ចោទិយ‌កថា 7

7
ប្រជា‌រាស្ត្រ​មួយ​ដែល​ព្រះ​បាន​ជ្រើស​រើស
1«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ហៀប‌នឹង​ចូល​ទៅ​កាន់កាប់ ហើយ​ព្រះ‌អង្គ​បាន​ដេញ​សាសន៍​ជា​ច្រើន​ពី​មុខអ្នក​ចេញ គឺ​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស សាសន៍​ទាំង​ប្រាំ​ពីរ​នោះ​មាន​គ្នា​ច្រើន ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក 2កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​អ្នក ហើយ​អ្នក​បាន​ឈ្នះ​គេ នោះ​ត្រូវ​បំផ្លាញ​គេ​ឲ្យ​អស់​កុំឲ្យសល់ មិន​ត្រូវ​តាំង​សញ្ញា​ជាមួយ​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ។ 3មិន​ត្រូវ​រៀប‌ការ​ជា‌មួយ​គេ ដោយឲ្យ​កូន​ស្រី​របស់​អ្នក​ទៅ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រីរបស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​អ្នក​ឡើយ 4ដ្បិត​គេ​នឹង​បង្វែរ​កូន​របស់​អ្នក​ចេញពី​យើង ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​នឹង​បំផ្លាញ​អ្នក​យ៉ាង​រហ័ស។ 5ប៉ុន្ដែ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​ស្ដូប​របស់​គេ ហើយ​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នឹង​ភ្លើង​ទៅ។ 6ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែន‌ដី មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។
7ព្រះ‌យេហូវ៉ា​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស​រើស​អ្នក​រាល់​គ្នា មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន​ជាង​សាសន៍​ឯ​ទៀត​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​សាសន៍​មាន​គ្នា​តិច​ជាង​សាសន៍​ទាំង​អស់ 8តែ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​គោរព​តាម​សេចក្ដី​សម្បថ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ជា​ព្រះ‌អង្គ​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​បាន​លោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ទាសករ គឺ​ពី​កណ្ដាប់​ដៃ​របស់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ។ 9ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ពិត​ជា​ព្រះ​មែន គឺ​ជា​ព្រះ​ស្មោះ‌ត្រង់​ដែល​គោរព​តាម​សេចក្ដី‌សញ្ញា និង​សេចក្ដី​សប្បុរស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ រហូត​ដល់​មួយ​ពាន់​តំណ 10ព្រះ‌អង្គ​សង​ដល់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ​នៅ​ប្រទល់​មុខ​គេ ដោយ​បំផ្លាញ​គេ​ចេញ។ ព្រះ‌អង្គ​នឹង​មិន​បង្អង់​ឡើយ​ចំពោះ​អ្នកណា​ដែល​ស្អប់​ព្រះ‌អង្គ គឺ​នឹង​សង​ដល់​អ្នក​នោះ​នៅ​ប្រទល់​មុខ ។ 11ដូច្នេះ ត្រូវ​ប្រយ័ត្ន​នឹង​កាន់​តាម​បទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ​ចុះ»។
ព្រះ​ពរ​នៃ​ការ​ស្ដាប់​បង្គាប់
12«ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​បញ្ញត្តិ​ទាំង​នេះ ទាំង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​ក៏​នឹង​កាន់​តាម​សេចក្ដី‌សញ្ញា និង​សេចក្ដី​សប្បុរស​ចំពោះ​អ្នក ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹងបុព្វ​បុរស​របស់​អ្នកដែរ។ 13ព្រះ‌អង្គ​នឹង​ស្រឡាញ់​អ្នក ព្រម​ទាំង​ប្រទាន​ពរ ហើយ​ចម្រើន​ឲ្យអ្នក​មាន​គ្នា​ច្រើន​ឡើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក និង​ផល​ពី​ដី​របស់​អ្នក គឺ​ជា​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ព្រម​ទាំង​ផល​ចម្រើន​ពី​ហ្វូង​គោ និង​កូន​ពី​ហ្វូង​ចៀម​របស់​អ្នក នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹងបុព្វ​បុរស​របស់អ្នក​ថា នឹង​ប្រគល់​ឲ្យ​អ្នក។ 14អ្នក​នឹង​បាន​ពរ​លើស​អស់​ទាំង​ជាតិ​សាសន៍​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នឹង​គ្មាន​ប្រុស ឬ​ស្រី សត្វ​ឈ្មោល ឬ​ញី​ណា នៅ​ជា​អារ​ទេ។ 15ព្រះ‌យេហូវ៉ា​នឹង​ដក​អស់​ទាំង​ជំងឺ​ចេញពី​អ្នក ហើយព្រះ‌អង្គ​មិន​ឲ្យ​ជំងឺដ៏​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ស្រុក​អេស៊ីព្ទ​ដែលអ្នកធ្លាប់​ស្គាល់​កើត​មក​លើ​អ្នក​ឡើយ គឺ​នឹង​ដាក់​ជំងឺ​ទាំង​នោះ​ទៅ​លើ​អស់​អ្នក​ដែល​ស្អប់​អ្នក​វិញ។ 16អ្នក​នឹង​បំផ្លាញ​អស់​ទាំង​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រគល់​មក​អ្នក​ឲ្យ​វិនាស​ទៅ។ ភ្នែក​របស់​អ្នក​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​របស់​គេ​ដែរ ដ្បិត​នោះ​ជា​អន្ទាក់​ដល់អ្នក។
17ប្រសិន‌បើ​អ្នក​នឹក​ក្នុង​ចិត្ត​ថា "សាសន៍​ទាំង​នេះ​មាន​គ្នា​ច្រើន​ជាង​ខ្ញុំ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ចាប់​យក​ស្រុក​របស់​គេ​បាន?" 18នោះ​កុំ​ឲ្យ​ខ្លាច​ឡើយ តែ​ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រព្រឹត្តចំពោះ​ផារ៉ោន និង​ចំពោះ​ស្រុក​អេស៊ីព្ទ​ទាំង​មូលចុះ 19គឺ​ពី​ការ​ល្បង‌ល​យ៉ាង​ធំ​ដែល​ភ្នែក​អ្នក​បាន​ឃើញ ពី​ទី​សម្គាល់ និង​ការ​អស្ចារ្យ ពី​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រើ ដើម្បី​នាំ​អ្នក​ចេញ​មក។ ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍ទាំង​ប៉ុន្មាន ដែលអ្នក​ខ្លាច​យ៉ាង​នោះ​ដែរ។ 20មួយ​ទៀត ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹងចាត់​ឪម៉ាល់ ទៅ​កណ្ដាល​គេ រហូត​ទាល់​តែ​ពួក‌គេ​ដែល​សល់​នៅ ហើយ​លាក់​ខ្លួន​វិនាស​អស់។ 21មិន​ត្រូវ​ភ័យ​ខ្លាចពួក‌គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅជាមួយ​អ្នក ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច។ 22ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​បណ្តេញ​សាសន៍​ទាំង​នោះ ចេញ​ពី​មុខអ្នក​បន្តិច​ម្តងៗ។ អ្នក​មិន​អាច​បំផ្លាញ​ពួក‌គេ​ទាំង​អស់ភ្លាមៗ​បាន​ឡើយ បើ​មិន​ដូច្នោះ​ទេ សត្វ​ព្រៃ​នឹង​ចម្រើន​ឡើង ហើយ​ធ្វើ​ទុក្ខ​អ្នក​មិន​ខាន។ 23ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​គេ​មកអ្នក ហើយ​កម្ចាត់​កម្ចាយ​គេ ឲ្យ​គេ​ច្របូក​ច្របល់​ជា​ខ្លាំង រហូត​ទាល់​តែ​គេ​វិនាស​អស់។ 24ព្រះ‌អង្គ​នឹង​ប្រគល់​ពួក​ស្តេច​របស់​គេមក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​គេ​រលាយ​បាត់​ពី​ក្រោម​មេឃ គ្មាន​អ្នក​ណា​អាចនឹង​ឈរ​នៅ​មុខអ្នក​បាន​ឡើយ រហូត​ទាល់​តែអ្នក​បំផ្លាញ​គេ​អស់​ទៅ។ 25ត្រូវ​ដុត​កម្ទេច​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ មិន​ត្រូវ​នឹក​ស្តាយ​ប្រាក់ ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​ធ្វើ​ជា​របស់​ខ្លួន​ដែរ ក្រែងវា​ក្លាយ​ជា​អន្ទាក់​ដល់​អ្នក ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ 26មិន​ត្រូវ​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែងអ្នក​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស ដូច​របស់​ទាំង​នោះ​ដែរ។ ត្រូវ​ស្អប់​ខ្ពើម​របស់ទាំង​នោះ​ឲ្យ​អស់​ពី​ចិត្ត ដ្បិត​វា​ជា​របស់​ដែល​ត្រូវ​វិនាស»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល