ថ្ងៃមួយ នៅពេលម៉ោងបីរសៀល ជាពេលដែលត្រូវអធិស្ឋាន លោកពេត្រុស និងលោកយ៉ូហាន បានឡើងទៅព្រះវិហារជាមួយគ្នា។ នៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលម្អ មានបុរសម្នាក់ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមកដាក់នៅទីនោះរាល់ថ្ងៃ ដើម្បីឲ្យសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងដើរចូលទៅក្នុងព្រះវិហារ គាត់ក៏សុំទាន។ លោកពេត្រុស និងលោកយ៉ូហានសម្លឹងមើលគាត់ រួចពោលថា៖ «ចូរមើលមកយើង!»។ គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីមួយពីពួកលោក។ ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។ លោកក៏ចាប់ដៃស្តាំគាត់ ហើយលើកឡើង។ រំពេចនោះ ប្រអប់ជើង និងភ្នែកគោរបស់គាត់ក៏មានកម្លាំងឡើងភ្លាម។ គាត់ក៏ស្ទុះក្រោកឈរឡើង ហើយចាប់ផ្ដើមដើរបាន។ គាត់ក៏ចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ទាំងដើរផង លោតផង ហើយសរសើរតម្កើងព្រះ។ ប្រជាជនទាំងអស់បានឃើញគាត់ដើរ ទាំងសរសើរតម្កើងព្រះ គេស្គាល់គាត់ ថាជាអ្នកដែលតែងអង្គុយសុំទាន នៅត្រង់មាត់ទ្វារលម្អរបស់ព្រះវិហារ។ គេមានសេចក្តីអស្ចារ្យ ហើយងឿងឆ្ងល់ពីការដែលកើតមានដល់គាត់។ កាលគាត់កំពុងនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហាន ប្រជាជនទាំងអស់ក៏រត់មកចោមរោមពួកគេ នៅត្រង់ថែវ មួយ ដែលហៅថា ថែវព្រះបាទសាឡូម៉ូន ទាំងអស្ចារ្យក្នុងចិត្ត។ ពេលលោកពេត្រុសឃើញដូច្នោះ លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ ហេតុអ្វីបានជាអ្នករាល់គ្នាងឿងឆ្ងល់នឹងការនេះ? ហេតុអ្វីបានជាសម្លឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយចេស្ដា ឬគុណានុភាពរបស់យើងខ្ញុំផ្ទាល់ដូច្នេះ? ព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងរាល់គ្នា ទ្រង់បានតម្កើងព្រះយេស៊ូវ ជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយកាលលោកពីឡាត់សម្រេចថានឹងលែងព្រះអង្គ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលព្រះអង្គទៀតផង។ គឺអ្នករាល់គ្នាបានបដិសេធមិនទទួលស្គាល់ព្រះដ៏បរិសុទ្ធ ហើយសុចរិត ក៏សុំឲ្យលោកដោះលែងឃាតក ឲ្យអ្នករាល់គ្នាទៅវិញ។ អ្នករាល់គ្នាបានធ្វើគុតព្រះអម្ចាស់នៃជីវិត តែព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍នេះ។ ដោយសារជំនឿដល់ព្រះនាមព្រះអង្គ នោះព្រះនាមព្រះអង្គបានធ្វើឲ្យបុរសនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ មានកម្លាំងឡើងវិញ គឺជាជំនឿដល់ព្រះយេស៊ូវនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុង នៅមុខអ្នករាល់គ្នាដូច្នេះ។
អាន កិច្ចការ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 3:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ