ចោទិយ‌កថា 16

16
ការ​រំឭក​ពិធី​បុណ្យ​រំលង
1«នៅ​ខែ​អាប៊ីប ចូរ​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដ្បិត​នៅ​ខែ​នេះ​ហើយ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទាំង​យប់។ 2ត្រូវ​យក​សត្វ​ពី​ហ្វូង​របស់​អ្នក មក​ធ្វើ​យញ្ញ‌បូជា​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​ជ្រើស​រើស សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។ 3មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ឡើយ គឺ​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក ព្រោះ​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទាំង​ប្រញាប់‌ប្រញាល់ ដើម្បី​ឲ្យ​បាន​នឹក​ចាំ​អស់​មួយ​ជីវិត ពី​ថ្ងៃ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ 4ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​នៅ​ក្នុង​ទឹក​ដី​ទាំង​មូល​របស់​អ្នក​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​សាច់​ដែល​អ្នក​ថ្វាយ​យញ្ញ‌បូជា​នៅ​ល្ងាច​ថ្ងៃ​ទី​មួយ នៅ​សល់​រហូត​ដល់​ព្រឹក​ដែរ។ 5អ្នក​មិន​អាច​ថ្វាយ​យញ្ញ‌បូជា​បុណ្យ​រំលង​នៅ​ក្រុង​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​នោះ​ឡើយ 6គឺ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​បុណ្យ​រំលង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ​វិញ នៅ​ទី​នោះ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច ចំពេល​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ 7ត្រូវ​ចម្អិន​សាច់​នោះ ហើយ​បរិ‌ភោគ​នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ជ្រើស​រើស។ លុះ​ព្រឹក​ឡើង អ្នក​ត្រូវ​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​វិញ។ 8អ្នក​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ចំនួន​ប្រាំ​មួយ​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទីប្រាំ​ពីរ ត្រូវ​ប្រជុំ​យ៉ាង​ឱឡារិក ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គឺ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ»។
ការ​រំឭក​អំពី​បុណ្យ​សបា្ដហ៍ ឬ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប
9«ត្រូវ​រាប់​ប្រាំ​ពីរ​សប្ដាហ៍ គឺ​រាប់​ប្រាំ​ពីរ​សប្ដាហ៍​នោះ ចាប់​តាំង​ពី​ពេល​លូក​កណ្តៀវ​ទៅ​ច្រូត​ស្រូវ​មុន​ដំបូង។ 10បន្ទាប់​មក ត្រូវ​ធ្វើ​បុណ្យ​សប្ដាហ៍​ទី​ប្រាំពីរ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត តាម​ភោគ​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ។ 11អ្នក និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ជា‌មួយ​អ្នក ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។ 12ត្រូវនឹក​ចាំ​ថា ពី​ដើម​អ្នក​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ដូច្នេះ ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ច្បាប់​ទាំង​នេះ​ចុះ»។
ការ​រំឭក​អំពី​បុណ្យ​បារាំ
13«ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ចំនួន​ប្រាំ​ពីរ​ថ្ងៃ ក្រោយ​ពេល​អ្នក​បាន​ប្រមូល​ភោគ​ផល​ពី​ទីលាន និង​ពី​ធុង​ឃ្នាប​ទំពាំង​បាយ​ជូរ​រួច​រាល់។ 14អ្នក​ត្រូវ​អរ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​របស់​អ្នក រួម​ជា‌មួយ​កូន​ប្រុសកូន​ស្រី​របស់អ្នក បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ពួក​លេវី ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា‌មួយ​អ្នក។ 15ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ចំនួន​ប្រាំ​ពីរ​ថ្ងៃ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹងជ្រើស​រើស ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរឲ្យ​អ្នកមាន​អស់​ទាំង​ភោគ​ផល និង​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​អំណរ។ 16ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មុខ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បី​ដង​ក្នុង​មួយ​ឆ្នាំ ត្រង់​កន្លែង​ដែលព្រះ‌អង្គ​នឹង​ជ្រើស​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​សប្ដាហ៍​ទី​ប្រាំ​ពីរ​ម្តង និង​បុណ្យ​បារាំ​ម្តង។ គេ​មិន​ត្រូវ​មាន​មុខ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ឡើយ។ 17គ្រប់​គ្នា​ត្រូវ​ថ្វាយ​តាម​ដែល​ខ្លួនអាច​ធ្វើ​ទៅ​បាន គឺ​តាម​ព្រះ‌ពរ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ»។
ការ​តែង‌តាំង​ចៅ‌ក្រម និង​មេ​ដឹក‌នាំ
18«ត្រូវតែង​តាំង​ពួក​ចៅ‌ក្រម និង​ពួក​មេ​ដឹក​នាំ នៅ​គ្រប់​ទាំង​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក តាម​កុល‌សម្ព័ន្ធ​របស់​អ្នក ហើយ​អ្នក​ទាំង​នោះ​នឹង​ជំនុំ‌ជម្រះប្រជា‌ជន​ដោយ​យុត្តិ‌ធម៌។ 19មិន​ត្រូវ​បង្ខូច​យុត្តិ‌ធម៌​ឡើយ ក៏​មិន​ត្រូវមាន​ចិត្ត​លម្អៀង​ទៅ​ខាង​ណា ឬ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ប្រាជ្ញទៅ​ជា​ខ្វាក់ ហើយ​បង្ខូច​ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត។ 20ត្រូវ​ប្រកាន់​យុត្តិធម៌​ជានិច្ច ដើម្បី​ឲ្យ​អ្នក​បាន​រស់​នៅ ហើយ​កាន់​កាប់​ស្រុក ដែល​ព្រះ‌យេហូវ៉ាជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​ទុក​ជា​មត៌ក»។
មិន​ត្រូវ​គោរព​ព្រះ​ក្លែង‌ក្លាយ
21«មិន​ត្រូវ​ដំឡើង​បង្គោល​សក្ការៈ នៅ​ក្បែរ​អាសនា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​នឹង​ស្អាង​សម្រាប់​អ្នក​នោះ​ឡើយ 22ក៏​មិន​ត្រូវ​ដំឡើង​បង្គោល​គោរព​ណា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ស្អប់​នោះ​ដែរ។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល