នៅឆ្នាំដំបូង ក្នុងរជ្ជកាលព្រះបាទដារីយុស ជាបុត្រាព្រះបាទអ័ហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានតាំងឡើងជាស្តេចគ្រប់គ្រងលើអាណាចក្ររបស់ពួកខាល់ដេ គឺក្នុងឆ្នាំទីមួយនៃរាជ្យរបស់ស្ដេច នោះខ្ញុំ ដានីយ៉ែលបានសិក្សាគម្ពីរ ត្រង់កន្លែងដែលព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ហោរាយេរេមា ពីចំនួនឆ្នាំដែលត្រូវកន្លងទៅ ដើម្បីសម្រេចការខូចបង់នៃក្រុងយេរូសាឡិម គឺចិតសិបឆ្នាំ។ ពេលនោះ ខ្ញុំបានបែរមុខទៅរកព្រះអម្ចាស់យេហូវ៉ា ស្វែងរកព្រះអង្គដោយអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងតមអាហារ ស្លៀកសំពត់ធ្មៃ ហើយព្រលាំងផេះ។ ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គអើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប បានប្រព្រឹត្តខុស បានប្រព្រឹត្តយ៉ាងអាក្រក់ ហើយបះបោរ ព្រមទាំងងាកបែរចេញពីបទបញ្ជា និងវិន័យរបស់ព្រះអង្គ។ យើងខ្ញុំមិនបានស្តាប់តាមពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គ ដែលបានថ្លែងក្នុងនាមព្រះអង្គ ប្រាប់ស្តេច ពួកនាម៉ឺន ពួកបុព្វបុរសរបស់យើងខ្ញុំ និងប្រជាជនទាំងប៉ុន្មាននៅក្នុងស្រុកទេ។ ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ព្រះអង្គ តែចំពោះយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ មានតែសេចក្ដីអាម៉ាស់មុខ គឺទាំងអ្នកស្រុកយូដា អ្នកនៅក្រុងយេរូសាឡិម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ គឺនៅអស់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេទៅ ព្រោះតែអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងព្រះអង្គ។ ឱព្រះអម្ចាស់អើយ សេចក្ដីអាម៉ាស់មុខជារបស់យើងខ្ញុំ គឺរបស់ស្តេចយើងខ្ញុំ ពួកនាម៉ឺន និងពួកបុព្វបុរសរបស់យើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។ ឯសេចក្ដីមេត្តាករុណា និងការអត់ទោស នោះជារបស់ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ យើងខ្ញុំមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីដើរតាមក្រឹត្យវិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានតាំងនៅមុខយើងខ្ញុំ ដោយសារពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។ អ៊ីស្រាអែលទាំងមូលបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះអង្គ ហើយបានងាកបែរ មិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា និងសម្បថដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។ ព្រះអង្គបានបញ្ជាក់ព្រះបន្ទូល ដែលព្រះអង្គមានព្រះបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកមេដឹកនាំ ដែលគ្រប់គ្រងយើងខ្ញុំ ដោយនាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលមានហេតុការណ៍អ្វីកើតឡើង ដូចជាទុក្ខវេទនាដែលបានកើតដល់ក្រុងយេរូសាឡិមឡើយ។ សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានធ្លាក់មកលើយើងខ្ញុំ ដូចបានចែងទុកមកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែ យើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ក៏មិនបានបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ដើម្បីឲ្យមានគំនិតវាងវៃ ដោយសារសេចក្ដីពិតរបស់ព្រះអង្គឡើយ។ ហេតុនេះហើយបានជាព្រះយេហូវ៉ាបានរវាំងមើល ហើយបាននាំអំពើអាក្រក់នេះទម្លាក់មកលើយើងខ្ញុំ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គសុចរិតក្នុងគ្រប់កិច្ចការដែលព្រះអង្គបានធ្វើ តែយើងខ្ញុំមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ។ ឥឡូវនេះ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ដែលបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គល្បីរន្ទឺ ដូចសព្វថ្ងៃនេះអើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តយ៉ាងអាក្រក់។ ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ព្រះអង្គ សូមឲ្យសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតក្រុងយេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅជុំវិញយើងខ្ញុំ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំ។ ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកបម្រើព្រះអង្គផង ហើយដោយយល់ដល់ព្រះអង្គ សូមធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើទីបរិសុទ្ធរបស់ព្រះអង្គ ដែលនៅស្ងាត់ច្រៀបនេះផង។ ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌ស្តាប់ សូមបើកព្រះនេត្រទតមើលសេចក្ដីវេទនារបស់យើងខ្ញុំ និងទីក្រុងដែលបានហៅតាមព្រះនាមព្រះអង្គផង ដ្បិតយើងខ្ញុំមិនមែនទូលអង្វរនៅចំពោះព្រះអង្គ ដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គវិញ។ ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ ឱព្រះអម្ចាស់អើយ សូមព្រះអង្គអត់ទោស ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ ហើយប្រោសមេត្តាផង! ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់ព្រះអង្គ ដ្បិតទីក្រុងរបស់ព្រះអង្គ និងប្រជារាស្ត្ររបស់ព្រះអង្គ មានឈ្មោះហៅតាមព្រះនាមព្រះអង្គ»។
អាន ដានីយ៉ែល 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 9:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ