២ ធីម៉ូថេ 2:1-11

២ ធីម៉ូថេ 2:1-11 គកស១៦

ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង​ដោយ‌សារ​ព្រះ‌គុណ​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ហើយ​អ្វី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះ​ត្រង់ ដែល​មាន​សមត្ថ​ភាព​អាច​បង្រៀន​អ្នក​ផ្សេង​ទៀត​បាន​ដែរ។ ដូច្នេះ ចូរ​រួម​ទុក្ខ​លំបាក ដូច​ទាហាន​ដ៏​ល្អ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ចុះ។ ធម្មតា​អ្នក​ដែល​ធ្វើ​ទាហាន មិន​ជាប់​ទាក់‌ទិន​នឹង​កិច្ច​ការ​ក្នុង​ជីវិត​នេះ​ទេ ព្រោះ​គាត់​ខំ​ឲ្យ​បាន​គាប់​ចិត្ត​ដល់​អ្នកដែល​កេណ្ឌ​ខ្លួន។ ឯ​កីឡា​ករ​វិញ មិន​បាន​ទទួល​ពាក់​ភួង​ជ័យ​ឡើយ លុះ​ត្រា​តែ​គេ​ប្រកួត​តាម​ច្បាប់។ កសិករដែល​ធ្វើ​ការ​នឿយ​ហត់ ជា​អ្នកដែល​ត្រូវ​ទទួល​ផល​មុន​គេ។ ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​យោបល់​ក្នុង​គ្រប់​ការ​ទាំង​អស់។ ចូរ​នឹក​ចាំ​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​រាជវង្សព្រះ​បាទ​ដាវីឌ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស ដ្បិត​ខ្ញុំ​រង​ទុក្ខលំបាក ទាំង​ជាប់​ចំណង​ដូច​មនុស្ស​អាក្រក់ ព្រោះ​តែ​ដំណឹង​ល្អ​នេះ ប៉ុន្តែ ព្រះ‌បន្ទូលរបស់​ព្រះ​មិន​បាន​ជាប់​ចំណង​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស៊ូទ្រាំ​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​យល់​ដល់​ពួក​រើស​តាំង ដើម្បី​ឲ្យ​គេ​បានការ​សង្គ្រោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ទាំង​មាន​សិរី‌ល្អ​នៅ​អស់​កល្ប​ជានិច្ច។ ពាក្យ​នេះ​ពិត​ប្រាកដ​មែន គឺ​ថា ប្រសិន‌បើ​យើង​បាន​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ក៏​នឹង​រស់​ជា​មួយ​ព្រះ‌អង្គ​ដែរ។

អាន ២ ធីម៉ូថេ 2