ដានី‌យ៉ែល 7:22-28

ដានី‌យ៉ែល 7:22-28 គកស១៦

រហូត​ដល់​ពេល​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​យាង​មក ទើប​ការ​វិនិច្ឆ័យ​បាន​ប្រគល់​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត រួច​ពេល​កំណត់​ក៏​មក​ដល់ ជា​ពេល​ដែល​ពួក​បរិសុទ្ធ​ទទួល​បាន​រាជ្យ​ជា​របស់​ខ្លួន។ អ្នក​នោះ​ពោល​ដូច្នេះ​ថា៖ «រី​ឯ​សត្វ​ទី​បួន គឺ​នឹង​មាន​នគរ​ទី​បួន​នៅ​លើ​ផែន‌ដី​កើត​ឡើង ដែល​នគរ​នោះ​ប្លែក​ពី​នគរឯ​ទៀតៗ​ទាំង​អស់ នគរ​នោះ​នឹង​លេប​ត្របាក់​ផែន‌ដី​ទាំង​មូល ហើយ​ជាន់​ឈ្លី​ដោយ​ជើង ព្រម​ទាំង​កិន​កម្ទេច​ផង។ ឯ​ស្នែង​ទាំង​ដប់ គឺ​នឹង​មាន​ស្តេច​ដប់​អង្គ​កើត​ឡើង​ពី​នគរ​នោះ ហើយ​ក្រោយ​មក នឹង​មាន​មួយ​អង្គ​ទៀត​កើត​ឡើង ស្ដេច​នេះ​ប្លែក​ពី​ស្តេច​មុនៗ ក៏​នឹង​ទម្លាក់​ស្តេច​បី​អង្គ​នោះ​ចោល។ ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ ពេល​កំណត់ និង​ច្បាប់ ហើយ​គេ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​នោះ អស់​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប។ ប៉ុន្តែ ការ​វិនិច្ឆ័យ​នឹង​រៀបចំ​ជា​ស្រេច ហើយ​គេ​នឹង​ដក​អំណាច​គ្រប់​គ្រង​ពី​ស្ដេច​នោះ ហើយ​ឲ្យ​ត្រូវ​បំផ្លាញ ឲ្យ​ត្រូវ​វិនាស​សាប​សូន្យ​រហូត​តទៅ។ នោះ​រាជ្យ និង​អំណាច​គ្រប់‌គ្រង និង​ភាព​ឧត្តុង្គ‌ឧត្តម​នៃ​នគរ​ទាំង​ឡាយ នៅ​ក្រោម​មេឃ​ទាំង​មូល នឹង​ត្រូវ​ប្រគល់​ឲ្យ​ប្រជា‌ជន ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត រាជ្យ​របស់​គេ​នឹង​បាន​ជា​រាជ្យ​មួយ ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នឹង​បម្រើ ហើយ​ស្តាប់​បង្គាប់​ពួក​បរិសុទ្ធ​នោះ»។ សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ចំណែក​ឯ​ខ្ញុំ ដានី‌យ៉ែល គំនិត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង ហើយ​មុខ​ខ្ញុំ​ក៏​ស្លេក​ស្លាំង តែ​ខ្ញុំ​រក្សា​រឿង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។

អាន ដានី‌យ៉ែល 7