សាស្តា 7

7
ស្រងាក​ចិត្ត​នឹង​ជីវិត
1នាម​ឈ្មោះ​ល្អ
នោះ​វិសេស​ជាង​ប្រេង​ក្រអូប​មាន​តម្លៃ
ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ
2ស៊ូ​ទៅ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ
ជា​ជាង​ទៅ​ផ្ទះ​ដែល​មាន​ការ​ជប់‌លៀង
ដ្បិត​មរណ‌ភាព​ជា​ចុង​បំផុត
របស់​មនុស្ស​ទាំង‌ឡាយ
ហើយ​មនុស្ស​ដែល​នៅ​រស់
នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ។
3សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍
ជាង​សំណើច
ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្ដាល​ឲ្យ
ចិត្ត​សប្បាយ​ឡើង។
4ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា
តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក
តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ
ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។
5ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​របស់​មនុស្ស
មាន​ប្រាជ្ញា​វិសេស​ដល់​មនុស្ស
ជា​ជាង​ស្តាប់​បទ​ចម្រៀង​របស់​ពួក​ល្ងី‌លើ
6ដ្បិត​សំណើច​របស់​មនុស្ស​ល្ងី‌ល្ងើ
នោះ​ឮ​ដូច​ជា​សូរ​គុក‌គឹក
ពី​បន្លា​ដែល​ឆេះ​ក្រោម​ឆ្នាំង
នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ
7ពិត​ប្រាកដ​ជា​ការ​សង្កត់‌សង្កិន​រមែង​បណ្ដាល​ឲ្យ
មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ
ហើយ​សំណូក​ក៏​បង្ខូច​គំនិត​ផង។
8ការ​បង្ហើយ​អ្វីៗ វិសេស​ជាង​ចាប់​ផ្តើម​ការ​ទៅ​ទៀត
ហើយ​ដែល​មាន​ចិត្ត​អត់‌ធ្មត់
វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ។
9កុំ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ
ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង
របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ។
10កុំ​ឲ្យ​សួរ​ថា «ហេតុ​អ្វី​បាន​ជា​សម័យ​មុន
ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ?»
ដ្បិត​ដែល​សួរ​ដូច្នេះ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។
11ឯ​ប្រាជ្ញា​នោះ​ល្អ​ស្មើ​នឹង​មត៌ក
ក៏​វិសេស​ដល់​ពួក​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​ផង។
12ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការពារ​ខ្លួន
ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការពារ​ខ្លួន​ដែរ
ប៉ុន្តែ អ្វី​ដែល​វិសេស​ជាង​ចំណេះ
គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត
របស់​ពួក​អ្នក​មាន​ប្រាជ្ញា​ឲ្យ​គង់​នៅ។
13ចូរ​ពិចារ‌ណា​ស្នាដៃ​របស់​ព្រះ
ដ្បិត​របស់​អ្វី​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្ងិច‌ក្ងក់
តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន?
14នៅ​គ្រា​ដែល​មាន​សេចក្ដី​ចម្រើន ចូរ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី ចូរ​ពិចារ‌ណា​វិញ ព្រះ​បាន​ដាក់​ទាំង​ពីរ​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​នៅ​ពេល​ក្រោយ។
ពាក្យ​ប្រដៅ​សម្រាប់​ជីវិត
15ក្នុង​អាយុ​ឥត​ប្រយោជន៍​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​សេចក្ដី​ទាំង​នេះ គឺ​ថា​មាន​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ​ក្នុង​សេចក្ដី​សុចរិត​របស់​ខ្លួន ហើយ​ក៏​មាន​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​ចម្រើន​នៅ​យូរ ក្នុង​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ 16ដូច្នេះ កុំ​ឲ្យ​ប្រព្រឹត្ត​ជា​មនុស្ស​សុចរិត​ហួស​ល្បត់​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា​លើស​លន់​ដែរ តើ​ចង់​បំផ្លាញ​ខ្លួន​ធ្វើ​អី? 17ម្យ៉ាង​ទៀត កុំ​ប្រព្រឹត្ត​អាក្រក់​ហួស​ល្បត់ ក៏​កុំ​ឲ្យ​ល្ងី‌ល្ងើ​ពេក​ដែរ ឯង​ចង់​ស្លាប់​មុន​កំណត់​ធ្វើ​អី? 18ល្អ​ណាស់​ហើយ បើ​ឯង​ចាប់​យក​សេចក្ដី​មួយ​នេះ ហើយ​កុំ​ឲ្យ​ដក​ដៃ​ពី​សេចក្ដី​មួយ​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ នឹង​ចៀស​ចេញ​រួច​ពី​សេចក្ដី​ទាំង​នេះ​បាន។
19ប្រាជ្ញា​រមែង​ជា​កម្លាំង​ដល់​មនុស្ស​មាន​ប្រាជ្ញា ជា​ជាង​អ្នក​គ្រប់‌គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​មួយ
20ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​សោះ​នោះ​ទេ។
21មួយ​ទៀត កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ទាំង​អស់​ដែល​គេ​ពោល​ឡើយ ក្រែង​ឯង​ឮ​បាវ​បម្រើ​និយាយ​អាក្រក់​ពី​ឯង។
22ដ្បិត​ចិត្ត​ឯង​ក៏​ដឹង​ហើយ​ថា ឯង​បាន​ជេរ​គេ​ដូច្នោះ​ជា​ច្រើន​ដង​ដែរ។
23ខ្ញុំ​បាន​ល​មើល ឲ្យ​ដឹង​សេចក្ដី​ទាំង​នេះ​ច្បាស់​ដោយ​ប្រាជ្ញា​ហើយ ខ្ញុំ​បាន​សម្រេច​ថា ខ្ញុំ​នឹង​បាន​ប្រាជ្ញា ប៉ុន្តែ ប្រាជ្ញា​នៅ​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ឡើយ។ 24ប្រាជ្ញា​ដែល​មាន​ទាំង​ប៉ុន្មាន នោះ​នៅ​ឆ្ងាយ ហើយ​ក៏​ជ្រៅ​ណាស់​ផង តើ​នរណា​អាច​ស្ទង់​យល់​បាន? 25ខ្ញុំ​ក៏​វិល​មក​ផ្ចង់​ចិត្ត​ឲ្យ​បាន​ដឹង ឲ្យ​ស្វះ‌ស្វែង ហើយ​សួរ​រក​ប្រាជ្ញា និង​ហេតុ​ការ​ផ្សេងៗ ហើយ​ឲ្យ​បាន​ដឹង​ថា អំពើ​អាក្រក់​ជា​សេចក្ដី​ល្ងី‌ល្ងើ ហើយ​ថា សេចក្ដី​ល្ងី‌ល្ងើ​នោះ​ជា​សេចក្ដី​ចម្កួត​ផង។ 26ខ្ញុំ​ក៏​បាន​ឃើញ​ថា ស្ត្រី​ដែល​មាន​ចិត្ត ជា​អន្ទាក់ ជា​លប់ ហើយ​ដែល​ដៃ​ជា​ចំណង​ផង នាង​នោះ​ជា​ទី​ជូរ​ចត់​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត អ្នក​ណា​ដែល​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​នឹង​បាន​គេច​រួច​ពី​ស្ត្រី​នោះ តែ​មនុស្ស​មាន​បាប​នឹង​ត្រូវ​វា​ចាប់​បាន​វិញ។ 27គ្រូ​ប្រដៅ មាន​ប្រសាសន៍​ថា សេចក្ដី​នោះ ខ្ញុំ​បាន​ស្វែង​រក​ឃើញ​ហើយ ដោយ​បូក​រួម​សេចក្ដី​នេះ​ម្ដង​មួយៗ​ដើម្បី​ឲ្យ​បាន​ដឹង​ហេតុ។ 28ក៏​មាន​សេចក្ដី​នេះ​ទៀត ដែល​ចិត្ត​ខ្ញុំ​កំពុង​តែ​រក តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ក្នុង​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ប្រុស​ពិត​តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ ខ្ញុំ​រក​ស្រី​ពិត​តែ​មួយ​ក៏​មិន​បាន​ផង។ 29មើល​ខ្ញុំ​បាន​ឃើញ​តែ​ប៉ុណ្ណោះ គឺ​ថា​ព្រះ​បាន​បង្កើត​មនុស្ស​មក​ជា​ទៀង​ត្រង់ ប៉ុន្តែ គេ​បាន​ស្វែង​រក​បង្កើត​ការ​អាក្រក់​ជា​ច្រើន​វិញ។

ទើបបានជ្រើសរើសហើយ៖

សាស្តា 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល