បន្ទាប់មក ព្រះបាទដាវីឌប្រមូលមនុស្សទាំងអស់ ជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួនបីម៉ឺននាក់ ព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីយកហិបរបស់ព្រះឡើងមក ជាហិបដែលគេហៅតាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្ដាលចេរូប៊ីម។ គេដាក់ហិបរបស់ព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំ។ អ៊ុសា និងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។ គេយករទេះដែលដឹកហិបរបស់ព្រះ ចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហិបផង។ ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ គេលេងភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា និងឈិង នៅចំពោះព្រះយេហូវ៉ា។ នៅពេលគេបានទៅដល់លានស្រូវរបស់ណាកុន អ៊ុសាបានលូកដៃទៅចាប់ទប់ហិបរបស់ព្រះ ដោយព្រោះគោកញ្ជ្រោលធ្វើឲ្យហិបនោះចង់ធ្លាក់។ ពេលនោះ ព្រះយេហូវ៉ាខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះ។ ឯព្រះបាទដាវីឌខ្ញាល់យ៉ាងខ្លាំង ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសា រួចទ្រង់ហៅកន្លែងនោះថា ពេរេស-អ៊ុសា រហូតដល់សព្វថ្ងៃនេះ។ នៅថ្ងៃនោះ ព្រះបាទដាវីឌកោតខ្លាចព្រះយេហូវ៉ា ហើយមានរាជឱង្ការថា៖ «ធ្វើដូចម្តេចឲ្យហិបនៃព្រះយេហូវ៉ាចូលមកវិញបាន?» យ៉ាងនោះ ព្រះបាទដាវីឌបែរជាមិនបាននាំយកហិបនៃព្រះយេហូវ៉ា ចូលទៅក្នុងក្រុងរបស់ដាវីឌទេ គឺទង់យកទៅដាក់នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ជាអ្នកមកពីក្រុងកាថវិញ។ ហិបរបស់ព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ក្រុងកាថានោះរយៈពេលបីខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដុម ព្រមទាំងគ្រួសារគាត់ទាំងអស់គ្នា។ មានគេក្រាបទូលដល់ព្រះបាទដាវីឌថា៖ «ព្រះយេហូវ៉ាបានប្រទានពរដល់គ្រួសារអូបិឌ-អេដុម និងអ្វីៗទាំងអស់របស់គាត់ ដោយព្រោះហិបរបស់ព្រះ»។ ដូច្នេះ ព្រះបាទដាវីឌក៏យាងទៅយកហិបរបស់ព្រះពីផ្ទះអូបិឌ-អេដុម ចូលមកក្នុងក្រុងរបស់ព្រះករុណាវិញដោយអំណរ។ កាលពួកអ្នកដែលសែងហិបរបស់ព្រះយេហូវ៉ាដើរទៅបានប្រាំមួយជំហាន ទ្រង់ថ្វាយគោឈ្មោលមួយ និងកូនគោមួយយ៉ាងធាត់។ ព្រះបាទដាវីឌលោតកញ្ឆេងអស់ពីកម្លាំងនៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស។ ព្រះបាទដាវីឌ និងជំនួរវង្សនៃសាសន៍អ៊ីស្រាអែលទាំងអស់ បានយកហិបរបស់ព្រះយេហូវ៉ាឡើងមកដោយសំឡេងហ៊ោ និងសូរផ្លុំត្រែផង។ ពេលដែលហិបនៃព្រះយេហូវ៉ាចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីរបស់ស្ដេចសូល ក៏ទតតាមបង្អួចទៅឃើញព្រះបាទដាវីឌ កំពុងតែហក់លោកកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងមានចិត្តប្រមាថមើលងាយដល់ទ្រង់។ គេយកហិបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្ដាលត្រសាល ដែលដាវីឌបានដំឡើងសម្រាប់ហិបនោះ រួចទ្រង់ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា លុះបានថ្វាយតង្វាយដុត និងតង្វាយមេត្រីរួចហើយ ទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ រួចទ្រង់ចែកនំបុ័ងមួយដុំ សាច់មួយដុំ និងផ្លែទំពាំងបាយជូរមួយផែន ដល់ប្រជាជនទាំងឡាយ គឺដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងប្រុសទាំងស្រីផង ដូច្នេះ ប្រជាជនក៏ត្រឡប់ទៅឯលំនៅរបស់គេរៀងខ្លួនវិញ។ បន្ទាប់មក ព្រះបាទដាវីឌយាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីរបស់ស្ដេចសូលនាងចេញមកទទួលទ្រង់ ទូលថា៖ «នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែលមានសេចក្ដីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបម្រើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ»។ ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសយើងជាជាងបិតាឯង និងវង្សារបស់ឯងទាំងអស់គ្នាដែរ ដើម្បីនាំតាំងយើងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាយើងលេងសប្បាយនៅចំពោះព្រះយេហូវ៉ា ហើយ និងចេះតែប្រព្រឹត្តអាក្រក់ជាងនោះទៅទៀត ព្រមទាំងបានទាបថោកដល់ភ្នែកខ្លួនយើងផង តែចំណែកពួកស្រីបម្រើដែលឯងបាននិយាយនោះ គេនឹងលើកសរសើរដល់យើងវិញ»។
អាន ២ សាំយូអែល 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 6:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ