កូឡុស 3:5-17

កូឡុស 3:5-17 គកស១៦

ដូច្នេះ ចូរ​សម្លាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​អំពើ​សហាយ​ស្មន់ ស្មោក‌គ្រោក ចិត្ត​ស្រើប​ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភ​លន់ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។ ដោយ​ព្រោះ​អំពើ​ទាំង​នោះ​ហើយ បាន​ជា​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។ កាល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ពី​ដើម អ្នក​រាល់​គ្នា​ក៏​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដែរ។ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ត្រូវ​លះ​បង់​អំពើ​ទាំង​អស់​នោះ​ចោល គឺ​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរ​ប្រមាថ និង​ពាក្យ​អព‌មង្គល​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ទៅ។ មិន​ត្រូវ​កុហក​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ និង​អំពើ​របស់​វា​ចោល​ចេញ​ហើយ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​ចំណេះ​ដឹង ឲ្យ​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។ ក្នុង​សណ្ឋាន​នោះ គ្មាន​សាសន៍​ក្រិក និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មិន​កាត់​ស្បែក ពួក​មនុស្ស​ព្រៃ ពួក​ជនជាតិ​ភាគ​តិច អ្នក​បម្រើ ឬ​អ្នក​ជា​ទៀត​ឡើយ គឺ​ព្រះ‌គ្រីស្ទ​ជា​គ្រប់​ទាំង​អស់ ហើយ​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់! ដូច្នេះ ដោយ​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្រ្ត​បរិសុទ្ធ និង​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព ស្លូតបូត ហើយ​អត់‌ធ្មត់​ចុះ។ ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ទៀត ចូរ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌អម្ចាស់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ត្រូវ​អត់​ទោស​យ៉ាង​នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ចូរ​ប្រដាប់​កាយ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍​ចុះ។ ចូរ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ព្រះ‌គ្រីស្ទ​គ្រប់​គ្រង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​សេចក្ដី​សុខសាន្ត​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។ ចូរ​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ។ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​នៅ​ក្នុង​ចិត្ត ដោយ​ច្រៀង​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ​ចុះ។ ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​ការ​ប្រព្រឹត្ត​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា តាម​រយៈ​ព្រះ‌អង្គ​ផង។

អាន កូឡុស 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡុស 3:5-17