និក្ខមនំ 39

39
ការ​ធ្វើ​សម្លៀក​បំពាក់​សម្រាប់​ការ​ងារ​ជា​សង្ឃ
1គេ​បាន​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ។ គេ​ក៏​បាន​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​លោក​អើរ៉ុន ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
2គេ​បាន​ធ្វើ​អេផូឌ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់។ 3គេ​ក៏​ផែ​មាស​យ៉ាង​ស្តើង ហើយ​កាត់​ជា​ខ្សែ យក​ទៅ​ប៉ាក់​នៅ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​នៅ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្តនោះ តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ។ 4គេ​ធ្វើ​ខ្សែ​ស្មា​សម្រាប់​ចង​ភ្ជាប់​គ្នា ហើយ​អេផូឌ​ទាំង​សង​ខាង​បាន​ជាប់​គ្នា​តែ​មួយ។ 5ខ្សែ​ក្រវាត់​ក៏​ធ្វើ​បែប​ដូច​គ្នា ព្រម​ទាំង​ដាក់​ភ្ជាប់​នឹង​អេផូឌ​ដែរ គឺ​បាន​ធ្វើ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
6គេ​ច្នៃ​ត្បូង​អូនីក្ស រួច​ឆ្លាក់​ឈ្មោះពួក​កូន​របស់​អ៊ី‌ស្រា‌អែល ដូច​គេ​ឆ្លាក់​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស។ 7គេ​ដាក់​ភ្ជាប់​នៅ​លើ​ខ្សែ​ស្មា​របស់​អេផូឌ សម្រាប់​ជា​ទី​រំឭក​ដល់​ពួក​កូន​របស់​អ៊ី‌ស្រា‌អែល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
8គេ​បាន​ធ្វើ​ប្រដាប់​បាំង​ទ្រូង តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ បែប​ដូច​ជា​ធ្វើ​អេផូឌ​ដែរ គឺ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់។ 9គេ​ធ្វើ​ប្រដាប់​បាំង​ទ្រូង​នោះ​មាន​រាង​បួន​ជ្រុង​ស្មើ ជា​ពីរ​ស្រទាប់ មាន​បណ្តោយ​មួយ​ចំអាម និង​ទទឹង​មួយ​ចំអាម​នៅ​ពេល​បត់​ជា​ពីរ។ 10គេ​ដាំ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ មាន​ត្បូង​សាមស៊ី​មួយ​គ្រាប់ ត្បូង​ទោបុ័ត​មួយ​គ្រាប់ និង​បារកេត​មួយ​គ្រាប់ 11ជួរ​ទី​ពីរ មាន​ត្បូង​មរកដ​មួយ​គ្រាប់ ត្បូង​កណ្តៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់ 12ជួរ​ទី​បី មាន​ត្បូង​លេសិម​មួយ​គ្រាប់ ត្បូង​ទទឹម​មួយ​គ្រាប់ និង​ត្បូង​ត្របែក​មួយ​គ្រាប់ 13ជួរ​ទី​បួន មាន​ត្បូង​បេរីល​មួយ​គ្រាប់ ត្បូង​អូនីក្ស​មួយ​គ្រាប់ និង​កែវ​មណី‌ជោតិ​មួយ​គ្រាប់។ ត្បូង​ទាំង​នេះ​បាន​ដាំ​ចុះ​ក្នុង​គ្រោង​មាស។ 14មាន​ត្បូង​ដប់​ពីរ​គ្រាប់ តាម​ចំនួន​ឈ្មោះ​ពួក​កូន​របស់​អ៊ី‌ស្រា‌អែល ត្បូង​ទាំង​នោះ​មាន​លក្ខណៈ​ដូច​ជា​ត្រា គឺ​ត្បូង​នីមួយ​ៗមាន​ឆ្លាក់​ឈ្មោះ​មួយ សម្រាប់​កុល‌សម្ព័ន្ធ​ទាំង​ដប់​ពីរ។ 15គេ​ធ្វើ​ខ្សែ​មាស​សុទ្ធ វេញ​ដូច​ជា​ខ្សែ​ពួរ ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង។ 16គេ​ធ្វើ​គ្រោង​មាស​ពីរ និង​ក្រវិល​មាស​ពីរ ហើយ​ដាក់​ភ្ជាប់​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង 17គេ​បញ្ចូល​ខ្សែ​មាស​ពីរ​ក្នុង​ក្រវិល​មាស​ទាំង​ពីរ ដែល​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង​នោះ។ 18ឯ​ចុង​ខ្សែ​មាស​ទាំង​ពីរ គេ​ចង​ភ្ជាប់​នឹង​គ្រោង​មាស​នៅ​ខ្សែ​ស្មា​របស់​អេផូឌ​ខាង​មុខ។ 19បន្ទាប់​មក គេ​ធ្វើ​ក្រវិល​មាស​ពីរ​ទៀត ដាក់​ភ្ជាប់​នៅ​ជាយ​ខាង​ក្នុង ត្រង់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង ដែល​ជាប់​នឹង​អេផូឌ។ 20គេ​ធ្វើ​ក្រវិល​មាស​ពីរ​ទៀត ដាក់​ភ្ជាប់​ពី​ក្រោម​ខាង​មុខ​ខ្សែ​ស្មា ជិត​កន្លែង​ដែល​ខ្សែ​ស្មា បាន​ភ្ជាប់​នឹង​អេផូឌ នៅ​ខាង​លើ​អេផូឌ។ 21គេ​យក​ខ្សែ​មក​ចង​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​អេផូឌ​ដោយ‌សារ​ក្រវិល​ទាំង​នោះ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​ក្រវាត់​របស់​អេផូឌ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អេផូឌ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
22គេ​ក៏​ធ្វើ​អាវ​វែង​របស់​អេផូឌ ត្បាញ​ជា​សំពត់​សុទ្ធ​តែ​ពណ៌​ផ្ទៃ​មេឃ 23នៅ​កណ្ដាល​អាវ​វែង​នោះ មាន​ក​ដូច​ជា​ក​អាវ​សឹក ព្រម​ទាំង​មាន​សំពត់​ចំ នៅ​ជុំ‌វិញ​ក​ផង ដើម្បី​កុំ​ឲ្យ​អាវ​វែង​នោះ​រហែក​ចេញ​ឡើយ។ 24នៅ​ជុំ‌វិញ​ជាយ​អាវ​វែង គេ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ពី​អំបោះ​វេញ​យ៉ាង​ខ្មាញ់។ 25គេ​ក៏​ធ្វើ​ចង្ក្រង់​មាស​សុទ្ធ​ដាក់​លាយ​ចម្រុះ​ត្រង់​កណ្ដាល​ផ្លែ​ទទឹម​នោះ នៅ​គ្រប់​ជុំ‌វិញ​ជាយ​អាវ 26គឺ​ចង្ក្រង់​មួយ​ផ្លែ​ទទឹម​មួយ ចង្ក្រង់​មួយ​ផ្លែ​ទទឹម​មួយ នៅ​គ្រប់​ជុំ‌វិញ​ជាយ​អាវ​សម្រាប់​ការ‌ងារ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
27គេ​បាន​ធ្វើ​អាវ​ខ្លី ត្បាញ​ពី​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សម្រាប់​លោក​អើរ៉ុន និង​ពួក​កូន​របស់​លោក 28គេ​ក៏​ធ្វើ​មួក​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​ឈ្នួត​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ 29ហើយ​ខ្សែ​ក្រវាត់​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប៉ាក់​ជា​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
30គេ​បាន​ធ្វើ​ស្លាក​មាស​សុទ្ធ​ជា​មកុដ​បរិសុទ្ធ ក៏​ឆ្លាក់​អក្សរ​នៅ​ស្លាក​នោះ ដូច​គេ​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា»។ 31គេ​យក​ខ្សែ​ខៀវ​ចង​ស្លាក​នោះ​ជាប់​នឹង​មួក​ខាង​លើ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
កិច្ច​ការទាំង​អស់​ចប់​សព្វ​គ្រប់
32ដូច្នេះ ការ​សង់​រោង​ឧបោ‌សថ និង​ត្រសាល​ជំនុំ​ក៏​បាន​ចប់​សព្វ​គ្រប់។ កូន​ចៅ​អ៊ី‌ស្រា‌អែល​បាន​ធ្វើតាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ 33គេ​នាំ​យក​រោង​ឧបោ‌សថ​មក​ឯ​លោក​ម៉ូសេ គឺ​ទាំង​ត្រសាល និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​ត្រសាល មាន​តម្ពក់ ស៊ុម រនុក សសរ និង​ជើង​ទ្រ 34គម្រប​ធ្វើ​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម គម្រប​ធ្វើ​ពី​ស្បែក​ផ្សោត វាំង‌នន​សម្រាប់​ខាំង 35ហិប​នៃ​សេចក្ដី​សញ្ញា ព្រម​ទាំង​ឈើ​ស្នែង​សម្រាប់​សែង និង​ទី​សន្តោស​ប្រោស 36តុ ព្រម​ទាំង​គ្រឿង​ប្រដាប់​សម្រាប់​តុ និង​នំបុ័ង​ដែល​ដាក់​តាំង 37ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គឺ​ចង្កៀង​សម្រាប់​ដាក់​លើ​ជើង​នោះ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​ចង្កៀង ព្រម​ទាំង​ប្រេង​សម្រាប់​ចង្កៀង 38អាស‌នា​មាស ប្រេង​សម្រាប់​លាប​តាំង គ្រឿង​ក្រអូប និង​រនាំង​បាំង​មាត់​ទ្វារ​ត្រសាល 39អាស‌នា​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​អាស‌នា ចានក្លាំ និង​ជើង​ទ្រ​ចាន 40រនាំង​ទី‌លាន សសរ និង​ជើង​ទ្រ រនាំង​សម្រាប់​បាំង​មាត់​ទ្វារ​ទី‌លាន ខ្សែ​ចម្រឹង គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រោង​ឧបោ‌សថ គឺ​សម្រាប់​ត្រសាល​ជំនុំ 41សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​នៅ​ទី​បរិសុទ្ធ សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​សង្ឃ​អើរ៉ុន និង​សម្លៀក‌បំពាក់​សម្រាប់​ពួក​កូន​របស់​លោក ដែល​ត្រូវ​បំពេញ​មុខ​ងារ​ជា​សង្ឃ។ 42កូន​ចៅ​អ៊ី‌ស្រា‌អែល​ធ្វើ​គ្រប់​កិច្ច‌ការ​ទាំង​អស់ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។ 43លោក​ម៉ូសេ​ពិនិត្យ​មើល​គ្រប់​ការ​ទាំង​អស់​នោះ ហើយ​ឃើញ​ថា គេ​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​មែន គឺ​គេ​បាន​ធ្វើ​ការ​នោះ​រួច​ស្រេច​ទាំង​អស់ រួច​លោក​ម៉ូសេ​ក៏​ឲ្យ​ពរ​ពួក‌គេ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 39: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល