នាង​អេសធើរ 3:7-15

នាង​អេសធើរ 3:7-15 គកស១៦

នៅ​ខែ​ទីមួយ ដែល​ជា​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ដប់​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អ័ហា‌ស៊ូរុស គេ​វាយ​លេខ​តាម​របៀន «ពោរ» នៅ​មុខ​ហាម៉ាន ដើម្បី​ដេញ​រក​ថ្ងៃ​ខែ ហើយ​ក៏​ត្រូវចំលើថ្ងៃ​ទីដប់​បី នៃ​ខែ​ទី​ដប់​ពីរ ដែល​ត្រូវ​ជា​ខែ​ផល្គុន។ ពេល​នោះ ហាម៉ាន​ទូលព្រះ‌បាទ​អ័ហា‌ស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ ដែល​ខ្ចាត់‌ខ្ចាយ​នៅ​កណ្ដាល់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ក្នុងអស់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌ករុណា ពួក‌គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃជាតិ​សាសន៍​ទាំង​អស់ ហើយ​គេ​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ទេ ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​ពួក‌គេ​រស់​នៅ​ទៀត​ឡើយ។ ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ចេញ​បញ្ជា​ឲ្យ​បំផ្លាញ​ពួកគេ​ចេញ​ទៅ ទូល‌បង្គំ​នឹង​ប្រគល់​ប្រាក់​មួយ​ម៉ឺន​ហាប​ទៅ​ក្នុង​ឃ្លាំង​ហ្លួង សម្រាប់​ពួក​អ្នក​ដែល​ចាត់‌ចែង​ការ​នោះ»។ ដូច្នេះ ស្ដេច​ក៏​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ប្រគល់​ទៅ​ឲ្យ​ហាម៉ាន ជា​កូន​ហាំ‌ម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា។ ស្ដេច​មាន​រាជ​ឱង្ការ​ទៅ​កាន់​ហាម៉ាន​ថា៖ «ប្រាក់​នោះ​យើង​ប្រគល់​ឲ្យ​អ្នក ហើយ​សាសន៍​នោះ​ក៏​យើង​ប្រគល់​ឲ្យ​អ្នក​ដែរ ដើម្បី​ឲ្យ​អ្នកប្រព្រឹត្ត​ចំពោះពួក‌គេ តាម​តែលោកយល់​ឃើញ​ថា​ល្អ​ចុះ»។ នៅ​ថ្ងៃ​ដប់​បី ក្នុង​ខែ​ទីមួយ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក ឲ្យ​សរសេរ​គ្រប់​ទាំង​សេចក្ដី​ដែល​ហាម៉ាន​បង្គាប់​ដល់​ពួក​នាយក​តំណាង​ស្តេច ពួក​ចៅ‌ហ្វាយ​ខេត្ត​ដែល​គ្រប់​គ្រង​នៅ​គ្រប់​អាណា​ខេត្ត និង​ពួក​មន្ត្រី​គ្រប់​ទាំង​សាសន៍ គឺ​ដល់​គ្រប់​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ដល់​គ្រប់​សាសន៍ តាម​ភាសា​របស់​គេ ច្បាប់​នោះ​បាន​កត់​ទុក​ក្នុង​នាម​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ក៏​បោះ​ត្រា​ដោយ​ព្រះ‌ទម្រង់​របស់​ស្តេច​ទៀត​ផង។ គេ​ផ្ញើ​សំបុត្រ​ទាំង​នោះ​ទៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ស្តេច ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ បញ្ជា​ឲ្យ​បំផ្លាញ សម្លាប់ ហើយ​ធ្វើ​ឲ្យ​សាសន៍​យូដា​ទាំង​អស់​វិនាស​សាប​សូន្យ ទាំង​ចាស់ ទាំង​ក្មេង ទាំង​ស្ត្រី ទាំង​ទារក ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​ដប់​បី ខែ​ទី​ដប់​ពីរ ដែល​ត្រូវ​ជា​ខែ​ផល្គុន ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ អា​ណា​ខេត្ត​នីមួយៗ បាន​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដើម្បី​ឲ្យ​គេ​បាន​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ថ្ងៃ​នោះ។ ពួក​អ្នក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់ តាម​បញ្ជា​របស់​ស្តេច ហើយ​‌គេ​បាន​ប្រកាស​រាជ‌ក្រឹត្យ​នោះនៅ​ស៊ូសាន ជា​ក្រុង​ហ្លួង។ ពេល​នោះ ស្តេច​គង់​សោយ​ស្រា​ជាមួយ​ហាម៉ាន តែ​ឯ​ទី​ក្រុង​ស៊ូសាន មាន​ការ​ច្រួល​ច្របល់​កើត​ឡើង​ជា​ខ្លាំង។