២ សាំ‌យូ‌អែល 6

6
ព្រះបាទ​ដាវីឌ​ដង្ហែ​ហិប​សញ្ញា​ចូល​ក្រុង​យេរូ‌សាឡិម
1បន្ទាប់​មក ព្រះបាទ​ដាវីឌ​ប្រមូល​មនុស្ស​ទាំង​អស់ ជ្រើស​រើស​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ម្តង​ទៀត បាន​ចំនួន​បី​ម៉ឺន​នាក់ 2ព្រះបាទ​ដាវីឌ ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​ប្អាលេ-យូដា ដើម្បី​យក​ហិប​របស់​ព្រះ​ឡើង​មក ជា​ហិប​ដែល​គេ​ហៅ​តាម​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម។ 3គេ​ដាក់​ហិប​របស់​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ។ អ៊ុសា និង​អ័ហ៊ីយ៉ូរ​ជា​កូន​អ័ប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។ 4គេ​យក​រទេះ​ដែល​ដឹក​ហិប​របស់​ព្រះ ចេញ​ពី​ផ្ទះ​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ​នោះ​ទៅ មាន​អ័ហ៊ីយ៉ូរ​ដើរ​ខាង​មុខ​ហិប​ផង។ 5ព្រះបាទ​ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​លេង​ភ្លេង​គ្រប់​មុខ ដែល​ធ្វើ​ពី​ឈើ​កកោះ គឺ​ស៊ុង ពិណ ក្រាប់ រុម្មនា និង​ឈិង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។
6នៅ​ពេល​គេ​បាន​ទៅ​ដល់​លាន​ស្រូវ​របស់​ណាកុន អ៊ុសា​បាន​លូក​ដៃ​ទៅ​ចាប់​ទប់​ហិប​របស់​ព្រះ ដោយ​ព្រោះ​គោ​កញ្ជ្រោល​ធ្វើ​ឲ្យ​ហិប​នោះ​ចង់​ធ្លាក់។ 7ពេល​នោះ ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​អ៊ុសា ក៏​ប្រហារ​គាត់​នៅ​ទី​នោះ ដោយ​កំហុស​របស់​គាត់ ហើយ​គាត់​ស្លាប់​នៅ​ទី​នោះ ជិត​ហិប​នៃ​ព្រះ។ 8ឯ​ព្រះបាទ​ដាវីឌ​ខ្ញាល់​យ៉ាង​ខ្លាំង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា រួច​ទ្រង់​ហៅ​កន្លែង​នោះ​ថា ពេរេស-អ៊ុសា រហូតដល់​សព្វ​ថ្ងៃ​នេះ។ 9នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​វិញ​បាន?» 10យ៉ាង​នោះ ព្រះបាទ​ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ក្នុង​ក្រុង​របស់​ដាវីឌ​ទេ គឺ​ទង់​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដុម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ។ 11ហិប​របស់​ព្រះ‌យេហូវ៉ា​ក៏​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដុម ក្រុង​កាថា​នោះរយៈ​ពេល​បី​ខែ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​អូបិឌ-អេដុម ព្រម​ទាំង​គ្រួសារ​គាត់​ទាំង​អស់​គ្នា។
12មាន​គេ​ក្រាប​ទូល​ដល់​ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​អូបិឌ-អេដុម និង​អ្វីៗ​ទាំងអស់​របស់​គាត់ ដោយ​ព្រោះ​ហិបរបស់​ព្រះ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​យក​ហិប​របស់​ព្រះ​ពី​ផ្ទះ​អូបិឌ-អេដុម ចូល​មក​ក្នុង​ក្រុង​របស់​ព្រះករុណា​វិញ​ដោយ​អំណរ។ 13កាល​ពួក​អ្នក​ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​ប្រាំមួយ​ជំហាន ទ្រង់​ថ្វាយ​គោ​ឈ្មោល​មួយ និង​កូន​គោ​មួយ​យ៉ាង​ធាត់។ 14ព្រះបាទ​ដាវីឌ​លោត​កញ្ឆេង​អស់​ពី​កម្លាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត​ទេស។ 15ព្រះបាទ​ដាវីឌ និង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ បាន​យក​ហិប​របស់​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ និង​សូរ​ផ្លុំ​ត្រែ​ផង។
16ពេល​ដែល​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ព្រះបាទ​ដាវីឌ កំពុង​តែ​ហក់​លោក​កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​មាន​ចិត្ត​ប្រមាថ​មើល​ងាយ​ដល់​ទ្រង់។
17គេ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀបចំ ត្រង់​កណ្ដាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សម្រាប់​ហិប​នោះ រួច​ទ្រង់​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 18លុះ​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​រួច​ហើយ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ 19រួច​ទ្រង់​ចែក​នំបុ័ង​មួយ​ដុំ សាច់​មួយ​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​មួយ​ផែន ដល់​ប្រជាជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី​ផង ដូច្នេះ ប្រជាជន​ក៏​ត្រឡប់​ទៅ​ឯ​លំ​នៅ​របស់​គេ​រៀង​ខ្លួន​វិញ។
20បន្ទាប់មក ព្រះបាទ​ដាវីឌ​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់ ដើម្បី​ឲ្យ​ពរ​ដល់​ពួក​ដំណាក់​ទ្រង់ នោះ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល​នាង​ចេញ​មក​ទទួល​ទ្រង់ ទូល​ថា៖ «នៅ​ថ្ងៃ​នេះ ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​សេចក្ដី​រុងរឿង​ឧត្តម​អី​ម៉្លេះ​ទេ ដោយ​បាន​បើក​ឲ្យ​អង្គ​ទ្រង់​អាក្រាត​នៅ​មុខ​ពួក​ស្រី​បម្រើ​របស់​ពួក​មហា‌តលិក​ទ្រង់​នៅ​ថ្ងៃ​នេះ បែប​ដូច​ជា​មនុស្ស​ចោល‌ម្សៀត​ណា​មួយ​ដែល​បើក​ឲ្យ​ខ្លួន​អាក្រាត​ដូច្នេះ»។ 21ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «នោះ​គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ ជា​ព្រះ​ដែល​បាន​រើស​យើង​ជា​ជាង​បិតា​ឯង និង​វង្សា​របស់​ឯង​ទាំង​អស់​គ្នា​ដែរ ដើម្បី​នាំ​តាំង​យើង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហេតុ​ដូច្នេះ​បាន​ជា​យើង​លេង​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 22ហើយ និង​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​ជាង​នោះ​ទៅ​ទៀត ព្រម​ទាំង​បាន​ទាប​ថោក​ដល់​ភ្នែក​ខ្លួន​យើង​ផង តែ​ចំណែក​ពួក​ស្រី​បម្រើ​ដែល​ឯង​បាន​និយាយ​នោះ គេ​នឹង​លើក​សរសើរ​ដល់​យើង​វិញ»។ 23ដូច្នេះ មីកាល​ជា​បុត្រី​របស់​ស្ដេចសូល នាង​ឥត​មាន​បុត្រ​ឡើយ រហូត​ដល់​អស់​ជីវិត។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល