កិច្ចការ 4:7-14

កិច្ចការ 4:7-14 គកស១៦

កាល​គេ​បាន​នាំ​អ្នក​ទាំង​ពីរ មក​ឈរ​នៅ​កណ្តាល​ចំណោម​ហើយ គេ​សួរ​ថា៖ «តើ​អ្នក​ធ្វើ​ការ​នេះអាងលើ​អំណាច​អ្វី ឬដោយ​ឈ្មោះ​អ្នក​ណា?» ពេល​នោះ លោក​ពេត្រុស ដែល​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ លោកមាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​នាម៉ឺន​របស់​ប្រជា‌ជន និង​ពួក​ចាស់​ទុំ​អើយ ប្រសិន‌បើ​អស់​លោក​សួរ​យើង​ខ្ញុំនៅ​ថ្ងៃ​នេះ ពី​ការ​ល្អដែល​បាន​ធ្វើ​ដល់​បុរស​ពិការ​ម្នាក់ ថាគាត់​បាន​ជា​ដោយ​របៀប​ណា នោះ​សូម​អស់​លោក និង​ប្រ‌ជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ជ្រាប​ថា ដែល​បុរស​នេះ​បាន​ជា ហើយ​ឈរ​នៅ​មុខ​អស់​លោក គឺ​ដោយ​សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​អស់​លោក​បាន​ឆ្កាង តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពីស្លាប់​ឡើង​វិញ។ ព្រះ‌យេស៊ូវ​នេះ​ជា "ថ្ម​ដែល​អស់​លោកជា​ជាង​សង់​ផ្ទះ​បាន​បោះ​ចោល ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ" ។ គ្មាន​ការ​សង្គ្រោះ​ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ទៀត​ដែល​ព្រះ​បាន​ប្រទាន​មក​មនុស្ស​លោក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ»។ កាល​អស់​លោក​ទាំង​នោះ ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស និង​លោក​យ៉ូហាន ហើយ​ដឹង​ច្បាស់​ថា អ្នក​ទាំង​ពីរ​ជា​មនុស្ស​មិន​ដែល​បាន​រៀន​សូត្រ និង​ជា​មនុស្ស​សាមញ្ញ អស់​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ ហើយ​ទទួល​ស្គាល់​ថា អ្នក​ទាំង​ពីរ​ធ្លាប់​នៅ​ជា‌មួយ​ព្រះ‌យេស៊ូវ។ ប៉ុន្ដែ ដោយ​ឃើញ​បុរស​ដែល​បាន​ជា​នោះ ឈរ​នៅ​ជា‌មួយ​អ្នក​ទាំង​ពីរ អស់​លោក​ទាំង​នោះ គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​បាន​សោះ។

អាន កិច្ចការ 4