និក្ខមនំ 5:1-18

និក្ខមនំ 5:1-18 គកស១៦

ក្រោយ​នោះ​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចូល​ទៅ​គាល់​ផារ៉ោន ទូល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​នៅ​ទី​រហោ‌ស្ថាន"»។ ប៉ុន្ដែ ផារ៉ោន​តប​ថា៖ «តើ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ដែល​យើង​ត្រូវ​ស្តាប់​តាម ហើយ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ហើយ​មិន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​ឡើយ»។ ពេល​នោះ ពួក​លោក​ទូល​ថា៖ «ព្រះ​របស់​សាសន៍​ហេព្រើរ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំចេញ​ទៅ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ ក្រែង​ព្រះ‌អង្គ​ស្ទុះ​មក​ប្រហារ​យើងខ្ញុំ ដោយ​អាសន្ន‌រោគ ឬ​ដោយ​ដាវ»។ ប៉ុន្ដែ ស្តេច​ស្រុក​អេស៊ីព្ទ​មាន​រាជ‌ឱង្ការ​មក​ពួក​លោក​ថា៖ «ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​មនុស្ស​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!»។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ ឥឡូវ​នេះ គេ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​ក្នុង​ស្រុក​ហើយ តែ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​គេ​ឈប់​ធ្វើ​ការ​ទៅ​វិញ!»។ នៅ​ថ្ងៃ​នោះ​ឯង ផារ៉ោន​បញ្ជា​ពួក​មេ​តម្រួត​លើ​ប្រជា‌ជន និង​ពួក​មេ​ក្រុម​ថា៖ «មិន​ត្រូវ​ផ្ដល់​ចំបើង​ឲ្យ​ពួក​អ៊ីស្រា‌អែល​សម្រាប់​ធ្វើ​ឥដ្ឋ​ដូច​មុន​ទៀត​ឡើយ ត្រូវ​ឲ្យ​ពួក‌គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​ទៅ។ ប៉ុន្តែ ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ឥដ្ឋ​គ្រប់​ចំនួន ដូច​ដែល​គេ​ធ្លាប់​ធ្វើ​ពីមុន កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ស្រែក​ថា "សូម​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ"។ ត្រូវ​ដាក់​ការ​ងារ​ឲ្យ​គេ​ធ្វើ​រឹត​តែ​ធ្ងន់​ថែម​ទៀត ដើម្បី​ឲ្យ​គេ​ខំប្រឹង​ធ្វើ កុំ​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ភូត​ភរ​ឡើយ»។ ពួក​មេ​តម្រួត​លើ​ពួក​ប្រជា‌ជន និង​ពួក​នាយ ក៏​ចេញ​ទៅ​ប្រាប់​ពួក‌គេ​ថា៖ «ផារ៉ោន​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា "យើង​លែង​ផ្ដល់​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ ការ​ងារ​របស់​អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថយ​ឡើយ សូម្បី​តែ​បន្តិច"»។ ដូច្នេះ បណ្ដា​‌ជន​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​រក​ជញ្ជ្រាំង​មក​ជំនួស​ចំបើង។ ពួក​មេ​តម្រួត​ដាក់​កំហិត​ថា៖ «ត្រូវ​បង្ហើយ​ការ​ងារ​របស់​អ្នក​រាល់​គ្នា ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​ពេល​មាន​ចំបើង​នោះ​ដែរ»។ ពួក​មេ​តម្រួត​របស់​ផារ៉ោន​បាន​វាយ​ពួក​មេ​ក្រុម​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ខ្លួន​បាន​តែង‌តាំង ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ និង​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​ពី​មុន?»។ បន្ទាប់​មក ពួក​មេ​ក្រុម​របស់​កូន​ចៅ​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ទៅ​ឯ​ផារ៉ោន ហើយ​ស្រែក​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា​ដូច្នេះ? គេ​មិន​ផ្ដល់​ចំបើង​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា "ចូរ​ធ្វើ​ឥដ្ឋ​ទៅ!" មើល៍ គេ​វាយ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តែ​ប្រជា‌រាស្ត្ររបស់​ព្រះ‌ករុណា​ទេ​ដែល​ធ្វើ​ខុស»។ ផារ៉ោន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​កម្ជិល ជា​មនុស្ស​ខ្ជិល​ច្រអូល ហេតុ​នេះ​ហើយ​បាន​ជា​និយាយ​ថា "សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា"។ ឥឡូវ​នេះ ចូរ​ទៅ​ធ្វើ​ការ​វិញ​ទៅ យើង​គ្មាន​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ទេ តែ​ត្រូវ​ធ្វើ​ឥដ្ឋ​ឲ្យ​បាន​គ្រប់​ចំនួន»។

អាន និក្ខមនំ 5

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ