ពេលស្តេចបានគង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីសម្រាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស ស្ដេចមានរាជឱង្ការទៅហោរាណាថាន់ថា៖ «មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហិបរបស់ព្រះមានតែក្រណាត់សំពត់បាំងប៉ុណ្ណោះ»។ ណាថាន់ទូលឆ្លើយថា៖ «សូមព្រះករុណាធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នា ដែលនៅក្នុងព្រះហឫទ័យចុះ ដ្បិតព្រះយេហូវ៉ាគង់ជាមួយទ្រង់ហើយ»។ តែនៅវេលាយប់នោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ណាថាន់ថា៖ «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើយើងថា "ព្រះយេហូវ៉ាបានសួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យយើងនៅឬ? យើងមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលយើងបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក រហូតដល់សព្វថ្ងៃនេះ គឺយើងបាននៅតែក្នុងត្រសាល និងក្នុងរោងឧបោសថទេ។ នៅគ្រប់ទីកន្លែងដែលយើងបានដើរជាមួយពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើយើងដែលនិយាយមួយម៉ាត់ ទៅកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលណាមួយ ដែលយើងបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងថា "ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានស្អាងវិហារពីឈើតាត្រៅឲ្យយើងឬទេ?" ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបម្រើយើងឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលយ៉ាងនេះ យើងបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងបាននៅជាមួយឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ យើងបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី។ យើងបានតម្រូវទីកន្លែងមួយ ឲ្យពួកអ៊ីស្រាអែលជាប្រជារាស្ត្រយើង ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេដូចកាលពីដើមទេ ឬដូចនៅគ្រាដែលយើងបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងនោះឡើយ យើងបានប្រោសឲ្យឯងបានសម្រាក រួចពីពួកខ្មាំងសត្រូវឯងទាំងអស់ហើយ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាមានព្រះបន្ទូលឲ្យព្រះរាជាជ្រាបថា ទ្រង់នឹងតាំងព្រះវង្សាព្រះករុណាឡើង។ កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយបុព្វបុរសឯង នោះយើងនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យឡើងសោយរាជ្យជំនួសឯង ហើយយើងនឹងតាំងរាជ្យគេឲ្យខ្ជាប់ខ្ជួនឡើង គឺវាដែលនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង ហើយយើងនឹងតាំងបល្ល័ង្កនៃរាជ្យរបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។ យើងនឹងធ្វើជាឪពុកដល់គេ ហើយគេនឹងបានជាកូនរបស់យើង បើកាលណាគេប្រព្រឹត្តការទុច្ចរិត នោះយើងនឹងផ្ចាញ់ផ្ចាលគេដោយដំបងរបស់មនុស្ស ហើយនិងស្នាមរំពាត់របស់ពួកមនុស្សជាតិ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង មិនដែលឃ្លាតចេញពីគេ ដូចជាយើងបានដកចេញពីស្ដេចសូល ដែលយើងបានចោលពីមុខឯងចេញនោះឡើយ ។ នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ"» ណាថាន់ក៏ទូលព្រះបាទដាវីឌ តាមគ្រប់ទាំងព្រះបន្ទូល ហើយតាមការជាក់ស្តែងទាំងនោះគ្រប់ជំពូក។ ព្រះបាទដាវីឌបានយាងចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទូលបង្គំជាអ្វី ហើយពូជពង្សទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ? ប៉ុន្តែ ឱព្រះអម្ចាស់យេហូវ៉ាអើយ នេះជាការយ៉ាងតូចនៅព្រះនេត្ររបស់ព្រះអង្គទេ បានជាព្រះអង្គមានព្រះបន្ទូលពីពូជពង្សរបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះអម្ចាស់យេហូវ៉ាអើយ តើរបៀបនេះមនុស្សអាចយល់ឬទេ? តើដាវីឌទូលបង្គំនេះ មានអ្វីទូលព្រះអង្គបានទៀត? ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គស្គាល់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គហើយ ព្រះអង្គបានធ្វើការយ៉ាងធំទាំងនេះ ឲ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានដឹង ដោយយល់ដល់ព្រះបន្ទូលរបស់ព្រះអង្គទេ ហើយក៏តាមព្រះហឫទ័យរបស់ព្រះអង្គដែរ។ ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ព្រះអង្គធំណាស់ គ្មានអ្នកណាស្មើនឹងព្រះអង្គឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីព្រះអង្គដែរ។ តើមានសាសន៍ណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះបានយាងទៅ លោះចេញ ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យបានល្បីឈ្មោះ និងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសម្រាប់ស្រុកគេ នៅមុខប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះអង្គបានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ និងព្រះរបស់គេផង។ ព្រះអង្គក៏បានតាំងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ជារៀងរហូតតទៅ ហើយព្រះអង្គ ឱព្រះយេហូវ៉ាអើយ ទ្រង់បានធ្វើជាព្រះដល់គេដែរ។ ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមបញ្ជាប់ព្រះបន្ទូល ដែលព្រះអង្គបានមានព្រះបន្ទូលពីដំណើរទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយពីពូជពង្សរបស់ទូលបង្គំ ឲ្យបានជាប់ជានិច្ចតទៅមុខ សូមទ្រង់ធ្វើសម្រេច ដូចជាព្រះអង្គបានមានព្រះបន្ទូលមកនោះចុះ សូមឲ្យព្រះនាមព្រះអង្គបានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះអង្គ។ បពិត្រ ឱព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ព្រះអង្គបានសម្ដែងឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គបានដឹងហើយ ដោយព្រះបន្ទូលថា "យើងនឹងតាំងវង្សាឯងឡើង" ហេតុដូច្នេះបានជាទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តក្លាហាននឹងហ៊ានអធិស្ឋានពាក្យទាំងនេះ ទូលដល់ព្រះអង្គ។ ឥឡូវនេះ ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជាព្រះពិត ហើយព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែពិតត្រង់ ព្រះអង្គបានមានព្រះបន្ទូលពីព្រះគុណនេះមកទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដូច្នេះ សូមព្រះអង្គសព្វព្រះហឫទ័យ និងប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះព្រះអង្គជារៀងរហូត ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានសន្យាហើយ ដូច្នេះ ដោយសារព្រះពរព្រះអង្គ នោះពូជពង្សរបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ នឹងបានពរនៅអស់កល្បជានិច្ច»។
អាន ២ សាំយូអែល 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 7:1-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ