និក្ខមនំ 38
38
ការសង់អាសនាសម្រាប់តង្វាយដុត
1លោកធ្វើអាសនាតង្វាយដុតពីឈើនាងនួន មានបណ្តោយប្រាំហត្ថ ទទឹងប្រាំហត្ថ បួនជ្រុងស្មើ និងកម្ពស់បីហត្ថ។ 2នៅជ្រុងទាំងបួន លោកធ្វើស្នែងចេញពីអាសនា ស្រោបដោយលង្ហិន។ 3លោកធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា មានប្រដាប់ដាក់ផេះ ប៉ែល ផើង សម និងជើងក្រាន គឺប្រដាប់ទាំងអស់សុទ្ធតែធ្វើពីលង្ហិនទាំងអស់។ 4លោកធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសម្រាប់អាសនា ក៏ដាក់ប្រទាសពីខាងក្រោមគែម ឲ្យជាប់ត្រង់ពាក់កណ្ដាលរបស់កម្ពស់អាសនា។ 5លោកសិតធ្វើកងបួនដាក់នៅប្រទាសលង្ហិនទាំងបួនជ្រុង សម្រាប់ស៊កឈើស្នែង។ 6លោកធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយលង្ហិន។ 7លោកស៊កឈើស្នែងចូលក្នុងកងទាំងប៉ុន្មាននៅសងខាងអាសនា សម្រាប់សែង ឯអាសនានោះលោកធ្វើពីក្ដារ មានប្រហោងកណ្ដាល។
8លោកធ្វើចានក្លាំពីលង្ហិន និងជើងទ្រចានក្លាំនោះពីលង្ហិន គឺធ្វើពីកញ្ចក់របស់ពួកស្ត្រីដែលប្រជុំគ្នានៅមាត់ទ្វារត្រសាលជំនុំ។
ការធ្វើទីលានរោងឧបោសថ
9លោកធ្វើទីលាន នៅប៉ែកខាងត្បូងមានរនាំងត្បាញធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ សម្រាប់បាំងទីលានប្រវែងមួយរយហត្ថ 10រនាំងនោះមានសសរម្ភៃ ដាក់លើជើងទ្រធ្វើពីលង្ហិនម្ភៃ ឯតម្ពក់សសរ និងគន្លឹះ ធ្វើពីប្រាក់។ 11នៅប៉ែកខាងជើង មានរនាំងប្រវែងមួយរយហត្ថ មានសសរម្ភៃ និងជើងទ្រធ្វើពីលង្ហិនម្ភៃ ឯតម្ពក់សសរ និងគន្លឹះធ្វើពីប្រាក់។ 12នៅប៉ែកខាងលិច មានរនាំងប្រវែងហាសិបហត្ថ មានសសរដប់ និងជើងទ្រដប់ ឯតម្ពក់សសរ និងគន្លឹះធ្វើពីប្រាក់។ 13នៅប៉ែកខាងកើត មានទទឹងហាសិបហត្ថដូចគ្នា។ 14នៅប៉ែកមួយចំហៀង មានរនាំងប្រវែងដប់ប្រាំហត្ថ ហើយមានសសរបី និងជើងទ្របី 15ឯប៉ែកចំហៀងមួយទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះ មានរនាំងប្រវែងដប់ប្រាំហត្ថ ហើយមានសសរបី និងជើងទ្របីដូចគ្នា។ 16រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះ សុទ្ធតែត្បាញធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ 17ជើងទ្រសសរទាំងអស់ធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះទាំងប៉ុន្មានធ្វើពីប្រាក់ ក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ ហើយអស់ទាំងសសរទីលាន ភ្ជាប់គ្នាដោយសារតម្ពក់ប្រាក់។ 18រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយម្ភៃហត្ថ កម្ពស់ប្រាំហត្ថ ស្មើនឹងរនាំងទីលានទាំងអស់។ 19សសរទាំងបួន និងជើងទ្រទាំងបួនសម្រាប់រនាំង ធ្វើពីលង្ហិន ឯតម្ពក់ និងគន្លឹះធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ដែរ។ 20ចំណែកឯចម្រឹងអស់ទាំងសម្រាប់រោងឧបោសថ និងទីលាន សុទ្ធតែធ្វើពីលង្ហិនទាំងអស់។
សម្ភារៈប្រើប្រាស់ក្នុងរោងឱបោសថ
21នេះជាបញ្ជីប្រដាប់ប្រដាសម្រាប់រោងឧបោសថ គឺជារោងឧបោសថនៃសេចក្ដីសញ្ញា ឯអ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន បានទទួលបញ្ជារបស់លោកម៉ូសេ ដើម្បីរាប់ប្រដាប់ទាំងនោះសម្រាប់ការងាររបស់ពួកលេវី។ 22បេតសាលាលកូនរបស់យូរី ដែលជាកូនហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា បានធ្វើគ្រប់ទាំងកិច្ចការដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ 23មានទាំងអូហូលីអាប់ ជាកូនរបស់អ័ហ៊ីសាម៉ាក់ ក្នុងកុលសម្ព័ន្ធដាន់ មកជួយធ្វើការដែរ អ្នកនោះជាអ្នកប្រសប់ខាងចម្លាក់ ហើយខាងបង្កើតគម្រោងការ និងខាងប៉ាក់សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត។
24មាសទាំងប៉ុន្មានដែលគេបានថ្វាយសម្រាប់ប្រើអស់ទាំងការសង់ទីបរិសុទ្ធ មានចំនួន ២៩ ហាប ៧៣០ សេកែល តាមទម្ងន់សេកែលដែលប្រើក្នុងទីបរិសុទ្ធ។ 25រីឯប្រាក់ពីអស់អ្នកក្នុងក្រុមជំនុំដែលបានកត់ក្នុងបញ្ជី មានចំនួន ១០០ ហាប ១ ៧៧៥ សេកែល តាមទម្ងន់សេកែលដែលប្រើក្នុងទីបរិសុទ្ធ 26គឺប្រាំកាក់ ដែលត្រូវជាកន្លះសេកែលម្នាក់ គ្រប់ៗគ្នា តាមសេកែលសម្រាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃរបស់អស់អ្នកដែលមានឈ្មោះកត់ក្នុងបញ្ជីត្រូវបង់ ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ ឯចំនួនមនុស្សទាំងនោះមាន ៦០៣ ៥៥០ នាក់។ 27ប្រាក់ ១០០ ហាបនោះ គេយកទៅសិតធ្វើជើងសសរទីបរិសុទ្ធ និងជើងវាំងនន គឺជើងមួយមានមួយហាបប្រាក់ ឯជើង ១០០ ត្រូវជា ១០០ ហាប។ 28គេយកប្រាក់ ១ ៥៧៥ សេកែលទៅធ្វើជាតម្ពក់ និងគន្លឹះទាំងប៉ុន្មានសម្រាប់សសរ ហើយរំលែកខ្លះមកស្រោបនៅក្បាច់ក្បាលសសរ រួចថ្ពក់ភ្ជាប់គ្នា។ 29ឯលង្ហិនដែលគេបានថ្វាយ មានចំនួន ៧០ ហាប ២ ៤០០ សេកែល។ 30លង្ហិននោះគេប្រើសម្រាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន ប្រទាស និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា 31អស់ទាំងជើងទ្រនៅជុំវិញទីលាន ព្រមទាំងជើងទ្វារទីលាន អស់ទាំងចម្រឹងរោងឧបោសថ និងអស់ទាំងចម្រឹងជុំវិញទីលានដែរ។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 38: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies