សាស្តា 9
9
ទទួលយកជីវិតដែលមាន
1គ្រប់ការទាំងនេះ យើងបានពិចារណានៅក្នុងចិត្ត ដើម្បីឲ្យបានយល់ច្បាស់ ឃើញថាមនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មាន សុទ្ធតែនៅក្នុងអំណាចព្រះហស្តរបស់ព្រះ ទោះបើការនោះមកដោយស្រឡាញ់ ឬសម្អប់ក្តី នោះមនុស្សមិនយល់ទេ ប៉ុន្តែ ការទាំងអស់ឃើញច្បាស់នៅចំពោះមុខគេ 2គ្រប់ការកើតដល់មនុស្សទាំងអស់ដូចគ្នា ដ្បិតមានការមួយដូចគ្នាកើតដល់មនុស្ស ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សស្អាត និងមនុស្សមិនស្អាត ទាំងអ្នកដែលថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ មនុស្សល្អយ៉ាងណា មនុស្សមានបាបក៏យ៉ាងនោះដែរ ហើយអ្នកដែលស្បថ ក៏ដូចជាអ្នកដែលមិនហ៊ានស្បថដែរ។ 3នេះជាការអាក្រក់មួយក្នុងអស់ទាំងការ ដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្ដីតែមួយដដែល កើតដល់មនុស្សទាំងអស់ ចិត្តរបស់មនុស្សជាតិក៏ពេញដោយការអាក្រក់ ហើយក៏មានការចម្កួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់។ 4ដ្បិតមានសេចក្ដីសង្ឃឹមចំពោះអ្នកណា ដែលនៅជាប់ក្នុងពួកមនុស្សរស់នៅឡើយ ព្រោះថា សូម្បីតែឆ្កែរស់ គង់វិសេសជាងសិង្ហស្លាប់ដែរ។ 5ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ព្រោះនឹកចាំពីគេបានសូន្យបាត់ហើយ។ 6ការស្រឡាញ់ ការស្អប់ និងការឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។
7ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។ 8ចូរឲ្យសម្លៀកបំពាក់របស់ឯងបានសជានិច្ច ហើយកុំខានមានប្រេង នៅលើក្បាលឯងដែរ។ 9ចូររស់នៅដោយអំណរ ជាមួយប្រពន្ធជាទីស្រឡាញ់របស់ឯងដរាប ពេលដែលឯងរស់នៅក្នុងជីវិតដ៏ឥតប្រយោជន៍ដែលព្រះអង្គបានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយជីវិតឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង។ 10ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
11យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។ 12ព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាមមួយរំពេចដែរ។
ប្រាជ្ញាប្រសើរជាងមនុស្សល្ងង់ខ្លៅ
13យើងក៏ឃើញប្រាជ្ញាបែបយ៉ាងនេះទៀតនៅក្រោមថ្ងៃ ហើយប្រាជ្ញានោះក៏មើលទៅដូចជាធំប្រសើរដល់យើងដែរ។ 14គឺមានទីក្រុងមួយតូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំមួយមកទាស់ ក៏ឡោមព័ទ្ធ ហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ។ 15រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ។ 16ខ្ញុំយល់ថា ប្រាជ្ញាវិសេសជាងកម្លាំង ប៉ុន្តែ គេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ។
17ការដែលស្តាប់ពាក្យរបស់មនុស្ស
មានប្រាជ្ញានៅក្នុងទីស្ងាត់
នោះវិសេសជាងសម្រែករបស់អ្នក
ដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ។
18ប្រាជ្ញាតែងវិសេសជាងគ្រឿងចម្បាំង
តែមនុស្សមានបាបតែម្នាក់
រមែងបំផ្លាញការល្អជាច្រើន។
ទើបបានជ្រើសរើសហើយ៖
សាស្តា 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies