ក្រោយនោះមក លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចូលទៅគាល់ផារ៉ោន ទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ចូរឲ្យប្រជារាស្ត្ររបស់យើងចេញទៅថ្វាយយញ្ញបូជាដល់យើងនៅទីរហោស្ថាន"»។ ប៉ុន្ដែ ផារ៉ោនតបថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលយើងត្រូវស្តាប់តាម ហើយឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះយេហូវ៉ាទេ ហើយមិនឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។ ពេលនោះ ពួកលោកទូលថា៖ «ព្រះរបស់សាសន៍ហេព្រើរបានលេចមកឲ្យយើងខ្ញុំឃើញ ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ក្រែងព្រះអង្គស្ទុះមកប្រហារយើងខ្ញុំ ដោយអាសន្នរោគ ឬដោយដាវ»។ ប៉ុន្ដែ ស្តេចស្រុកអេស៊ីព្ទមានរាជឱង្ការមកពួកលោកថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍មនុស្សមិនឲ្យធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។ ផារ៉ោនមានរាជឱង្ការថា៖ «មើល៍ ឥឡូវនេះ គេមានគ្នាច្រើនជាងប្រជាជនក្នុងស្រុកហើយ តែអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការទៅវិញ!»។ នៅថ្ងៃនោះឯង ផារ៉ោនបញ្ជាពួកមេតម្រួតលើប្រជាជន និងពួកមេក្រុមថា៖ «មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែលសម្រាប់ធ្វើឥដ្ឋដូចមុនទៀតឡើយ ត្រូវឲ្យពួកគេទៅរកចំបើងដោយខ្លួនឯងទៅ។ ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើឥដ្ឋគ្រប់ចំនួន ដូចដែលគេធ្លាប់ធ្វើពីមុន កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិល ហេតុនេះហើយបានជាគេស្រែកថា "សូមឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ"។ ត្រូវដាក់ការងារឲ្យគេធ្វើរឹតតែធ្ងន់ថែមទៀត ដើម្បីឲ្យគេខំប្រឹងធ្វើ កុំឲ្យគេយកចិត្តទុកដាក់នឹងពាក្យភូតភរឡើយ»។ ពួកមេតម្រួតលើពួកប្រជាជន និងពួកនាយ ក៏ចេញទៅប្រាប់ពួកគេថា៖ «ផារ៉ោនមានរាជឱង្ការដូច្នេះថា "យើងលែងផ្ដល់ចំបើងឲ្យអ្នករាល់គ្នាហើយ ចូរទៅរកចំបើងដោយខ្លួនឯង នៅកន្លែងណាដែលរកបានចុះ ប៉ុន្តែ ការងាររបស់អ្នករាល់គ្នាមិនត្រូវបន្ថយឡើយ សូម្បីតែបន្តិច"»។ ដូច្នេះ បណ្ដាជនត្រូវខ្ចាត់ខ្ចាយទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីរកជញ្ជ្រាំងមកជំនួសចំបើង។ ពួកមេតម្រួតដាក់កំហិតថា៖ «ត្រូវបង្ហើយការងាររបស់អ្នករាល់គ្នា ដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាពេលមានចំបើងនោះដែរ»។ ពួកមេតម្រួតរបស់ផារ៉ោនបានវាយពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែល ដែលខ្លួនបានតែងតាំង ហើយសួរថា៖ «ហេតុអ្វីបានជាពីម្សិលមិញ និងថ្ងៃនេះ អ្នករាល់គ្នាមិនបានធ្វើឥដ្ឋឲ្យគ្រប់ចំនួនដូចពីមុន?»។ បន្ទាប់មក ពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែល ក៏នាំគ្នាទៅឯផារ៉ោន ហើយស្រែកថា៖ «ហេតុអ្វីបានជាព្រះករុណាប្រព្រឹត្តនឹងយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណាដូច្នេះ? គេមិនផ្ដល់ចំបើងឲ្យយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណាទៀតទេ ហើយគេប្រាប់យើងខ្ញុំថា "ចូរធ្វើឥដ្ឋទៅ!" មើល៍ គេវាយយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា តែប្រជារាស្ត្ររបស់ព្រះករុណាទេដែលធ្វើខុស»។ ផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាជាមនុស្សកម្ជិល ជាមនុស្សខ្ជិលច្រអូល ហេតុនេះហើយបានជានិយាយថា "សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។ ឥឡូវនេះ ចូរទៅធ្វើការវិញទៅ យើងគ្មានចំបើងឲ្យអ្នករាល់គ្នាទេ តែត្រូវធ្វើឥដ្ឋឲ្យបានគ្រប់ចំនួន»។
អាន និក្ខមនំ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 5:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ