អេភេសូរ 6

6
ទំនាក់​ទំនង​រវាង​ឪពុក‌ម្ដាយ​នឹង​កូន
1ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​របស់​ខ្លួន​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។ 2«ចូរ​គោរព​ឪពុក​ម្ដាយ​របស់​ខ្លួន (នេះ​ជា​ព្រះឱវាទ​ទីមួយ ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង) 3ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សុខ ហើយ​មាន​អាយុ​វែង​នៅ​ផែន​លើ​ផែនដី ។»
4ឪពុក​រាល់​គ្នា​អើយ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​ឡើយ តែ​ត្រូវ​អប់រំ​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់​តឿន​របស់​ព្រះ‌អម្ចាស់​វិញ។
ទំនាក់​ទំនង​រវាង​ទាសករ​នឹង​ម្ចាស់
5អ្នក​បម្រើ​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​របស់​ខ្លួន​ខាង​សាច់​ឈាម ដោយ​គោរព​កោត​ខ្លាច ហើយ​ញាប់‌ញ័រ ទាំង​មាន​ចិត្ត​ទៀង​ត្រង់ ដូច​ស្ដាប់​បង្គាប់​ព្រះ‌គ្រីស្ទ 6មិន​មែន​បម្រើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ឡើយ គឺ​ត្រូវ​បម្រើ​ដូច​ជា​បាវ​បម្រើ​របស់​ព្រះ‌គ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះ‌ហឫ័យ​របស់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត។ 7ចូរ​បម្រើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដូច​បម្រើ​ព្រះ‌អម្ចាស់ មិន​មែន​បម្រើ​មនុស្ស​ឡើយ 8ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​មនុស្ស​ម្នាក់ៗ​ធ្វើ នោះ​នឹង​ទទួល​រង្វាន់​ពី​ព្រះ‌អម្ចាស់ ទោះ​ជា​បាវ​បម្រើ ឬ​អ្នក​ជា​ក្តី។
9ចៅ‌ហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​បាវ​បម្រើ​ដូច្នោះ​ដែរ ត្រូវ​ឈប់​គំរាម​កំហែង​ទៅ ដោយ​ដឹង​ថា ចៅ​ហ្វាយ​របស់​គេ​ដែល​គង់​នៅ​ស្ថាន​សួគ៌ ក៏​ជា​ចៅ​ហ្វាយ​របស់​អ្នក​រាល់​គ្នា​ដែរ ហើយ​ព្រះ‌អង្គ​មិន​រើស​មុខ​អ្នក​ណា​ឡើយ។
ពាក់​គ្រឿង​សឹក​របស់​ព្រះ
10លើស​ពី​នេះ ចូរ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ និង​ក្នុង​ឫទ្ធិ‌បារមី​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ 11ចូរ​ពាក់​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ទាស់​នឹង​ឧបាយ​កល​របស់​អារក្ស​បាន។ 12ដ្បិត​យើង​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​តយុទ្ធ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ ហើយ​ត​យុទ្ធ​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែរ។ 13ហេតុ​នេះ ត្រូវ​ប្រើ​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន ហើយ​ក្រោយ​ពី​បាន​តយុទ្ធ​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​នៅ​តែ​ឈរ​មាំ​ដដែល។ 14ដូច្នេះ ចូរ​ឈរ​ឲ្យ​មាំ ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្តី​សុចរិត​ជា​អាវ​ក្រោះ។ 15ចូរ​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្តី​សុខ​សាន្ត ទុក​ជា​ស្បែក​ជើង។ 16បន្ថែម​ទៅ​នឹង​សេចក្ដី​ទាំង​នេះ ចូរ​យក​ជំនឿ​ទុក​ជា​ខែល ដែល​អ្នក​រាល់​គ្នា​អាច​នឹង​រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​អា​កំណាច ដោយ​សារ​ខែល​នោះ។ 17ចូរ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មួក​សឹក និង​ដាវ​របស់​ព្រះ‌វិញ្ញាណ ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ។
18ចូរ​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​គ្រប់​ពេល​វេលា ដោយ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​គ្រប់​យ៉ាង ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់។ 19ចូរ​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង សូម​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សម្ដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លា‌ហាន ដើម្បី​ប្រាប់​គេ​ពី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ 20ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ ហើយ​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដោយ​ក្លា‌ហាន តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។
បញ្ហា​ផ្ទាល់​ខ្លួន និង​ពាក្យ​ប្រសិ‌ទ្ធពរ
21លោក​ទី​ឃី‌កុស ជា​បង‌ប្អូន​ស្ងួន‌ភ្ងា និង​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់​ក្នុង​ព្រះ‌អម្ចាស់ នឹង​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ អំពី​ដំណើរ​របស់​ខ្ញុំ និង​ពី​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ។ 22ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា សម្រាប់​គោល​បំណង​នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​អំពី​ដំណើរ​របស់​យើង ហើយ​ឲ្យ​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ផង។
23សូម​ឲ្យ​ពួក​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត និង​សេចក្តី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​ពី​ព្រះ ជា​ព្រះ‌វរបិតា និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ 24សូម​ឲ្យ​ព្រះ​គុណ​បាន​សណ្ឋិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

អេភេសូរ 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល