ពេលនោះ លោកពេត្រុសក៏ចាប់ផ្តើមមានប្រសាសន៍ថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺគ្រប់ទាំងសាសន៍ អ្នកណាដែលគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តសេចក្តីសុចរិត ព្រះអង្គទទួលអ្នកនោះ។ ព្រះបន្ទូល ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជនអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្ត តាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គជាព្រះអម្ចាស់លើទាំងអស់) អ្នករាល់គ្នាជ្រាបពីអ្វីដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ដោយចាប់ផ្ដើមពីស្រុកកាលីឡេ ក្រោយពីពិធីជ្រមុជទឹកដែលលោកយ៉ូហានបានប្រកាស ពីរបៀបដែលព្រះបានចាក់ប្រេងតាំងព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយព្រះចេស្តា ហើយព្រះអង្គបានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសអស់អ្នកដែលត្រូវអារក្សសង្កត់សង្កិនឲ្យបានជា ដ្បិតព្រះគង់ជាមួយព្រះអង្គ។ យើងជាបន្ទាល់អំពីការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ទាំងនៅស្រុករបស់ពួកសាសន៍យូដា និងនៅក្រុងយេរូសាឡិម។ ពួកគេបានធ្វើគុតព្រះអង្គ ដោយព្យួរព្រះអង្គនៅលើឈើ តែព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ហើយប្រោសប្រទានឲ្យព្រះអង្គបង្ហាញខ្លួន មិនមែនដល់មនុស្សទាំងអស់ទេ តែឲ្យយើងរាល់គ្នាដែលព្រះបានជ្រើសរើសធ្វើជាបន្ទាល់បានឃើញ គឺជាអ្នកដែលបានបរិភាគ និងបានផឹកជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់ប្រជាជន ហើយឲ្យធ្វើបន្ទាល់ថា ព្រះអង្គនេះហើយ ដែលព្រះបានចាក់ប្រេងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់។ ពួកហោរាសុទ្ធតែបានធ្វើបន្ទាល់ពីព្រះអង្គថា អស់អ្នកដែលជឿដល់ព្រះអង្គ នឹងបានទទួលការអត់ទោសឲ្យរួចពីបាប តាមរយៈព្រះនាមរបស់ព្រះអង្គ»។ កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើអស់អ្នកដែលកំពុងស្តាប់ព្រះបន្ទូល។ អ្នកជឿពីចំណោមពួកអ្នកកាត់ស្បែក ដែលមកជាមួយលោកពេត្រុស មានសេចក្ដីអស្ចារ្យជាខ្លាំង ដោយឃើញព្រះចាក់បង្ហូរអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធមកលើពួកសាសន៍ដទៃដែរ ដ្បិតគេបានឮអ្នកទាំងនោះនិយាយភាសាដទៃ ហើយលើកតម្កើងព្រះ។ ពេលនោះ លោកពេត្រុសប្រកាសថា៖ «តើអ្នកណាអាចឃាត់មិនឲ្យមនុស្សទាំងនេះទទួលពិធីជ្រមុជទឹកបាន? គេក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ»។ ដូច្នេះ លោកក៏បង្គាប់ឲ្យគេទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក គេសុំឲ្យលោកស្នាក់នៅជាមួយគេជាច្រើនថ្ងៃ។
អាន កិច្ចការ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 10:34-48
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ