២ ថែស្សាឡូនីច 1:1-12

២ ថែស្សាឡូនីច 1:1-12 គកស១៦

ប៉ុល ស៊ីល‌វ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ បង‌ប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច​អំពី​អ្នក​រាល់​គ្នា ដ្បិត​ជា​ការ​ត្រឹម‌ត្រូវ ព្រោះ​ជំនឿ​របស់​អ្នក​រាល់​គ្នា​កំពុង​តែ​ចម្រើន​ឡើងយ៉ាង​ខ្លាំង ហើយ​សេចក្ដីស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ចម្រើន​ឡើង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អួតអំ​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុម​ជំនុំទាំងឡាយ​របស់​ព្រះ អំពី​សេចក្ដី​ខ្ជាប់‌ខ្ជួន និង​ជំនឿរបស់​អ្នក​រាល់​គ្នា ទោះ​ជា​អ្នក​រាល់​គ្នា​ត្រូវ​រង​ទ្រាំ​ការ​បៀត‌បៀន និង​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ក៏​ដោយ។ នេះ​ជា​ភស្តុ‌តាងអំ​ពី​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​ស័ក្ដិ‌សម​នឹង​ព្រះរាជ្យ​របស់​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ​លំបាកដោយ​ព្រោះ​ព្រះរាជ្យ​នេះ​ឯង។ ដ្បិត​នេះ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​ទ្រង់​នឹង​សង​សេចក្ដី​វេទនា ដល់​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា ហើយ​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សម្រាក​ជា​មួយ​យើង​វិញ នៅ​ពេល​ព្រះ‌អម្ចាស់‌យេស៊ូវ​លេច​មក​ពី​ស្ថាន‌សួគ៌ ជា​មួយ​ពួក​ទេវតា​ដ៏​មាន​ឫទ្ធានុភាព​របស់​ព្រះ‌អង្គ នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សង​សឹក​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អស់​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អរបស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ គេ​នឹង​ទទួល​ទោស​ជា​សេចក្ដី​អន្តរាយ​អស់​កល្ប​ជា‌និច្ច គឺ​ឃ្លាត​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ និង​ពី​សិរី‌ល្អ​នៃឫទ្ធានុភាព​របស់​ព្រះ‌អង្គ នៅ​ពេល​ព្រះ‌អង្គ​យាង​មក ដើម្បី​ទទួល​សិរីល្អ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​នៅ​ថ្ងៃ​នោះ អស់​អ្នក​ដែល​ជឿនឹង​មានចិត្ត​ស្ញប់​ស្ញែង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជឿ​ទី​បន្ទាល់​របស់​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ​នៃ​យើងបានរាប់​អ្នក​រាល់​គ្នា​ជា​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ ហើយ​ឲ្យ​បាន​បំពេញ​គ្រប់​ទាំង​បំណង​សម្រាប់​ការ​ល្អ និង​កិច្ច​ការ​ដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​តម្កើង​ឡើង​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌អង្គ​ដែរ តាម​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ថែស្សាឡូនីច 1:1-12