កិច្ចការ 11:1-18

កិច្ចការ 11:1-18 គកស១៦

ឯ​ពួក​សាវក និង​ពួក​បង‌ប្អូន​នៅ​ស្រុក​យូដា​បាន​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ​ដែរ។ ដូច្នេះ កាល​លោក​ពេត្រុស​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ពួក​អ្នក​កាត់​ស្បែក​មាន​ការ​រិះ​គន់​លោក​ថា៖ «លោកបាន​ចូល​ទៅ​ឯ​ពួក​មនុស្ស​ដែល​មិន​កាត់​ស្បែក ហើយ​បរិ‌ភោគ​ជា‌មួយ​គេទៀត​ផង»។ ប៉ុន្ដែ លោក​ពេត្រុស​ចាប់​ផ្តើម​ពន្យល់​រឿង​នោះ​ប្រាប់​គេ តាម​លំដាប់​ថា៖ «កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្រុង​យ៉ុប‌ប៉េ ខ្ញុំ​លង់​ស្មារតី​ទៅ ឃើញ​និមិត្ត​មួយ។ មាន​វត្ថុ​ម្យ៉ាង​ដូច​ជា​កម្រាល​មួយ​យ៉ាង​ធំ មាន​ចង​ជ្រុង​ទាំង​បួន សម្រូត​ចុះ​ពី​លើ​មេឃ​មកដល់​ខ្ញុំ។ ពេល​ខ្ញុំ​សម្លឹង​មើល​យ៉ាង​ដិត​ដល់ ខ្ញុំ​ឃើញ​មាន​សត្វ​ជើង​បួន សត្វ​ព្រៃ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស។ ខ្ញុំ​ក៏​ឮ​ព្រះ​សូរសៀង​មួយ​បន្លឺ​មក​ខ្ញុំ​ថា៖ "ពេត្រុស​អើយ ចូរ​ក្រោក​ឡើង សម្លាប់ ហើយ​បរិ‌ភោគ​ទៅ!"។ ប៉ុន្ដែ ខ្ញុំ​ទូល​ថា៖ "ទេ ព្រះ‌អម្ចាស់ ទូល​បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​មិន​ស្អាត មិន​បរិសុទ្ធ ចូល​មក​ក្នុង​មាត់​ទូល​បង្គំ​ឡើយ"។ ប៉ុន្ដែ ព្រះ​សូរសៀង​នោះក៏​បន្លឺ​ពី​លើ​មេឃ​មក​ម្តង​ទៀត​ថា៖ "អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!"។ ហេតុ‌ការណ៍​នោះ​បាន​កើត​ឡើង​បី​ដង រួច​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។ ពេលនោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេ‌សារា​ឲ្យ​មក​រក​ខ្ញុំ ក៏​បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា‌មួយ​គេ កុំ​ឲ្យ​ប្រកាន់​ឡើយ។ បង‌ប្អូន​ទាំង​ប្រាំមួយ​នាក់​នេះក៏​បាន​ទៅ​ជា‌មួយ​ខ្ញុំ​ដែរ ហើយ​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក។ លោក​បាន​រៀប​រាប់​ប្រាប់​យើង​ពី​ដំណើរ​ដែល​លោក​បាន​ឃើញ​ទេវតា​ឈរ​ក្នុង​ផ្ទះ ប្រាប់​លោក​ថា៖ "ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ ហៅ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​មក គាត់​នឹង​ប្រកាសព្រះ​បន្ទូលឲ្យ​លោក​ស្តាប់​សេចក្តីដែល​នឹង​សង្គ្រោះ​លោក និង​ក្រុម​គ្រួ​សារ​របស់​លោក​ទាំង​មូល"។ ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួកគេ ដូចព្រះ‌អង្គ​បាន​សណ្ឋិត​លើ​យើង កាល​ពីដំបូងនោះ​ដែរ។ ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ពី​ការដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា "លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ"។ ដូច្នេះ បើ​ព្រះ​បាន​ប្រទាន​អំណោយ‌ទានដល់​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង នៅ​ពេល​យើង​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទដែរ​នោះ តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​ឃាត់​ឃាំង​ព្រះ​បាន?» កាល​គេ​បាន​ឮសេចក្ដី​ទាំង​នេះ គេក៏​ស្ងាត់​មាត់ ហើយ​បែរ​ជា​លើក​តម្កើង​ព្រះ ដោយ​ពោល​ថា "ដូច្នេះ សូម្បី​តែ​សាសន៍​ដទៃ ក៏​ព្រះ​ប្រទាន​ឱកាស​ឲ្យ​ប្រែ​ចិត្ត ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎!"។

អាន កិច្ចការ 11