កិច្ចការ 7:30-43

កិច្ចការ 7:30-43 គកស១៦

លុះ​សែសិប​ឆ្នាំ​ក្រោយ​មក ទេវតា​របស់​ព្រះ‌អម្ចាស់​លេច​ឲ្យ​លោក​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​មួយ នៅ​ទី​រហោ‌ស្ថាន​ភ្នំ​ស៊ី‌ណាយ។ ពេល​លោក​ម៉ូសេ​ឃើញ លោក​ឆ្ងល់​នឹង​ទិដ្ឋភាព​នោះ ហើយ​ពេល​លោក​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល ស្រាប់​តែ​មានព្រះ​សូរ​សៀង​របស់​ព្រះ‌អម្ចាស់​ចេញ​មក​ថា៖ "យើង​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប" ។ លោក​ម៉ូសេ​ក៏​ញ័រ‌រន្ធត់ មិន​ហ៊ាន​មើល​ឡើយ។ បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា "ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ ជា​ដី​បរិសុទ្ធ។ យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា​រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ហើយ​ក៏​ឮ​សំឡេង​ស្រែក​ថ្ងូរ​របស់​គេ​ដែរ យើង​ចុះ​មកដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ" ។ លោក​ម៉ូសេ​នេះ ដែល​គេ​បាន​បដិសេធ​មិន​ព្រម​ទទួល ដោយ​ពោល​ថា "តើ​អ្នក​ណា​បាន​តាំង​ឲ្យអ្នក​ធ្វើ​ជា​មេ​គ្រប់​គ្រង និង​ជា​ចៅ​ក្រម?"។ លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​មេ​គ្រប់‌គ្រង និង​ជា​អ្នក​រំដោះ ដោយ​សារ​ដៃ​របស់​ទេវតា ដែល​បាន​លេច​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ព​បន្លា។ លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម និង​នៅ​ទី​រហោ‌ស្ថាន រយៈ​ពេល​សែសិប​ឆ្នាំ។ លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ថា "ព្រះ‌នឹង​លើកឲ្យ​មាន​ហោរា​ម្នាក់​ដូច​ខ្ញុំ ពីចំណោម​ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា" ។ លោក​ម៉ូសេ​នេះ​ហើយ ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​រហោ‌ស្ថាន ជាមួយ​ទេវតាដែល​ថ្លែង​មក​កាន់​លោកនៅ​ភ្នំ​ស៊ី‌ណាយ និង​ជា‌មួយ​បុព្វ‌បុរស​របស់​យើង។ លោក​បាន​ទទួល​ព្រះ‌បន្ទូល​រស់ យក​មក​ប្រគល់​ឲ្យ​យើង​រាល់​គ្នា។ បុព្វ‌បុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គេ​ច្រាន​លោក​ចោល ហើយ​ចិត្ត​របស់​គេ គេ​បែរ​ទៅ​រក​ស្រុក​អេស៊ីព្ទ​វិញ ដោយ​ពោល​ទៅកាន់​លោក​អើរ៉ុន​ថា "ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង ដែល​នឹង​នាំ​មុខ​យើង ដ្បិត​លោក​ម៉ូសេ ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកនេះ យើង​មិន​ដឹង​ជា​មាន​អ្វី​កើត​ឡើង​ដល់​លោក​ទេ" ។ នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​មួយ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយនឹង​ស្នាដៃ​របស់​ខ្លួន។ ប៉ុន្ដែ ព្រះ​បាន​បែរ​ចេញ ហើយ​ប្រគល់​គេ​ឲ្យ​គោរព​ថ្វាយ​បង្គំ​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ ដូច​មាន​សេចក្តី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​ថា "ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ រយៈ​ពេល​សែ​សិប​ឆ្នាំ​នៅ​ទីរហោស្ថាន តើ​អ្នក​រាល់​គ្នា​បាន​សម្លាប់​សត្វ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​ឬទេ? អ្នក​រាល់​គ្នា​បាន​រើស​យក​ខ្ទម​របស់​ព្រះ‌ម៉ូឡុក និង​ផ្កាយ​របស់​ព្រះ‌រេមផាន់ ជា​រូប​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ថ្វាយ​បង្គំ។ ដូច្នេះ យើង​នឹង​និរទេស​អ្នក​រាល់​គ្នា ទៅ​ហួស​ស្រុក​បាប៊ី​ឡូន​ទៅ​ទៀត" ។

អាន កិច្ចការ 7

វីដេអូសម្រាប់ កិច្ចការ 7:30-43