក​កូន​ចៅ​សេផា‌ធា មាន​សេបា‌ឌា ជា​កូន​មីកែល ហើយ​មាន​ប្រុស ៨០ នាក់ មក​ជា​មួយ។ 9ក្នុង​ពួក​កូន​ចៅ​យ៉ូអាប់ មាន​អូ‌បាឌា ជា​កូន​យេហ៊ី‌អែល ហើយ​មាន​ប្រុស ២១៨ នាក់ មក​ជា​មួយ។ 10ក្នុង​ពួក​កូន​ចៅ​បានី មាន​សឡូ‌មិត​កូន​របស់​យ៉ូ‌សិភា ហើយ​មាន​ប្រុសៗ១៦០នាក់ មក​ជា​មួយ។ 11ក្នុង​ពួក​កូន​ចៅ​បេបាយ មាន​សាការី ជា​កូន​បេបាយ ហើយ​មាន​ប្រុស ២៨ នាក់ មក​ជា​មួយ។ 12ក្នុង​ពួក​កូន​ចៅ​អាស‌កាឌ មាន​យ៉ូ‌ហា‌ណាន ជា​កូន​ហា‌កាថាន ហើយ​មាន​ប្រុស ១១០ នាក់ មក​ជា​មួយ។ 13ក្នុង​ពួក​កូន​ចៅ​អ័ដូ‌នីកាម ដែល​នៅ​ក្រោយ​គេ នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​អេលី‌ផាលេត យីអែល និង​សេម៉ាយ៉ា ហើយ​មាន​ប្រុស ៦០ នាក់ មក​ជា​មួយ។ 14ក្នុង​ពួក​កូន​ចៅ​ប៊ីក‌វ៉ាយ មាន​អ៊ូថាយ និង​សាប៊ូឌ ហើយ​មាន​ប្រុស ៧០ នាក់ មក​ជា​មួយ»។
អ្នក​បម្រើ​ការងារ​ព្រះ​វិហារ
15«ខ្ញុំ​បាន​ប្រមូល​អ្នក​ទាំង​នោះ​មក​ត្រង់​មាត់​ទន្លេ ដែល​ហូរ​ទៅ​ឯ​ក្រុង​អា‌ហាវ៉ា ហើយ​យើង​បោះ​ជំរំ​នៅ​ទី​នោះ​បី​ថ្ងៃ។ ពេល​ខ្ញុំ​ត្រួត​ពិនិត្យ​មើល​ប្រជា‌ជន និង​ពួក​សង្ឃ ខ្ញុំ​មិន​ឃើញ​មាន​ពួក​កូន​ចៅ​លេវី​ម្នាក់​សោះនៅ​ទី​នោះ។ 16ដូច្នេះ ខ្ញុំ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អេលា‌ស៊ើរ អើរាល សេម៉ា‌យ៉ា អែល‌ណា‌ថាន យ៉ារីប អែល‌ណា‌ថាន ណា‌ថាន់ សាការី និង​មស៊ូ‌ឡាម ជា​មេ​ដឹក​នាំ ព្រម​ទាំង​យ៉ូ‌យ៉ារីប និង​អែល‌ណា‌ថាន ជា​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា 17រួច​ខ្ញុំ​ចាត់​អ្នក​ទាំង​នោះឲ្យ​ទៅ​ជួប​អ៊ី‌ដោ ជា​មេដឹក​នាំ នៅ​កន្លែង​ដែល​ហៅ​ថា កាសិភា ដោយ​ប្រាប់​ពាក្យ​ដែល​គេ​ត្រូវ​និយាយ​ទៅ​កាន់​អ៊ីដោ និង​បង​ប្អូន​របស់​លោក ព្រម​ទាំង​ពួក​អ្នក​បម្រើ​ព្រះ​វិហារ នៅ​កាសិភា​នោះ ដើម្បី​ឲ្យ​គេនាំ​ពួក​អ្នក​បម្រើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង មក​ជា​មួយ 18ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​យើង បាន​សណ្ឋិត​លើ​យើង គេ​ក៏​បាន​នាំ​មនុស្ស​ម្នាក់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​មក​ជួប​យើង ពី​ពូជ​ពង្ស​ម៉ាស់លី ជា​កូន​លេវី ដែល​ជា​កូន​អ៊ីស្រា‌អែល គឺ​សេរេ‌ប៊ីយ៉ា ព្រម​ទាំង​កូន​ប្រុសៗ និង​បង​ប្អូន​របស់​គាត់ ទាំង​អស់​មាន ១៨ នាក់ 19ហើយ​ក៏​មាន​ហា‌សាប‌យ៉ា និង​យេ‌សាយ៉ា ពី​ពួក​កូន​ចៅ​ម្រ៉ារី និង​សាច់​ញាតិ​របស់​គាត់ ហើយ​កូន​ចៅរបស់​ពួក​គេ ទាំង​អស់​មាន ២០ នាក់ មក​ជា​មួយ 20ក្រៅ​ពី​នោះ មាន​ពួក​អ្នក​បម្រើ​ព្រះ​វិហារ​ចំនួន ២០០ នាក់ ដែល​ដាវីឌ និង​ពួក​មន្ត្រី​របស់​ទ្រង់​បាន​តែង​តាំងឲ្យ​ជួយ​ការ‌ងារ​ពួក​លេវី។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​បាន​តម្រូវ​តាម​ឈ្មោះ»។
ការ​អធិស្ឋានតម​សូម​ការការពារ
21«បន្ទាប់​មក ខ្ញុំ​បាន​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ​នៅ​ទី​នោះ គឺ​នៅ​មាត់​ទន្លេ​អា‌ហាវ៉ា ដើម្បី​ឲ្យ​យើង​បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះ​នៃ​យើង សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​យើង​ធ្វើ​ដំណើរ​ដោយ​សុខ​សាន្ត រួម​ទាំង​កូន​ចៅ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​យើង​ផង។ 22ដ្បិត​ខ្ញុំ​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ទាហាន និង​ពល​សេះពី​ស្តេច ដើម្បី​ការ​ពារ​ពួក​យើង​ពី​ខ្មាំង​សត្រូវ​តាម​ផ្លូវ​ឡើយ ព្រោះ​យើង​បាន​ទូល​ស្តេច​ថា "ព្រះ‌ហស្ត​របស់​ព្រះ​នៃ​យើង សណ្ឋិត​នៅ​លើ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ដើម្បី​ប្រោស​ឲ្យ​បាន​សេចក្ដី​ល្អ តែ​ព្រះ‌ចេស្តា និង​សេចក្ដី‌ក្រោធ​របស់​ព្រះ‌អង្គ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌អង្គ"។ 23ដូច្នេះ យើង​បាន​តម​អាហារ ហើយ​សូម​អង្វរ​ដល់​ព្រះ​នៃ​យើង​ពី​ដំណើរ​នេះ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល​អង្វរ​របស់​យើង»។
តង្វាយ​សម្រាប់​ព្រះវិហារ
24«បន្ទាប់​មក ខ្ញុំ​ក៏​ញែក​មេ​ដឹកនាំ​ពួក​សង្ឃ​ដប់​ពីរ​រូប​ដោយ​ឡែក គឺ​សេរេ‌ប៊ីយ៉ា និង​ហា‌សាប‌យ៉ា ព្រម​ទាំង​សាច់​ញាតិ​របស់​ពួក​លោក ១០ រូប​ទៀត។ 25ខ្ញុំ​បាន​ថ្លឹង​ប្រាក់ និង​មាស ព្រម​ទាំង​គ្រឿង​ប្រដាប់​ផ្សេងៗ ជូន​អ្នក​ទាំង​នោះ គឺ​ជា​តង្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ដែល​ស្តេច ពួក​ទី​ប្រឹក្សា ពួក​មន្ត្រី​របស់​ស្ដេច និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះបាន​ថ្វាយ។ 26ខ្ញុំ​បាន​ថ្លឹង​ប្រគល់​ដល់​ដៃ​អ្នក​ទាំង​នោះ មាន​ប្រាក់ ៦៥០ ហាប គ្រឿង​ប្រាក់ ១០០ ហាប និង​មាស ១០០ ហាប 27ព្រម​ទាំង​ពែង​មាស ២០ មាន​តម្លៃ ១ ០០០ ដារីក ហើយ​ប្រដាប់‌ប្រដា​ធ្វើ​ពី​ទង់‌ដែង​យ៉ាង​ភ្លឺ ដែល​មាន​តម្លៃ​ដូច​មាស។ 28បន្ទាប់​មក ខ្ញុំ​និយាយ​ទៅ​គេ​ថា "អស់​លោក​ជា​មនុស្ស​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គ្រឿង​ប្រដាប់​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ ឯ​ប្រាក់ និង​មាស​នេះ ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អស់​លោក។ 29ចូរ​យក​ចិត្ត​ទុក​ដាក់ ហើយ​ថែ‌រក្សា​របស់​ទាំង​នេះ រហូត​ដល់​អស់​លោក​បាន​ថ្លឹង​របស់​ទាំង​នេះ នៅ​ចំពោះ​មុខ​ប្រធាន​ពួក​សង្ឃ និង​ពួក​លេវី និង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ក្នុង​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​បន្ទប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ 30ដូច្នេះ ពួក​សង្ឃ និង​ពួក​លេវី ក៏​ទទួល​យក​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ដែល​គេ​បាន​ថ្លឹង ដើម្បីនាំ​យក​ទៅ​ក្រុង​យេរូ‌សាឡិម ទៅ​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង»។
ពេល​វិល​ត្រឡប់​មក​ដល់​ក្រុង​យេរូ‌សាឡិម
31«បន្ទាប់​មក នៅ​ថ្ងៃ​ទី​ដប់ពីរ ក្នុង​ខែ​ទីមួយ ពួក​យើង​បាន​ចេញ​ពី​ទន្លេ​អាហាវ៉ា ដើម្បី​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម។ ព្រះ‌ហស្ត​របស់​ព្រះ​នៃ​យើង​បាន​សណ្ឋិត​លើ​យើង ហើយ​ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ពី​ពួក​ចោរ​ដែល​បង្កប់​ខ្លួន​តាម​ផ្លូវ។ 32យើង​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​ស្នាក់​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ។ 33នៅ​ថ្ងៃ​ទី​បួន យើង​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​សង្ឃ​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​នៅ​ជា​មួយ​លោក មាន​អេលា‌សារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​មាន​យ៉ូ‌សាបាឌ ជា​កូន​យេសួរ និង​ណូ‌អាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ។ 34គេ​បាន​រាប់​ចំនួន ហើយ​បាន​ថ្លឹង​របស់​ទាំង​អស់ ហើយ​គេ​ក៏​បាន​កត់​ទុក​អ្វីៗ​ទាំង​អស់​តាម​ទម្ងន់។
35នៅ​គ្រា​នោះ ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ គឺ​ពួក​និរទេស​ដែល​វិល​ត្រឡប់​មក​វិញ គេ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​គោ​ឈ្មោល ១២ ក្បាល សម្រាប់​អ៊ីស្រា‌អែល​ទាំង​អស់ ចៀម​ឈ្មោល ៩៦ ក្បាល កូន​ចៀម ៧៧ ក្បាល និង​ពពែ​ឈ្មោល ១២ ក្បាល សម្រាប់​ជា​តង្វាយ​លោះ​បាប។ នេះ​សុទ្ធ​តែ​ជា​តង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់។ 36គេ​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​រប​ស់​ស្ដេច ជូន​លោក​នា‌យក​តំ​ណាង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​លោក​ទាំង​នោះ​ក៏​ជួយ​គាំ​ទ្រ​ប្រជា‌ជន និង​ព្រះ‌ដំណាក់​របស់​ព្រះ»។

ទើបបានជ្រើសរើសហើយ៖

អែសរ៉ា 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល