សាស្តា 7
7
ស្រងាកចិត្តនឹងជីវិត
1នាមឈ្មោះល្អ
នោះវិសេសជាងប្រេងក្រអូបមានតម្លៃ
ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ
2ស៊ូទៅផ្ទះដែលមានការកាន់ទុក្ខ
ជាជាងទៅផ្ទះដែលមានការជប់លៀង
ដ្បិតមរណភាពជាចុងបំផុត
របស់មនុស្សទាំងឡាយ
ហើយមនុស្សដែលនៅរស់
នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ។
3សេចក្ដីសោយសោកមានប្រយោជន៍
ជាងសំណើច
ដ្បិតទឹកមុខព្រួយរមែងបណ្ដាលឲ្យ
ចិត្តសប្បាយឡើង។
4ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញា
តែងតែនៅក្នុងផ្ទះដែលមានការសោយសោក
តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះ
ដែលមានការសប្បាយរីករាយវិញ។
5ឯការដែលស្តាប់ពាក្យបន្ទោសរបស់មនុស្ស
មានប្រាជ្ញាវិសេសដល់មនុស្ស
ជាជាងស្តាប់បទចម្រៀងរបស់ពួកល្ងីលើ
6ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ
នោះឮដូចជាសូរគុកគឹក
ពីបន្លាដែលឆេះក្រោមឆ្នាំង
នេះក៏ជាការឥតប្រយោជន៍ទទេ
7ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្ដាលឲ្យ
មនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ
ហើយសំណូកក៏បង្ខូចគំនិតផង។
8ការបង្ហើយអ្វីៗ វិសេសជាងចាប់ផ្តើមការទៅទៀត
ហើយដែលមានចិត្តអត់ធ្មត់
វិសេសជាងមានចិត្តអំនួតដែរ។
9កុំមានចិត្តរហ័សខឹងឡើយ
ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូង
របស់មនុស្សល្ងីល្ងើទេ។
10កុំឲ្យសួរថា «ហេតុអ្វីបានជាសម័យមុន
ល្អជាងសម័យសព្វថ្ងៃនេះ?»
ដ្បិតដែលសួរដូច្នេះ មិនមែនដោយប្រាជ្ញាទេ។
11ឯប្រាជ្ញានោះល្អស្មើនឹងមត៌ក
ក៏វិសេសដល់ពួកអ្នកដែលឃើញពន្លឺថ្ងៃផង។
12ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន
ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ
ប៉ុន្តែ អ្វីដែលវិសេសជាងចំណេះ
គឺថាប្រាជ្ញារមែងតែរក្សាជីវិត
របស់ពួកអ្នកមានប្រាជ្ញាឲ្យគង់នៅ។
13ចូរពិចារណាស្នាដៃរបស់ព្រះ
ដ្បិតរបស់អ្វីដែលព្រះអង្គបានធ្វើឲ្យក្ងិចក្ងក់
តើអ្នកណាអាចធ្វើឲ្យត្រង់វិញបាន?
14នៅគ្រាដែលមានសេចក្ដីចម្រើន ចូរមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី ចូរពិចារណាវិញ ព្រះបានដាក់ទាំងពីរនោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកនៅពេលក្រោយ។
ពាក្យប្រដៅសម្រាប់ជីវិត
15ក្នុងអាយុឥតប្រយោជន៍របស់ខ្ញុំ ខ្ញុំបានឃើញសេចក្ដីទាំងនេះ គឺថាមានមនុស្សសុចរិតដែលវិនាសទៅក្នុងសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់ដែលមានជីវិតចម្រើននៅយូរ ក្នុងអំពើអាក្រក់របស់ខ្លួនដែរ 16ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី? 17ម្យ៉ាងទៀត កុំប្រព្រឹត្តអាក្រក់ហួសល្បត់ ក៏កុំឲ្យល្ងីល្ងើពេកដែរ ឯងចង់ស្លាប់មុនកំណត់ធ្វើអី? 18ល្អណាស់ហើយ បើឯងចាប់យកសេចក្ដីមួយនេះ ហើយកុំឲ្យដកដៃពីសេចក្ដីមួយនោះផង ដ្បិតអ្នកណាដែលកោតខ្លាចដល់ព្រះ នឹងចៀសចេញរួចពីសេចក្ដីទាំងនេះបាន។
19ប្រាជ្ញារមែងជាកម្លាំងដល់មនុស្សមានប្រាជ្ញា ជាជាងអ្នកគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយ
20ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបសោះនោះទេ។
21មួយទៀត កុំឲ្យយកចិត្តទុកដាក់ចំពោះពាក្យទាំងអស់ដែលគេពោលឡើយ ក្រែងឯងឮបាវបម្រើនិយាយអាក្រក់ពីឯង។
22ដ្បិតចិត្តឯងក៏ដឹងហើយថា ឯងបានជេរគេដូច្នោះជាច្រើនដងដែរ។
23ខ្ញុំបានលមើល ឲ្យដឹងសេចក្ដីទាំងនេះច្បាស់ដោយប្រាជ្ញាហើយ ខ្ញុំបានសម្រេចថា ខ្ញុំនឹងបានប្រាជ្ញា ប៉ុន្តែ ប្រាជ្ញានៅឆ្ងាយពីខ្ញុំនៅឡើយ។ 24ប្រាជ្ញាដែលមានទាំងប៉ុន្មាន នោះនៅឆ្ងាយ ហើយក៏ជ្រៅណាស់ផង តើនរណាអាចស្ទង់យល់បាន? 25ខ្ញុំក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា និងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចម្កួតផង។ 26ខ្ញុំក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ។ 27គ្រូប្រដៅ មានប្រសាសន៍ថា សេចក្ដីនោះ ខ្ញុំបានស្វែងរកឃើញហើយ ដោយបូករួមសេចក្ដីនេះម្ដងមួយៗដើម្បីឲ្យបានដឹងហេតុ។ 28ក៏មានសេចក្ដីនេះទៀត ដែលចិត្តខ្ញុំកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុងមួយពាន់នាក់ ខ្ញុំរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ ខ្ញុំរកស្រីពិតតែមួយក៏មិនបានផង។ 29មើលខ្ញុំបានឃើញតែប៉ុណ្ណោះ គឺថាព្រះបានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែ គេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ។
ទើបបានជ្រើសរើសហើយ៖
សាស្តា 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies