និក្ខមនំ 14:1-10

និក្ខមនំ 14:1-10 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​វិល​ទៅ​បោះ​ជំរំ​នៅ​មុខ​ពី​ហា‌ហ៊ីរ៉ុថ នៅ​ចន្លោះ​ស្រុក​មីកដុល និង​សមុទ្រ ទល់​មុខ​បាស-សេផុន​វិញ ត្រូវ​បោះ​ជំរំ​ទល់​មុខ​ទី​នោះ នៅ​ជិត​មាត់​សមុទ្រ។ ផារ៉ោន​នឹង​និយាយ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ថា "គេ​វង្វេង​ក្នុង​ស្រុក​នោះ​ហើយ ទី​រហោ‌ស្ថាន​បាន​បិទ​គេ​ជិត​ជុំ‌វិញ"។ យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង ហើយ​ដេញ​តាម​‌គេ តែ​យើង​នឹង​បាន​កិត្តិ‌សព្ទ​ដោយ‌សារ​បំបាក់​ផារ៉ោន និង​កង​ទ័ព​ទាំង​ប៉ុន្មាន​របស់​ស្ដេច នោះ​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។ គេ​ក៏​ធ្វើ​ដូច្នោះ។ កាលមាន​គេ​ទូល​ស្តេច​ស្រុក​អេស៊ីព្ទ​ថា ពួក​អ៊ីស្រា‌អែល​បាន​រត់​បាត់​អស់​ហើយ នោះ​ផារ៉ោន និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ក៏​ប្រែ​គំនិត​ចំពោះ​ពួក​អ៊ីស្រា‌អែល ហើយ​ពោល​ថា៖ «តើ​យើង​បាន​ធ្វើ​អ្វី​ដូច្នេះ ដោយ​បណ្ដោយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​រួច​ពី​ការ​បម្រើ​យើង​បែប​នេះ?» ដូច្នេះ ផារ៉ោន​ក៏​ឲ្យ​គេ​ទឹម​រាជ‌រថ ហើយ​នាំ​កង​ទ័ព​ទៅ​ជា‌មួយ។ ស្ដេច​រើស​យក​រទេះ​ចម្បាំង​បាន​ប្រាំមួយ​រយ ហើយ​ក៏​យក​អស់​ទាំង​រទេះ​ចម្បាំង​នៅ​ស្រុក​អេស៊ីព្ទ គ្រប់​រទេះ​ទាំង​នោះ​សុទ្ធ​តែ​មាន​មេ‌ទ័ព​គ្រប់​គ្រង។ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផារ៉ោន​ស្តេច​ស្រុក​អេស៊ីព្ទ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង ហើយ​ស្តេច​បាន​ដេញ​តាម​កូន​ចៅ​អ៊ីស្រា‌អែល តែ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ដោយ​មាន​ជ័យ‌ជម្នះ។ សាសន៍​អេស៊ីព្ទ​បាន​ដេញ​តាម មាន​ទាំង​សេះ ទាំង​រាជ‌រថ​របស់​ផារ៉ោន ពួក​ពល​សេះ និង​ពួក​ពល​ថ្មើរ​ជើង​របស់​ស្ដេច ក៏​ទាន់​ពួក‌គេ​នៅ​ត្រង់​ទី​បោះ​ជំរំ ក្បែរ​សមុទ្រ​ដែល​នៅ​ជិត​ពីហា‌ហ៊ីរ៉ុថ ទល់​មុខ​នឹង​បាល-សេផុន។ កាល​ផារ៉ោន​ចូល​ទៅ​ជិត កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ងើប​ភ្នែក​ឡើង ឃើញ​សាសន៍​អេស៊ីព្ទ​ដេញ​តាម​ពី​ក្រោយ គេ​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា។

អាន និក្ខមនំ 14