និក្ខមនំ 5:4-14

និក្ខមនំ 5:4-14 គកស១៦

ប៉ុន្ដែ ស្តេច​ស្រុក​អេស៊ីព្ទ​មាន​រាជ‌ឱង្ការ​មក​ពួក​លោក​ថា៖ «ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​មនុស្ស​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!»។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ ឥឡូវ​នេះ គេ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​ក្នុង​ស្រុក​ហើយ តែ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​គេ​ឈប់​ធ្វើ​ការ​ទៅ​វិញ!»។ នៅ​ថ្ងៃ​នោះ​ឯង ផារ៉ោន​បញ្ជា​ពួក​មេ​តម្រួត​លើ​ប្រជា‌ជន និង​ពួក​មេ​ក្រុម​ថា៖ «មិន​ត្រូវ​ផ្ដល់​ចំបើង​ឲ្យ​ពួក​អ៊ីស្រា‌អែល​សម្រាប់​ធ្វើ​ឥដ្ឋ​ដូច​មុន​ទៀត​ឡើយ ត្រូវ​ឲ្យ​ពួក‌គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​ទៅ។ ប៉ុន្តែ ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ឥដ្ឋ​គ្រប់​ចំនួន ដូច​ដែល​គេ​ធ្លាប់​ធ្វើ​ពីមុន កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ស្រែក​ថា "សូម​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ"។ ត្រូវ​ដាក់​ការ​ងារ​ឲ្យ​គេ​ធ្វើ​រឹត​តែ​ធ្ងន់​ថែម​ទៀត ដើម្បី​ឲ្យ​គេ​ខំប្រឹង​ធ្វើ កុំ​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ភូត​ភរ​ឡើយ»។ ពួក​មេ​តម្រួត​លើ​ពួក​ប្រជា‌ជន និង​ពួក​នាយ ក៏​ចេញ​ទៅ​ប្រាប់​ពួក‌គេ​ថា៖ «ផារ៉ោន​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា "យើង​លែង​ផ្ដល់​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ ការ​ងារ​របស់​អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថយ​ឡើយ សូម្បី​តែ​បន្តិច"»។ ដូច្នេះ បណ្ដា​‌ជន​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​រក​ជញ្ជ្រាំង​មក​ជំនួស​ចំបើង។ ពួក​មេ​តម្រួត​ដាក់​កំហិត​ថា៖ «ត្រូវ​បង្ហើយ​ការ​ងារ​របស់​អ្នក​រាល់​គ្នា ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​ពេល​មាន​ចំបើង​នោះ​ដែរ»។ ពួក​មេ​តម្រួត​របស់​ផារ៉ោន​បាន​វាយ​ពួក​មេ​ក្រុម​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ខ្លួន​បាន​តែង‌តាំង ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ និង​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​ពី​មុន?»។

អាន និក្ខមនំ 5