កូឡុស 2:16-23

កូឡុស 2:16-23 គកស១៦

ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​និន្ទា​អ្នក​រាល់​គ្នា អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​សប្ប័ទ​នោះ​ឡើយ។ ការ​ទាំង​នេះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វី​ដែល​ត្រូវ​មក​ប៉ុណ្ណោះ តែ​អ្វី​ដែល​ពិត​គឺ​ព្រះ‌គ្រីស្ទ។ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា​ឡើយ គេ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ហើយ​ថ្វាយ​បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​និមិត្ត​ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ដោយ​ឥត​ហេតុ ដោយ​គំនិត​ខាង​សាច់​ឈាម​របស់​គេ គេ​មិន​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​ជា​ព្រះ​សិរសា​ទេ គឺ​ដោយ​សារ​សិរសា​នោះ​ហើយ​ដែល​ព្រះកាយ​ទាំង​មូល​បាន​ផ្គត់​ផ្គង់ ហើយ​បាន​ត​ភ្ជាប់​គ្នា​ដោយ​សារ​សន្លាក់ និង​សរសៃ ទាំង​ចម្រើន​ឡើង ដោយ​សេចក្តី​ចម្រើន​ដែល​មក​ពី​ព្រះ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ ខាង​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចុះ​ចូល​នឹង​បញ្ញត្តិ​ទាំង​ឡាយ ដូច​ជា​ថា «កុំ​កាន់ កុំ​ភ្លក់ កុំ​ប៉ះ​ពាល់» ដូច្នេះ? បញ្ញត្តិ​ទាំង​នោះ​ជា​អ្វីៗ​ដែល​វិនាស​បាត់​ទៅ​ដោយ​ការ​ប្រើ​ប្រាស់ ជា​បទ‌បញ្ជា និង​សេចក្តី​បង្រៀន​របស់​មនុស្ស។ សេចក្តី​ទាំង​នេះ​មើល​ទៅ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា ដោយ​បង្ខំ​ខ្លួន​ឲ្យ​មាន​ការ​គោរព​ថ្វាយ​បង្គំ​ដោយ​ស្ម័គ្រ​ចិត្ត ការ​ដាក់​ខ្លួន និង​ការ​លត់ដំ​រូប​កាយ តែ​គ្មាន​តម្លៃ​នឹង​ទប់​ទល់​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

អាន កូឡុស 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡុស 2:16-23