២ សាំ‌យូ‌អែល 5:11-25

២ សាំ‌យូ‌អែល 5:11-25 គកស១៦

រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ចាត់​សារ​ទៅ​ឲ្យ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម និង​ឈើ​តា‌ត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​លើក​តម្កើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ គ្រា​ដែល​បាន​មក​ពី​ហេប្រុន​ហើយ នោះ​ដាវីឌ​យក​ស្រី​អ្នក​ម្នាង និង​ភរិយា ពី​ពួក​ក្រុង​យេរូ‌សាឡិម​ថែម​ទៀត ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ច្រើន​ឡើង។ ឯ​បុត្រា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម មាន​នាម​ដូច្នេះ គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន យីបហារ អេលីសួរ នេផេក យ៉ាភា អេលី‌សាម៉ា អេលាដា និង​អេលី‌ផាលេត។ កាល​សាសន៍​ភីលី‌ស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់​ឡើង​មក​រក​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ជម្រក​លាក់​ខ្លួន។ ឯ​ពួក​ភីលី‌ស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម។ ព្រះបាទ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ឬ? តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូល‌បង្គំ​ឬ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ឡើង​ទៅ​ចុះ ដ្បិត​យើង​នឹង​ប្រគល់​ពួក​ភីលី‌ស្ទីន​មក​ក្នុង​ដៃ​របស់​អ្នក​ហើយ»។ ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​បាល-ពេរ៉ាស៊ីម ហើយ​ក៏​ប្រហារ​ពួក​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ទម្លាយ មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ជា​ទឹក​ធ្លាយ​ទំនប់» ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ាស៊ីម ។ គេ​ក៏​បោះចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ ហើយ​ដាវីឌ និង​ពួក​ទ័ព​បាន​ប្រមូល​យក​ទាំង​អស់​ទៅ។ ក្រោយ​នោះ ពួក​ភីលី‌ស្ទីន​ក៏​ឡើង​មក​រាយ​ទ័ព​របស់​គេ ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម​ម្តង​ទៀត។ ពេល​ព្រះបាទ​ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហាម​ថា៖ «កុំ​ឡើង​ទៅ​ឡើយ ត្រូវ​វាង​ទៅ​ពី​ខាង​ក្រោយ ហើយ​ចូល​ទៅ​គេ​ពី​ខាង​ចម្ការ​មក​វិញ។ កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ចូរ​ឲ្យ​ឯង​ប្រញាប់‌ប្រញាល់​ឡើង ដ្បិត​គឺ​វេលា​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ចំពោះ​មុខ​ឯង ដើម្បី​ប្រហារ​ពួក​ទ័ព​ភីលី‌ស្ទីន»។ ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​យ៉ាង​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ស្តេច​បាន​ប្រហារ​ពួក​ភីលី‌ស្ទីន ចាប់​ពី​ក្រុង​កេបា​រហូត​ទៅ​ដល់​ក្រុង​កេស៊ើរ។