២ ធីម៉ូថេ 3
3
ព្រឹត្ដិការណ៍នៅគ្រាចុងក្រោយ
1ប៉ុន្ដែ ត្រូវដឹងដូច្នេះថា នៅថ្ងៃចុងក្រោយបង្អស់នឹងមានគ្រាលំបាក 2ដ្បិតមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនមានចិត្តបរិសុទ្ធ 3ជាមនុស្សគ្មានចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត មានចិត្តសាហាវ ស្អប់អំពើល្អ 4ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះ 5គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ។ ចូរចៀសចេញពីមនុស្សប្រភេទនោះទៅ។ 6ដ្បិតក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះលបចូលទៅក្នុងផ្ទះគេ ហើយទាក់យកស្ត្រីឆោតៗ ទាំងផ្ទុកដោយអំពើបាប ក៏បណ្តោយតាមសេចក្ដីប៉ងប្រាថ្នាគ្រប់បែបយ៉ាង 7គេរៀនជានិច្ច ប៉ុន្តែ នៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ 8គេជាអ្នកប្រឆាំងនឹងសេចក្ដីពិត ដូចយ៉ានេស និងយ៉ាមប្រេស បានប្រឆាំងនឹងលោកម៉ូសេដែរ គេជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងជំនឿ។ 9ប៉ុន្តែ គេមិនអាចទៅមុខបានឆ្ងាយប៉ុន្មានឡើយ ដ្បិតមនុស្សទាំងអស់នឹងឃើញគំនិតលេលារបស់គេយ៉ាងច្បាស់ ដូចគេបានឃើញគំនិតលេលារបស់អ្នកទាំងពីរនោះដែរ។
លោកប៉ុលរំឭកដាស់តឿនលោកធីម៉ូថេ
10ឥឡូវនេះ អ្នកបានស្គាល់សេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយារបស់ខ្ញុំ បំណងចិត្ត ជំនឿ ការអត់ធ្មត់ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ 11ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។ 12អស់អ្នកដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេរបៀតបៀនដូច្នេះឯង 13រីឯមនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ ទាំងនាំមនុស្សឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ 14តែឯអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយបានជឿយ៉ាងមាំនោះចុះ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា 15ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ 16គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត 17ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។
ទើបបានជ្រើសរើសហើយ៖
២ ធីម៉ូថេ 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies