ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងពួកហោរានៃសាសន៍អ៊ីស្រាអែលដែលធ្លាប់ទាយ ហើយប្រាប់ដល់ពួកអ្នកដែលថ្លែងទំនាយចេញពីចិត្តខ្លួនគេចុះ ដោយពាក្យថា ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលថ្លែងទំនាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ។ ឱពួកអ៊ីស្រាអែលអើយ ពួកហោរារបស់អ្នកធ្វើដូចជាឆ្កែចចក នៅទីស្ងាត់។ អ្នករាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទម្លាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចម្បាំង នៅថ្ងៃនៃព្រះយេហូវ៉ានោះដែរ។ គេបានឃើញសេចក្ដីភូតភរ និងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាមានព្រះបន្ទូល តែព្រះយេហូវ៉ាមិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសម្រេចជាពិត។ ការដែលអ្នករាល់គ្នាថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ តែយើងមិនបានពោលសោះ តើមិនមែនឃើញនិមិត្តកំភូត និងថ្លែងទំនាយកុហកទេឬ? ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នករាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មើល៍ យើងទាស់នឹងអ្នករាល់គ្នាហើយ។ យើងនឹងប្រហារពួកហោរា ដែលឃើញនិមិត្តកំភូត ហើយដែលថ្លែងទំនាយកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់ប្រជារាស្ត្ររបស់យើងឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជី នៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត។ តាមពិត ដោយព្រោះតែគេបានលួងបញ្ឆោតប្រជារាស្ត្ររបស់យើង ដោយពោលថា "មានសន្តិភាពហើយ" តែគ្មានសន្តិភាពសោះ ហើយដោយព្រោះ ពេលប្រជារាស្ត្ររបស់យើងសង់កំផែង ហោរាទាំងនេះនាំគ្នាបូកបាយអពីលើ នោះចូរប្រកាសប្រាប់អស់អ្នកដែលបូកបាយអនោះថា កំផែងនោះនឹងត្រូវរលំ ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយឯង ឱគ្រាប់ព្រឹលធំៗអើយ ឯងនឹងធ្លាក់មក ហើយខ្យល់ព្យុះយ៉ាងខ្លាំងក៏បំបាក់ឲ្យរលំដែរ។ ដូច្នេះ កាលណាកំផែងបានរលំហើយ តើគេមិនសួរអ្នករាល់គ្នាទេឬថា បាយអដែលអ្នករាល់គ្នាបានបូកនោះ តើនៅឯណា? ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងរំលំកំផែងនោះ ដោយខ្យល់គំហុក ក្នុងសេចក្ដីក្រោធរបស់យើង ហើយនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយកំហឹងរបស់យើង ព្រមទាំងគ្រាប់ព្រឹលធំៗ ដោយសេចក្ដីក្រោធរបស់យើង មកបំផ្លាញកំផែងនោះ។ គឺយ៉ាងនោះដែលយើងនឹងរំលំកំផែងដែលអ្នករាល់គ្នាបានបូកបាយអនោះ យើងនឹងរលំចុះដល់ដី គ្រឹះត្រូវរលើងឡើង កំផែងនោះនឹងរំលំចុះ ហើយអ្នករាល់គ្នានឹងត្រូវវិនាសនៅក្នុងនោះដែរ ពេលនោះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ គឺយ៉ាងនោះដែលយើងនឹងសម្រេចសេចក្ដីក្រោធរបស់យើង នៅលើកំផែងនោះ ហើយលើពួកអ្នកដែលបានបូកបាយអដែរ យើងនឹងនិយាយមកអ្នករាល់គ្នាថា កំផែងនោះមិនមានទៀតទេ ព្រមទាំងពួកអ្នកដែលបូកផង។ គឺជាពួកហោរារបស់សាសន៍អ៊ីស្រាអែល ដែលថ្លែងទំនាយពីដំណើរក្រុងយេរូសាឡិម ហើយឃើញនិមិត្តពីសេចក្ដីសុខសម្រាប់ទីក្រុង តែឥតមានសេចក្ដីសុខឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ ឯអ្នក កូនមនុស្សអើយ ចូរតាំងមុខទាស់នឹងពួកកូនស្រីរបស់សាសន៍អ្នក ដែលថ្លែងទំនាយចេញពីចិត្តខ្លួនគេ ហើយថ្លែងទំនាយទាស់នឹងគេ ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា វេទនាដល់ពួកស្រីៗដែលធ្វើអំបោះពាក់នៅកដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សម្រាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូច ដើម្បីនឹងចាប់ព្រលឹងគេ អ្នករាល់គ្នារកចាប់ព្រលឹងរបស់សាសន៍យើងដូច្នេះ តើអាចជួយសង្គ្រោះព្រលឹងគេដែលមកឯអ្នកឲ្យរស់នៅបានឬ?
អាន អេសេគាល 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 13:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ