នាង​អេសធើរ ពាក្យ​លំនាំ

ពាក្យ​លំនាំ
គម្ពីរ​នាង​អេសធើរ រៀប​រាប់​អំពី​របៀប​ដែល​ជន‌ជាតិ​យូដា​រួច​ផុត​ពី​ការ​ប្រល័យ​ពូជ​សាសន៍។ ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ជំនាន់​ដែល​ចក្រ‌ភព​ពើរ​ស៊ីត្រួត‌ត្រា​លើ​មជ្ឈិម‌បូព៌ា​ប្រទេស គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា រហូត​ដល់​ស្រុក​អេធីយ៉ូពី។ ជន‌ជាតិ​យូដា​មួយ​ចំនួន​ធំ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន ពុំ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​ពេល​ជន‌ជាតិ​បាប៊ី‌ឡូន​បែក​ស្រុក (ឆ្នាំ ៥៣៩ មុន គ.ស.) នោះ​ឡើយ។ ជន‌ជាតិ​យូដា​ទាំង​នោះ តែង​ជួប​ប្រទះ​នូវ​ការ​ប្រឆាំង​ពី​សំណាក់​ជាតិ​សាសន៍​ផ្សេងៗ​ដែល​រស់​នៅ​ជា​មួយ​ពួក‌គេ ដ្បិត​ជន‌ជាតិ​យូដា​មាន​ជំនឿ​សាសនា និង​ទំនៀម‌ទម្លាប់ ខុស​ប្លែក​ពី​សាសន៍​ដទៃ។ កណ្ឌ‌គម្ពីរ​នេះ​រៀប​រាប់​ប្រាប់​យើង​អំពី​វិវាទ​រវាង​លោក​ហាម៉ាន ជា​មហា‌មន្ត្រី​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស​នឹង​លោក​ម៉ាដេ‌កាយជា​ជន‌ជាតិ​យូដា ដែល​បណ្ដាល​ឲ្យ​មាន​គម្រោង​ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​មូល។ ប៉ុន្តែ នាង​អេសធើរ ជា​ក្មួយ​របស់​លោក​ម៉ា‌ដេកាយ បាន​ឡើង​ទៅ​ជា​អគ្គមហេសី ហើយ​រំដោះ​ជន‌ជាតិ​យូដា​ឲ្យ​រួច​ផុត​ពី​ការ​ប្រល័យ​ពូជ​សាសន៍។ ថ្ងៃ​ដែល​គេ​គ្រោង​ទុក​ដើម្បី​ប្រល័យ​ពូជ​សាសន៍​យូដា បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​ដែល​ជន‌ជាតិ​យូដា​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ ហើយ​ថ្ងៃ​នោះ​ជា​ដើម​កំណើត​នៃ​ពិធី​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ឈ្មោះ «បុណ្យ​ពួរីម»។ គម្ពីរ​នាង​អេសធើរ បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​គំនិត​ជាតិ​និយម​របស់​ជន‌ជាតិ​យូដា ដែល​ជំរុញ​ឲ្យ​ពួក‌គេ​មាន​បំណង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។ គំនិត​សង‌សឹក​នេះ ជា​ប្រតិ‌កម្ម​នឹង​ការ​ប្រកាន់​ពូជ​សាសន៍ ព្រម​ទាំង​អំពើ​ហិង្សា​របស់​សាសន៍​ដទៃ​ចំពោះ​ជន‌ជាតិ​យូដា។ គម្ពីរ​នាង​អេសធើរ​ធ្វើ​ឲ្យ​យើង​ចង​ចាំ​ថា ការ​ប្រកាន់​ពូជ​សាសន៍ ការ​មិន​ព្រម​ទទួល​អ្នក​ដទៃ បង្ក​ឲ្យ​មាន​តែ​អំពើ​ហិង្សា ហើយ​អំពើ​ហិង្សា បង្ក​ឲ្យ​មាន​តែ​អំពើ​ហិង្សា​រឹត​តែ​ខ្លាំង​ថែម​ទៀត។
នៅ​ជំនាន់​មួយ​ដែល​ជន‌ជាតិ​យូដា​បាត់‌បង់​បូរណ‌ភាព​ទឹក​ដី ហើយ​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​សាសន៍​ដទៃ ពួក‌គេ​លែង​មាន​សង្ឃឹម​ថា​នឹង​ទទួល​ឯក‌រាជ្យ​ជាតិ​ទៀត​ហើយ។ រឿង «ព្រះ‌នាង​អេសធើរ» រំឭក​ពួក‌គេ​អំពី​ការ​រំដោះ​មួយ​ដ៏​ធំ​ធេង ដែល​ផ្តល់​ឲ្យ​ពួក‌គេ​មាន​សេចក្ដី​សង្ឃឹម​ឡើង​វិញ។

ទើបបានជ្រើសរើសហើយ៖

នាង​អេសធើរ ពាក្យ​លំនាំ: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ