ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។ ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។ ដ្បិតគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតជារូបរាងនៅក្នុងព្រះគ្រីស្ទ ហើយអ្នករាល់គ្នាបានពេញលេញក្នុងព្រះអង្គ ដ្បិតព្រះអង្គជាសិរសាលើពួកគ្រប់គ្រង និងពួកមានអំណាចនានាទាំងអស់។ នៅក្នុងព្រះអង្គ អ្នករាល់គ្នាបានទទួលកាត់ស្បែក ដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺជាការកាត់ស្បែកខាងព្រះគ្រីស្ទ ដោយដោះរូបកាយខាងសាច់ឈាមនេះចេញ។ ពេលអ្នករាល់គ្នាបានកប់ជាមួយព្រះអង្គនៅក្នុងពិធីជ្រមុជ នោះអ្នករាល់គ្នាក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរ ដោយសារជំនឿលើព្រះចេស្ដារបស់ព្រះ ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងអំពើរំលង និងក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះអង្គ ដោយបានអត់ទោសគ្រប់ទាំងអំពើរំលងរបស់យើង ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើង ក្នុងបញ្ញត្តិដែលប្រឆាំងនឹងយើង ហើយព្រះអង្គបានលើកចោល ដោយបោះភ្ជាប់នៅនឹងឈើឆ្កាង។
អាន កូឡុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កូឡុស 2:6-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ