និក្ខមនំ 33
33
បទបញ្ជាឲ្យចាកចេញពីភ្នំស៊ីណាយ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅចុះ ចេញពីទីនេះទៅ ព្រមទាំងប្រជាជនដែលអ្នកបាននាំចេញមកពីស្រុកអេស៊ីព្ទ ទៅឯស្រុកដែលយើងបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបថា "យើងនឹងឲ្យស្រុកនោះដល់ពូជពង្សរបស់អ្នក"។ 2យើងនឹងចាត់ទេវតាមួយឲ្យនាំមុខអ្នក ហើយយើងនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញ។ 3ចូរឡើងទៅឯស្រុកមួយដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ តែយើងមិនឡើងទៅកណ្ដាលអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាមនុស្សក្បាលរឹង»។
4កាលប្រជាជនឮព្រះបន្ទូលធ្ងន់ៗដូច្នេះ ពួកគេក៏មានចិត្តសោកសៅ ហើយគ្មានអ្នកណាម្នាក់ពាក់គ្រឿងលម្អអ្វីឡើយ។ 5ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា អ្នករាល់គ្នាជាមនុស្សក្បាលរឹង បើយើងទៅកណ្ដាលអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសមិនខាន។ ដូច្នេះ ចូរដោះគ្រឿងលម្អពីខ្លួនអ្នករាល់គ្នាចេញ ដើម្បីឲ្យយើងដឹងថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។ 6ដូច្នេះ កូនចៅអ៊ីស្រាអែលក៏ដោះគ្រឿងលម្អចេញពីខ្លួន ចាប់ពីពេលចាកចេញពីភ្នំហូរែបតទៅ។
ត្រសាលខាងក្រៅជំរំ
7លោកម៉ូសេមានទម្លាប់យកត្រសាលទៅដំឡើងនៅខាងក្រៅជំរំ គឺឆ្ងាយពីជំរំ ហើយលោកហៅត្រសាលនោះថា «ត្រសាលជំនុំ»។ ឯអស់អ្នកណាដែលរកព្រះយេហូវ៉ា ត្រូវចេញទៅឯត្រសាលជំនុំ ដែលនៅខាងក្រៅជំរំ។ 8កាលណាលោកម៉ូសេចេញទៅត្រសាលជំនុំ ប្រជាជនទាំងអស់ក៏ក្រោកឈរឡើងនៅមាត់ទ្វារជំរំរបស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេ រហូតទាល់តែលោកចូលផុតទៅក្នុងត្រសាលជំនុំ។ 9កាលលោកម៉ូសេចូលទៅក្នុងត្រសាលផុតហើយ នោះបង្គោលពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ហើយព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកម៉ូសេ។ 10កាលប្រជាជនទាំងអស់ឃើញបង្គោលពពកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ពួកគេទាំងអស់គ្នាក៏ក្រោកឡើងថ្វាយបង្គំ នៅមាត់ទ្វារជំរំរបស់គេរៀងៗខ្លួន។ 11ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ដូចមនុស្សនិយាយជាមួយមិត្តសម្លាញ់។ បន្ទាប់មក លោកវិលត្រឡប់មកឯជំរំវិញ តែយ៉ូស្វេជាកូនរបស់លោកនុន ជាជំនួយការរបស់លោក ដែលនៅកំលោះនៅឡើយ មិនបានចេញពីត្រសាលជំនុំទេ។
លោកម៉ូសេអធិស្ឋានទូលអង្វរ
12លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍! ព្រះអង្គបង្គាប់មកទូលបង្គំឲ្យនាំប្រជាជននេះទៅ តែព្រះអង្គមិនបានឲ្យទូលបង្គំដឹងថា ព្រះអង្គចាត់អ្នកណាឲ្យទៅជាមួយឡើយ។ ព្រះអង្គមានព្រះបន្ទូលថា "យើងស្គាល់អ្នកយ៉ាងច្បាស់ ហើយអ្នកក៏ប្រកបដោយគុណរបស់យើងដែរ"។ 13ឥឡូវនេះ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែននោះ សូមបង្ហាញផ្លូវរបស់ព្រះអង្គដល់ទូលបង្គំឥឡូវនេះផង ដើម្បីឲ្យទូលបង្គំបានស្គាល់ព្រះអង្គ ហើយឲ្យបានប្រកបដោយព្រះគុណរបស់ព្រះអង្គ។ សូមនឹកចាំពីសាសន៍នេះ ជាប្រជារាស្ត្ររបស់ព្រះអង្គផង»។ 14ព្រះអង្គមានព្រះបន្ទូលថា៖ «វត្តមានរបស់យើងនឹងទៅជាមួយអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។ 15លោកម៉ូសេទូលព្រះអង្គថា៖ «ប្រសិនបើព្រះវត្តមានរបស់ព្រះអង្គមិនយាងទៅជាមួយទេ សូមកុំនាំយើងខ្ញុំឡើងចេញពីទីនេះឡើយ។ 16ដ្បិតធ្វើដូចម្តេចឲ្យដឹងថាទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គបានប្រកបដោយព្រះគុណរបស់ព្រះអង្គបាន បើព្រះអង្គមិនយាងទៅជាមួយយើងខ្ញុំនោះ? យ៉ាងនេះឯង ដែលយើងខ្ញុំ គឺទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គនឹងបានខុសប្លែកពីជាតិសាសន៍ឯទៀតនៅលើផែនដី»។
17ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើតាមសេចក្ដីដែលអ្នកបានសូមនេះ ដ្បិតអ្នកប្រកបដោយគុណរបស់យើង ហើយយើងស្គាល់អ្នកយ៉ាងច្បាស់»។ 18លោកម៉ូសេទូលថា៖ «សូមព្រះអង្គមេត្តាបង្ហាញឲ្យទូលបង្គំឃើញសិរីល្អរបស់ព្រះអង្គផង»។ 19ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងសម្ដែងអស់ទាំងសេចក្ដីសប្បុរសរបស់យើងនៅចំពោះមុខអ្នក ក៏នឹងប្រកាសពីឈ្មោះរបស់យើងជា "យេហូវ៉ា" នៅមុខអ្នកដែរ យើងនឹងប្រោសអ្នកណាដែលយើងចង់ប្រោស ហើយនឹងសម្ដែងសេចក្ដីមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា»។ 20ព្រះអង្គមានព្រះបន្ទូលថា៖ «តែអ្នកមិនអាចឃើញមុខយើងបានឡើយ ដ្បិតគ្មានអ្នកណាម្នាក់ឃើញយើង ហើយនៅមានជីវិតរស់បានទេ»។ 21ព្រះយេហូវ៉ាក៏មានព្រះបន្ទូលទៀតថា៖ «មើល៍! មានកន្លែងមួយនៅជិតយើង ដែលអ្នកត្រូវឈរនៅលើថ្ម 22ហើយកាលណាសិរីល្អរបស់យើងឆ្លងកាត់ យើងនឹងដាក់អ្នកក្នុងក្រហែងថ្មមួយ ហើយយើងនឹងបាំងអ្នកដោយដៃរបស់យើង រហូតទាល់តែយើងឆ្លងផុត។ 23បន្ទាប់មក យើងនឹងដកដៃយើងចេញ ហើយអ្នកនឹងឃើញយើងពីក្រោយ តែអាចមិនឃើញមុខយើងឡើយ»។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 33: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies