២ ធីម៉ូថេ 4:1-8

២ ធីម៉ូថេ 4:1-8 គកស១៦

ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ និងនៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ហើយ​ដោយ​ការ​យាង​មក​របស់​ព្រះ‌អង្គ និង​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​ថា ចូរ​ប្រកាស​ព្រះ‌បន្ទូល ហើយ​ជំរុញ​ជានិច្ច ទោះ​ត្រូវ​ពេលក្ដី ខុស​ពេល​ក្តី ត្រូវ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន បន្ទោស ហើយ​ដាស់​តឿន ដោយ​ចិត្ត​អត់‌ធ្មត់ និង​បង្រៀន​គ្រប់​បែប​យ៉ាង។ ដ្បិត​នឹង​មាន​គ្រា​មួយ​មកដល់ ដែល​មនុស្ស​មិន​ទ្រាំទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត​របស់​គេ គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត ហើយ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។ តែឯ​អ្នក​វិញ ត្រូវ​មាន​គំនិត​នឹង​ធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់ ត្រូវ​ទ្រាំទ្រនឹង​ទុក្ខ​លំបាក ត្រូវ​ធ្វើ​ការ​ជាអ្នក​ប្រកាស​ដំណឹង​ល្អ ព្រម​ទាំង​បំពេញ​ការ‌ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង។ ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​ចាក់​បង្ហូរ ដូច​ជា​តង្វាយ​ច្រួច ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ។ ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​បញ្ចប់​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ហើយ​ខ្ញុំ​នៅ​តែ​រក្សា​ជំនឿ​ជាប់​ដដែល។ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​សម្រាប់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ ហើយ​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះ‌អង្គ​នោះ​ដែរ។

អាន ២ ធីម៉ូថេ 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ធីម៉ូថេ 4:1-8