និក្ខមនំ 22
22
ច្បាប់ស្តីអំពីការសងវិញ
1 ប្រសិនបើអ្នកណាលួចគោ ឬចៀម ហើយសម្លាប់ ឬយកទៅលក់ នោះត្រូវសងគោប្រាំឲ្យធួននឹងគោមួយ និងចៀមបួនឲ្យធួននឹងចៀមមួយ។ 2ប្រសិនបើចោរកំពុងតែលួច ហើយគេទាន់ រួចវាយសម្លាប់ នោះអ្នកសម្លាប់ចោរគ្មានទោសនឹងឈាមវាឡើយ។
3 ប៉ុន្ដែ បើថ្ងៃរះហើយ អ្នកសម្លាប់ចោរនឹងត្រូវមានទោស ដ្បិតចោរត្រូវតែសង។ ប្រសិនបើវាគ្មានអ្វីសោះ នោះត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលវាបានលួច។ 4ប្រសិនបើរបស់ដែលលួចនោះ ទោះជាគោ លា ឬជាចៀមក្តី ឃើញនៅរស់ក្នុងដៃវានៅឡើយ នោះត្រូវសងមួយជាពីរ។
5ប្រសិនបើអ្នកណាបណ្ដោយឲ្យសត្វស៊ីបំផ្លាញស្រែ ឬចម្ការទំពាំងបាយជូររបស់គេ ដោយលែងសត្វខ្លួន ឲ្យលុកលុយស៊ីក្នុងដីគេ អ្នកនោះត្រូវយកផលដំណាំយ៉ាងល្អបំផុតពីស្រែចម្ការរបស់ខ្លួនទៅសងគេវិញ។
6ប្រសិនបើអ្នកណាដុតគុម្ពបន្លា ហើយភ្លើងរាលទៅឆេះកណ្តាប់ស្រូវ ឬស្រូវមិនទាន់ច្រូត ឬវាលស្មៅក្តី នោះអ្នកដែលដុត ត្រូវតែសងទៅម្ចាស់ស្រែ។
7បើអ្នកណាផ្ញើប្រាក់ ឬរបស់អ្វីទុកនឹងអ្នកជិតខាង ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ ប្រសិនបើគេចាប់ចោរបាន នោះចោរត្រូវសងមួយជាពីរ។ 8ប្រសិនបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅចំពោះព្រះ ដើម្បីបញ្ជាក់ថា អ្នកនោះមិនបានចូលដៃយកទ្រព្យរបស់គេឡើយ។
9ក្នុងគ្រប់រឿងដណ្ដើមកម្មសិទ្ធិគ្នា ទោះជាគោ លា ចៀម ខោអាវ ឬរបស់ណាបាត់ក៏ដោយ ដែលម្នាក់ប្រកាន់ថា "នេះជារបស់ខ្ញុំ" នោះរឿងអ្នកទាំងសងខាងត្រូវចូលទៅចំពោះព្រះ ។ អ្នកណាដែលព្រះប្រកាសថាមានទោស អ្នកនោះត្រូវសងគេមួយជាពីរ។
10បើអ្នកណាម្នាក់ផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ 11នោះអ្នកទាំងពីរត្រូវស្បថនឹងគ្នានៅចំពោះព្រះយេហូវ៉ា ដើម្បីបញ្ជាក់ថា អ្នកទទួលបញ្ញើមិនបានចូលដៃយករបស់ទ្រព្យរបស់គេទេ ហើយម្ចាស់សត្វត្រូវតែទទួលយកសម្បថនោះ រួចមិនតម្រូវឲ្យមានសំណងឡើយ។ 12ប៉ុន្តែ បើមានគេលួចសត្វនោះពីអ្នកទទួលបញ្ញើ នោះតម្រូវឲ្យសងទៅម្ចាស់សត្វ។ 13ប្រសិនបើត្រូវសត្វព្រៃហែកស៊ី នោះត្រូវយកចំណែកដែលនៅសល់មកធ្វើជាភស្តុតាង ហើយមិនតម្រូវឲ្យសងដល់សត្វដែលត្រូវហែកហួរនោះទេ។
14ប្រសិនបើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬងាប់ ពេលម្ចាស់មិននៅជាមួយ នោះត្រូវសងពេញថ្លៃ។ 15ប្រសិនបើម្ចាស់វានៅជាមួយ នោះមិនត្រូវសងទេ បើជាសត្វដែលគេជួលវិញ នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។
ច្បាប់សាសនា និងច្បាប់សង្គម
16ប្រសិនបើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំ ដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនាង អ្នកនោះត្រូវបង់បណ្ណាការឲ្យនាង ហើយយកនាងធ្វើជាប្រពន្ធ។ 17ប្រសិនបើឪពុកនាងប្រកែកដាច់ខាតមិនព្រមលើកនាងឲ្យទេ អ្នកនោះត្រូវតែសងតាមតម្លៃបណ្ណាការសម្រាប់ស្ត្រីក្រមុំ។
18មិនត្រូវទុកឲ្យស្ត្រីដែលជាគ្រូអាបធ្មប់នៅរស់ឡើយ។
19អ្នកណាដែលរួមសង្វាសជាមួយសត្វ អ្នកនោះនឹងត្រូវស្លាប់។
20អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណាក្រៅពីព្រះយេហូវ៉ា នោះត្រូវតែបំផ្លាញចោលឲ្យអស់។
21មិនត្រូវធ្វើបាបអ្នកប្រទេសក្រៅ ឬសង្កត់សង្កិនគេឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់នៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។ 22មិនត្រូវធ្វើទុក្ខស្ត្រីមេម៉ាយ ឬកូនកំព្រាណាឡើយ។ 23ប្រសិនបើអ្នកធ្វើទុក្ខគេ ហើយគេអំពាវនាវរកយើង នោះយើងប្រាកដជាស្ដាប់សម្រែករបស់គេមិនខាន 24ហើយសេចក្ដីក្រោធរបស់យើងនឹងក្តៅឡើង យើងនឹងសម្លាប់អ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្រ្ដីមេម៉ាយ ហើយកូនរបស់អ្នកនឹងទៅជាកំព្រា។
25ប្រសិនបើឲ្យប្រជារាស្ត្ររបស់យើងណាមួយ ជាអ្នកទ័លក្រដែលនៅជាមួយអ្នកបានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។ 26ប្រសិនបើទទួលបញ្ចាំអាវធំរបស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច 27ដ្បិតវាអាចជាអាវធំតែមួយរបស់អ្នកនោះសម្រាប់នឹងដណ្ដប់ខ្លួន តើគេនឹងបានអ្វីដណ្តប់នៅពេលដេក? បើគេអំពាវនាវដល់យើង នោះយើងនឹងស្ដាប់ ដ្បិតយើងមានចិត្តអាណិតមេត្តា។
28មិនត្រូវជេរប្រមាថព្រះឡើយ ក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
29មិនត្រូវបង្អង់នឹងថ្វាយភោគផលដំបូងពីស្រែចម្ការ និងពីប្រេងអូលីវរបស់អ្នកមកយើងឡើយ ឯកូនប្រុសច្បងរបស់អ្នកក៏ត្រូវប្រគល់មកយើងដែរ។ 30រីឯកូនដំបូងរបស់គោ និងចៀម នោះក៏ត្រូវឲ្យមកយើងដែរ គឺត្រូវទុកឲ្យនៅជាមួយមេរបស់វារយៈពេលប្រាំពីរថ្ងៃ លុះដល់ថ្ងៃទីប្រាំបី នោះត្រូវឲ្យមកយើង។
31អ្នករាល់គ្នានឹងបានជាមនុស្សបរិសុទ្ធដល់យើង ដូច្នេះ មិនត្រូវបរិភោគសាច់ដែលត្រូវសត្វព្រៃហែកស៊ីនៅឯទីវាលឡើយ គឺត្រូវបោះចោលទៅឲ្យឆ្កែស៊ីវិញ។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 22: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies