ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលបានយល់ព្រម ដោយសម្រេចជ្រើសរើសមនុស្សក្នុងចំណោមពួកគេ ដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូក ជាមួយលោកប៉ុល និងលោកបាណាបាស។ គេបានចាត់យូដាស ដែលហៅថា បាសាបាស និងស៊ីឡាស ជាអ្នកនាំមុខក្នុងចំណោមពួកបងប្អូន ឲ្យនាំយកសំបុត្រ ដែលមានសេចក្ដីដូចតទៅ៖ «យើងខ្ញុំ ជាសាវក ជាចាស់ទុំ និងជាពួកបងប្អូន សូមជម្រាបសួរដល់ពួកបងប្អូនជាសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។ ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្តដោយពាក្យសម្ដី បណ្ដាលឲ្យអ្នករាល់គ្នាវិលវល់គំនិត តែយើងខ្ញុំមិនបានបង្គាប់គេទេ យើងខ្ញុំបានព្រមព្រៀងគ្នាថានឹងជ្រើសរើសអ្នកខ្លះ ចាត់មកជួបអ្នករាល់គ្នា ជាមួយលោកបាណាបាស និងលោកប៉ុល ជាស្ងួនភ្ងារបស់យើង ជាអ្នកដែលបានប្រថុយជីវិត ដោយព្រោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង។ ហេតុនេះ យើងខ្ញុំបានចាត់លោកយូដាស និងលោកស៊ីឡាសមក ដើម្បីជម្រាបអ្នករាល់គ្នាពីសេចក្ដីដដែលនេះ ដោយផ្ទាល់មាត់។ ដ្បិតព្រះវិញ្ញាណបរិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្តីទាំងនេះដែលត្រូវប្រតិបត្តិតាមនោះឡើយ គឺឲ្យចៀសវាងតែម្ហូបអាហារដែលបានសែនដល់រូបព្រះ ឈាម សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់។ ប្រសិនបើអ្នករាល់គ្នាចៀសវាងរបស់ទាំងនេះបាន នោះប្រពៃហើយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខ»។ ដូច្នេះ កាលក្រុមជំនុំបានចាត់អ្នកទាំងនោះឲ្យចេញទៅ គេបានចុះទៅក្រុងអាន់ទីយ៉ូក ហើយក្រោយពីបានប្រមូលក្រុមជំនុំមកជួបជុំគ្នាហើយ គេក៏ប្រគល់សំបុត្រនោះជូន។ លុះគេបានអានសំបុត្រនោះរួចហើយ គេក៏មានចិត្តរីករាយ ព្រោះមានការលើកទឹកចិត្តក្នុងសំបុត្រនោះ។ លោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរជាហោរាផងដែរ បានលើកទឹកចិត្ត និងបានពង្រឹងពួកបងប្អូនឲ្យមានចិត្តខ្ជាប់ខ្ជួន ដោយពាក្យជាច្រើន។ ក្រោយពីបាននៅទីនោះជាយូរបន្តិច ពួកបងប្អូនក៏ឲ្យអ្នកទាំងពីរ ត្រឡប់ទៅឯអស់អ្នកដែលបានចាត់ឲ្យមកនោះវិញ ដោយសុខសាន្ត។ [តែលោកស៊ីឡាសពេញចិត្តនៅទីនោះបន្តទៅទៀត។] រីឯលោកប៉ុល និងលោកបាណាបាស ក៏បានស្នាក់នៅក្រុងអាន់ទីយ៉ូក ទាំងបង្រៀន ហើយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយមនុស្សឯទៀតជាច្រើន។ ប៉ុន្មានថ្ងៃក្រោយមក លោកប៉ុលមានប្រសាសន៍ទៅកាន់លោកបាណាបាសថា៖ «ចូរយើងត្រឡប់ទៅសួរសុខទុក្ខពួកបងប្អូន នៅតាមទីក្រុងទាំងប៉ុន្មាន ដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីឲ្យដឹងថាគេមានសុខទុក្ខយ៉ាងណា»។ លោកបាណាបាសចង់យកលោកយ៉ូហាន ដែលហៅថាម៉ាកុស ទៅជាមួយ។ ប៉ុន្ដែ លោកប៉ុលយល់ថា មិនគួរយកគាត់ទៅជាមួយទេ ព្រោះពេលមុន គាត់បានចាកចោលពួកលោក កាលពីនៅស្រុកប៉ាមភីលា មិនបានទៅធ្វើការជាមួយពួកលោកទេ ។ លោកទាំងពីរមានការខ្វែងគំនិតគ្នាជាខ្លាំង រហូតដល់ពួកលោកបែកផ្លូវគ្នា។ លោកបាណាបាសយកលោកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅកោះគីប្រុស តែលោកប៉ុលជ្រើសរើសយកលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្តាក់ក្នុងព្រះគុណរបស់ព្រះអម្ចាស់។ លោកបានធ្វើដំណើររកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងក្រុមជំនុំទាំងប៉ុន្មានឲ្យបានខ្ជាប់ខ្ជួនឡើង។
អាន កិច្ចការ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 15:22-41
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ