សាស្តា 12
12
1ចូរនឹកចាំពីព្រះអាទិកររបស់អ្នក ក្នុងកាលដែលនៅក្មេងនៅឡើយ មុនថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា «ខ្ញុំអស់សប្បាយហើយ» 2គឺមុនដែលថ្ងៃ ពន្លឺ ខែ និងផ្កាយទាំងប៉ុន្មានត្រឡប់ជាងងឹត ហើយពពកវិលមកវិញក្រោយពេលភ្លៀង 3នៅថ្ងៃដែលពួកអ្នកចាំផ្ទះ ត្រូវញាប់ញ័រ ពួកមនុស្សខ្លាំងពូកែ ត្រូវចុះខ្សោយ ពួកស្រីដែលកិនម្សៅត្រូវឈប់ ដោយព្រោះមានគ្នាតិច ពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅ 4ហើយទ្វារដែលនៅតាមផ្លូវត្រូវបិទ ជាពេលដែលអន់ឮសូរត្បាល់កិន ហើយក៏ស្ទុះក្រោកឡើងដោយឮសំឡេងសត្វហើរយំ ហើយអស់ទាំងសំឡេងកូនស្រីដែលច្រៀងត្រូវចុះខ្សោយ 5គេភ័យខ្លាចនឹងទីកន្លែងខ្ពស់ៗ ក៏មានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងចេញផ្កា ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ ឯសេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ព្រោះមនុស្សតែងឆ្ពោះទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ។ 6គឺមុនដែលខ្សែប្រាក់ដាច់ ចានមាសបែក ក្អមបែកនៅឯក្បាលទឹក ឬរហាត់ទឹកនៅអណ្តូងខូចទៅ 7ហើយធូលីត្រឡប់ជាដីដូចដើមវិញ ហើយវិញ្ញាណ ត្រឡប់ទៅឯព្រះ ដែលព្រះអង្គបានប្រទានមកនោះ 8«ការឥតប្រយោជន៍ទទេៗ» នេះហើយជាពាក្យដែលគ្រូប្រដៅ ពោលទុកថា គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។
អាវសានកថា
9ហើយមួយទៀត ដោយព្រោះគ្រូប្រដៅមានប្រាជ្ញាបានជាលោកបង្រៀនប្រជាជន ឲ្យមានតម្រិះទៅទៀត អើ លោកបានរំពឹងគិត ព្រមទាំងស្វែងរក ហើយតែងពាក្យសុភាសិតជាច្រើន។ 10គ្រូប្រដៅបានស្វែងរកពាក្យពីរោះ និងសេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវ គឺជាពាក្យដ៏ពិតទាំងអស់។
11ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នកដែលប្រមូលកត់ទុកពាក្យប្រាជ្ញនោះ ក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីគង្វាលតែម្នាក់ 12មួយទៀត កូនអើយ ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន មិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន រមែងនាំឲ្យអផ្សុកដល់រូបសាច់។
13សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសម្ដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិរបស់ព្រះអង្គចុះ ដ្បិតនេះជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ។ 14ព្រះនឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚
ទើបបានជ្រើសរើសហើយ៖
សាស្តា 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies