ដានី‌យ៉ែល 9:20-27

ដានី‌យ៉ែល 9:20-27 គកស១៦

កាល​ខ្ញុំ​កំពុង​តែ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ព្រម​ទាំង​អធិ‌ស្ឋាន និង​លន់‌តួ​អំពើ​បាប​របស់​ខ្ញុំ និង​អំពើ​បាប​របស់​ពួក​អ៊ីស្រា‌អែល​ជា​សាសន៍​របស់​ខ្ញុំ ទាំង​ទូល​អង្វរ​ឲ្យ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្ញុំ អើ កាល​ខ្ញុំ​កំពុង​តែ​អធិ‌ស្ឋាន​នៅ​ឡើយ នោះ​លោក​ដែល​នាម កាព្រី‌យ៉ែល ជា​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​ពីមុន ហោះ​យ៉ាង​លឿន ចូល​មក​រក​ខ្ញុំ ចំ​ពេល​ថ្វាយ​តង្វាយ​ល្ងាច។ លោក​ពន្យល់​ប្រាប់​ខ្ញុំ ដោយ​សន្ទនា​ជា‌មួយ​ខ្ញុំ​ថា៖ «ដានី‌យ៉ែល​អើយ ខ្ញុំ​បាន​ចេញ​មក​ឥឡូវ​នេះ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា និង​មាន​យោបល់។ នៅ​ពេល​លោក​ចាប់​ផ្ដើម​អធិ‌ស្ឋាន នោះ​មាន​បញ្ជា​មួយ​ចេញ​មក ហើយ​ខ្ញុំ​បាន​នាំ​យក​មក​ជម្រាប​លោក ដ្បិត​លោក​ជា​មនុស្ស​សំណព្វ​យ៉ាង​សំខាន់។ ដូច្នេះ ចូរ​ពិចា‌រណា​ព្រះ​បន្ទូល ហើយ​យល់​និមិត្ត​នេះ​ចុះ។ ព្រះ​បាន​កំណត់​ពេល​ចិត​សិប​អាទិត្យ​ដល់​ប្រជា‌ជន និង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​រំលង បញ្ឈប់​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​ទុច្ចរិត ដើម្បី​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ចូល​មក ហើយ​បោះ​ត្រា​លើ​និមិត្ត និង​សេចក្ដី​ទំនាយ ព្រម​ទាំង​ចាក់​ប្រេង​តាំង​ដល់​ទី​បរិសុទ្ធ​បំផុត។ ដូច្នេះ សូម​លោក​ជ្រាប ហើយ​យល់​ថា ចាប់​ពី​ពេល​ព្រះ​ចេញ​បញ្ជា​ឲ្យ​តាំង ហើយ​សង់​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ រហូត​ដល់​គ្រា​របស់​ស្ដេច​មួយ​អង្គ ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​យាង​មកដល់ នោះ​នឹង​មាន​រយៈ​ពេល​ប្រាំ​ពីរ​អាទិត្យ ហើយ​រយៈ​ពេល​ហុក​សិប​ពីរ​អាទិត្យ​ទៀត នឹង​ត្រូវ​សង់​ឡើង​វិញ​ឲ្យ​មាន​ផ្លូវ​ធ្លា ប្រឡាយ​ការពារ តែ​សង់​ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក។ លុះ​ក្រោយ​ពី​ហុកសិប​ពីរ​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​តាំង នឹង​ត្រូវ​ផ្តាច់​ចេញ ហើយ​នឹង​គ្មាន​អ្វី​សោះ រួច​ប្រជា‌ជន​របស់​ស្ដេច​មួយ​អង្គ​ដែល​ត្រូវ​មក នឹង​បំផ្លាញ​ទី​ក្រុង និង​ទី​បរិសុទ្ធ។ ចុង​បំផុត​នៃ​ហេតុ‌ការណ៍​នោះ​នឹង​មក​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចម្បាំង​រហូតទី​បំផុត ដ្បិត​សេចក្ដី​វេទនា​បាន​កំណត់​ទុក​ហើយ។ ស្ដេច​នោះ​នឹង​តាំង​សញ្ញា​មួយ​យ៉ាង​មុត​មាំ​ជា‌មួយ​មនុស្ស​ជា​ច្រើន​រយៈ​ពេល​មួយ​អាទិត្យ ហើយ​រយៈ​ពេល​កន្លះ​អាទិត្យ ស្ដេច​នឹង​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ទៀត ហើយ​នៅ​កន្លែង​របស់​គេ នឹង​កើត​មាន​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​បំផ្លាញ រហូតទាល់​តែ​ចុង​បំផុត​ដូច​បាន​កំណត់​ទុកនោះ ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ»។

អាន ដានី‌យ៉ែល 9