កិច្ចការ 3:1-16

កិច្ចការ 3:1-16 គកស១៦

ថ្ងៃ​មួយ នៅ​ពេល​ម៉ោង​បី​រសៀល ជា​ពេល​ដែល​ត្រូវ​អធិស្ឋាន លោក​ពេត្រុស និង​លោក​យ៉ូហាន បាន​ឡើង​ទៅ​ព្រះ‌វិហារ​ជាមួយ​គ្នា។ នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លម្អ មាន​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក​ដាក់​នៅ​ទី​នោះ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។ ពេល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​ដើរ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ គាត់​ក៏​សុំ​ទាន។ លោក​ពេត្រុស និង​លោក​យ៉ូហាន​សម្លឹង​មើល​គាត់ រួច​ពោល​ថា៖ «ចូរ​មើល​មក​យើង!»។ គាត់​ក៏​ស្តាប់​តាម ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​មួយ​ពី​ពួក​លោក។ ប៉ុន្ដែ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ «ឯ​ប្រាក់ និង​មាស ខ្ញុំ​គ្មាន​ទេ តែអ្វី​ដែល​ខ្ញុំ​មាន ខ្ញុំ​សូម​ជូន​ដល់​អ្នក។ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ!»។ លោក​ក៏​ចាប់​ដៃ​ស្តាំ​គាត់ ហើយ​លើក​ឡើង។ រំពេច​នោះ ប្រអប់​ជើង និង​ភ្នែក​គោ​របស់​គាត់ក៏​មាន​កម្លាំង​ឡើង​ភ្លាម។ គាត់​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ​បាន។ គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ជា‌មួយ​អ្នក​ទាំង​ពីរ ទាំង​ដើរផង លោតផង ហើយ​សរសើរ​តម្កើង​ព្រះ។ ប្រ‌ជាជន​ទាំង​អស់បាន​ឃើញ​គាត់​ដើរ ទាំង​សរសើរ​តម្កើង​ព្រះ គេ​ស្គាល់​គាត់ ថា​ជា​អ្នក​ដែល​តែង​អង្គុយ​សុំ​ទាន នៅ​ត្រង់​មាត់​ទ្វារ​លម្អ​របស់​ព្រះ‌វិហារ។ គេ​មាន​សេចក្តី​អស្ចារ្យ ហើយ​ងឿង‌ឆ្ងល់​ពី​ការ​ដែល​កើត​មាន​ដល់​គាត់។ កាល​គាត់​កំពុង​នៅ​ជាប់​ជា‌មួយ​លោក​ពេត្រុស និង​លោក​យ៉ូហាន ប្រជា‌ជន​ទាំង​អស់​ក៏​រត់​មកចោម​រោម​ពួក​គេ នៅ​ត្រង់​ថែវ មួយ ដែល​ហៅ​ថា ថែវ​ព្រះបាទ​សាឡូ‌ម៉ូន ទាំង​អស្ចារ្យ​ក្នុង​ចិត្ត។ ពេល​លោក​ពេត្រុស​ឃើញ​ដូច្នោះ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​ថា៖ «ឱ​បង‌ប្អូន​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ងឿង​ឆ្ងល់​នឹង​ការ​នេះ? ហេតុអ្វី​បាន​ជា​សម្លឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​ចេស្ដា ឬ​គុណានុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ដូច្នេះ? ព្រះ​របស់​លោក​អ័ប្រា‌ហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​រាល់​គ្នា ទ្រង់​បាន​តម្កើងព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​កាល​លោក​ពីឡាត់​សម្រេច​ថា​នឹង​លែង​ព្រះ‌អង្គ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ព្រះ‌អង្គ​ទៀត​ផង។ គឺ​អ្នក​រាល់​គ្នា​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត ក៏សុំ​ឲ្យ​លោកដោះ​លែង​ឃាតក ឲ្យ​អ្នក​រាល់​គ្នា​ទៅ​វិញ។ អ្នក​រាល់​គ្នា​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់​នៃ​ជីវិត តែ​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍នេះ។ ដោយ​សារ​ជំនឿ​ដល់​ព្រះ‌នាមព្រះ‌អង្គ នោះ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បុរស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ មាន​កម្លាំង​ឡើង​វិញ គឺជា​ជំនឿ​ដល់​ព្រះ‌យេស៊ូវនេះ​ហើយ ដែលបាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ។

អាន កិច្ចការ 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ