នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទបេលសាសារ មាននិមិត្តមួយលេចមកឲ្យដានីយ៉ែលខ្ញុំបានឃើញ គឺក្រោយពីនិមិត្តដែលបានលេចមកឲ្យខ្ញុំឃើញពីលើកមុន។ ក្នុងនិមិត្តដែលខ្ញុំកំពុងគន់មើលនេះ ខ្ញុំឃើញថាខ្លួនខ្ញុំស្ថិតនៅស៊ូសាន ជាក្រុងហ្លួង ដែលស្ថិតក្នុងអាណាខេត្តអេឡាំ។ ក្នុងនិមិត្តនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡាយ ។ ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោលមួយឈរនៅក្បែរទន្លេ វាមានស្នែងពីរ ហើយស្នែងទាំងពីរនោះវែង តែស្នែងមួយវែងជាងស្នែងមួយទៀត ឯស្នែងមួយដែលវែងជាងបានដុះឡើងក្រោយគេ។ ខ្ញុំឃើញចៀមឈ្មោលនោះទន្ទ្រានទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ឥតមានសត្វណាមួយអាចទប់ទល់នឹងវាបានឡើយ ក៏គ្មានអ្នកណាអាចជួយឲ្យរួចពីកណ្ដាប់ដៃរបស់វាបានដែរ គឺវាបានធ្វើតាមអំពើចិត្ត ហើយតម្កើងខ្លួន។ កាលខ្ញុំកំពុងពិចារណា នោះមើល៍ មានពពែឈ្មោលមួយមកពីទិសខាងលិច ហោះចេញលើផែនដីទាំងដុំមូល ឥតប៉ះដីសោះ។ ពពែនោះមានស្នែងមួយគួរឲ្យស្ញែង ដុះនៅចន្លោះភ្នែកទាំងពីរ។ ពពែនោះចូលសំដៅមករកចៀមឈ្មោលស្នែងពីរ ឈរនៅក្បែរទន្លេ ដែលខ្ញុំបានឃើញពីមុន ហើយវាក៏ស្ទុះទៅលើចៀម ដោយកំហឹងយ៉ាងខ្លាំង។ ខ្ញុំឃើញវាចូលទៅជិតចៀមនោះ ហើយវាមួម៉ៅជាខ្លាំង ក៏ជល់ចៀមនោះ រួចបំបាក់ស្នែងទាំងពីរ។ ចៀមនោះមិនមានកម្លាំងទប់ទល់នឹងវាបានទេ គឺវាផ្ដួលចៀមទៅលើដី ហើយពពែក៏ជាន់ឈ្លី គ្មានអ្នកណាអាចជួយចៀមឲ្យរួចពីអំណាចរបស់វាបានឡើយ។ ពពែឈ្មោលនោះតម្កើងខ្លួនយ៉ាងក្រៃលែង តែកាលវាមានអំណាចខ្លាំង នោះស្នែងធំក៏ត្រូវបាក់ រួចមានស្នែងបួនទៀតគួរឲ្យស្ញែងដុះឡើងជំនួស ស្នែងទាំងនោះកន្ធែកទៅរកទិសទាំងបួន។ មានស្នែងមួយក្នុងចំណោមស្នែងទាំងនោះ មានស្នែងមួយតូចផ្សេងទៀតដុះចេញមក ស្នែងនោះក៏ធំឡើងយ៉ាងក្រៃលែង ឆ្ពោះទៅទិសខាងត្បូង ទៅទិសខាងកើត និងឆ្ពោះទៅទឹកដីដ៏រុងរឿង។
អាន ដានីយ៉ែល 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 8:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ