នាង​អេសធើរ 9:18-22

នាង​អេសធើរ 9:18-22 គកស១៦

ប៉ុន្ដែ ពួក​សាសន៍​យូដា​ដែល​នៅ​ក្រុង​ស៊ូសាន បានប្រ​មូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទីដប់​បី និង​នៅ​ថ្ងៃ​ទី​ដប់​បួន ហើយ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ដោយ​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់‌លៀង ហើយ​សប្បាយ​រីក‌រាយ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ដែល​រស់​នៅ​តាម​ជន​បទ ខាង​ក្រៅ​ទី​ក្រុង គេ​នាំ​គ្នា​កាន់​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ផល្គុន ជា​ថ្ងៃ​សប្បាយ​រីក‌រាយ ហើយ​ជប់‌លៀង និង​ជា​ថ្ងៃ​មួយ​ដែល​គេ​ជូន​ជំនូន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ឯ​ម៉ា‌ដេកាយ បាន​កត់​ត្រា​សេចក្ដី​ទាំង​នេះ ហើយ​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ ដោយ​បង្គាប់​ឲ្យ​ពួក‌គេ​កាន់​ថ្ងៃ​ទី​ដប់​បួន ខែ​ផល្គុន និង​ថ្ងៃ​ទី​ដប់​ប្រាំ​ផង ជា​រៀង​រាល់​ឆ្នាំ ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ​ដែល​ទុក្ខ​ព្រួយ​របស់​គេ ត្រឡប់​ជា​អំណរ​សប្បាយ ពី​ការ​សោយ​សោក ត្រឡប់​ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​គេ​តាំង​ថ្ងៃ​ទាំង​ពីរ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ហើយ​អរ​សប្បាយ ជា​ថ្ងៃ​សម្រាប់​ជូន​ជំនូន​ជា​អាហារ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចែក​ទាន​ដល់​អ្នក​ក្រី​ក្រ។